សហព័ន្ធរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ៣ ខែមិនា នៅទីក្រុងហាណូយ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក V.Titov អនុរដ្ឋមន្ត្រីការបរទេសទីមួយនៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រការបរទេស-ការពារជាតិ-សន្តិសុខ វៀតណាម-សហព័ន្ធរុស្ស៊ី លើកទី ១៣។
លោក Bui Thanh Son បានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដែលត្រូវបានកសាងដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា រុស្ស៊ីគឺជាដៃគូមួយក្នុងចំណោមដៃគូអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
    |
 |
លោក Bui Thanh Son ទទួលជួបលោក Vladimir Titov (រូបថត៖ vnanet.vn) |
រីឯខ្លួនវិញ លោក V.Titov បានអះអាងថា សហព័ន្ធរុស្ស៊ីក៏យកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយវាយតំលៃខ្ពស់ចំពោះការជឿទុកចិត្តនយោបាយ និងការផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់នៅគ្រប់លំដាប់ថ្នាក់រវាងប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងវៀតណាម និងរុស្ស៊ីនាពេលកន្លងមកនេះ។
ភាគីទាំងពីរបានឯកភាពបន្តសហការក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីនិយាយរួម និងរវាងក្រសួងការបរទេសទាំងពីរនិយាយដោយឡែក ដើម្បីសម្រេចបានលទ្ធផលជាសំខាន់ ជាពិសេសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដោះស្រាយឧបសគ្គដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ-បណ្តុះបណ្តាល រួមចំណែកដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕
បកប្រែដោយ Thuy Anh