វៀតណាម - EU សន្យារួមគ្នា ជម្រុញវិបុលភាពប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន
កប.អនឡាញ - នាថ្ងៃទី ១០ ខែវិច្ឆិកា ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការចម្រុះវៀតណាម - EU ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូ និងសហប្រតិបត្តិការវៀតណាម - EU (PCA) បានប្រព្រឹត្តទៅនៅទីក្រុង Brussels (បែលហ្សិក)។
ភាគី EU បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការក្លាយជាប្រទេសអព្យាក្រឹតកាបូនក្នុងក្របខ័ណ្ឌភាពជាដៃគូផ្លាស់ប្តូរថាមពលដោយ សមធម៌ (JETP)។ ក្របខ័ណ្ឌនេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវៀតណាម និងដៃគូអន្តរជាតិ ដើម្បីគាំទ្រការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងបង្កើនភាពធន់នឹងអាកាសធាតុរបស់វៀតណាម។ JETP នឹងជំរុញការវិនិយោគដើម្បីកាត់បន្ថយការបំភាយកាបូននៅក្នុងប្រព័ន្ធថាមពលរបស់វៀតណាម រួមចំណែកក្នុងរបៀបវារៈអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ វៀតណាម និង EU នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តផែនការគៀរគរធនធាន JETP ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ដើម្បីឱ្យការធ្វើបរិវត្តកម្មប្រកបដោយយុត្តិធម៌ ត្រូវការពិគ្រោះយោបល់ជាប្រចាំជាមួយប្រព័ន្ធផ្សព្វផ្សាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីធានាបាននូវការឯកភាពសង្គមទូលំទូលាយ។
    |
 |
កិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការចម្រុះវៀតណាម - EU ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូ និងសហប្រតិបត្តិការវៀតណាម - EU (PCA) |
ភាគីវៀតណាម និងភាគី EU បានផ្លាស់ប្តូរយោបល់លើការបញ្ហាសន្តិសុខនាពេលថ្មីៗនេះ ហើយបានឯកភាពលើតម្រូវការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទាក់ទិននឹងអ៊ុយក្រែន ភាគីវៀតណាម និងភាគី EU បានរំលឹកឡើងវិញនូវទស្សនៈរបស់ភាគីនីមួយៗដូចដែលបានបង្ហាញក្នុងវេទិកាផ្សេងៗ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់សន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងនិរន្តរភាពនៅអ៊ុយក្រែន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ភាគីវៀតណាម និងភាគី EU បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងតម្រូវការគោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងមីយ៉ាន់ម៉ា ព្រមទាំងពិភាក្សាអំពីភាពជាដៃគូ EU-អាស៊ាន។ ទាក់ទិននឹងសមុទ្រខាងកើត ភាគីទាំងពីរបានសម្តែងការព្រួយបារម្មណ៍អំពីការវិវឌ្ឍនាពេលថ្មីៗនេះ ព្រមទាំងអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា គ្រប់ភាគីត្រូវតែគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ច្បាប់សមុទ្រ (UNCLOS) ១៩៨២៕
បកប្រែដោយ Duy Hoan