លោក Pham Minh Chinh នាយករដ្ឋមន្ត្រី៖ ផ្តោតលើការជំរុញកម្លាំងចលករកំណើនទាំង ៣ ដោះស្រាយការលំបាក និងឧបសគ្គសម្រាប់វិស័យផលិតកម្ម-អាជីវកម្ម
នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រដ្ឋាភិបាលបានបើកសម័យប្រជុំប្រចាំខែសីហា។
រាយការណ៍នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែកន្លងទៅ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនត្រូវបានជំរុញនិងតុល្យភាពសំខាន់ៗត្រូវបានធានា; អតិផរណាបន្តនិន្នាការថយចុះ; ការនាំចូលនិងនាំចេញរក្សាបាននូវសន្ទុះកើនឡើង។ ក្នុងរយៈពេល ៨ ខែ ទំហំនាំចេញសម្រេចបាន ២២៧,៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះអតិរេកពាណិជ្ជកម្មទទួលបានជាង ២០,២ ពាន់លានដុល្លារ។ វិស័យកសិកម្មបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាចំណុចភ្លឺនិងជាជើងទម្រដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចក្នុងគ្រាលំបាក។ ការនាំចេញកសិផលសរុបក្នុងរយៈពេល ៨ ខែសម្រេចបាន ៣៣,២ ពាន់លានដុល្លារអាមេរិក។ ទុនវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) សម្រេចបាន ១៨,១៥ ពាន់លានដុល្លារអាមេរិកកើនឡើង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
|
|
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) |
ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានតម្រូវឲ្យផ្តោតលើការជំរុញកម្លាំងចលករកំណើនទាំង ៣។ ទីមួយសម្រាប់ការវិនិយោគ គឺត្រូវតែជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ អនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កម្មវិធី និងគោលដៅជាតិ; ម្ចាស់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយមាន ការជ្រើសរើស និងធានាបាននូវគុណភាព។
ទីពីរ សម្រាប់ការនាំចេញគឺត្រូវតែរក្សាយ៉ាងរឹងមាំនិងពង្រឹងទីផ្សារប្រពៃណី ហើយពង្រីកទីផ្សារថ្មីយ៉ាងសកម្ម; កែលម្អគុណភាពផលិតផល សេវាកម្ម ដើម្បីបំពេញលក្ខខណ្ឌ និងស្តង់ដារថ្មីៗ ជាពិសេសស្តង់ដារបៃតង; ឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា; ជំរុញការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការសន្យានិងទំនាក់ទំនងពាណិជ្ជកម្មថ្មី ទន្ទឹមនឹងផ្តោតលើការអភិវឌ្ឍទីផ្សារក្នុងស្រុកយ៉ាងខ្លាំងក្លា។
ទីបីទាក់ទងនឹងការប្រតិបត្តិគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុគឺចាំបាច់ត្រូវបន្តអនុវត្តន៍គោលនយោបាយរូបិយវត្ថុដោយម្ចាស់ការ មានភាពបត់បែន ទាន់ពេលវេលានិងប្រសិទ្ធភាព; សម្របសម្រួលឱ្យបានស៊ីសង្វាក់គ្នា ស្អិតរមួត ស្របនឹងគោលនយោបាយសារពើពន្ធ និងគោលនយោបាយផ្សេងទៀត ដើម្បីផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនដោយផ្សាភ្ជាប់នឹងការ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យផ្តោតលើការអភិវឌ្ឍវិស័យ និងផ្នែកសំខាន់ៗដូចជា ឧស្សាហកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍។ បន្តផ្តោតលើការដោះស្រាយការលំបាក ឧបសគ្គ ការកែទម្រង់បែបបទរដ្ឋបាល និងការផ្លាស់ ប្តូរឌីជីថល; យកចិត្តទុកដាក់ដល់ការអភិវឌ្ឍវិស័យវប្បធម៌ សង្គម ធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស ហើយពង្រឹងការងារព័ត៌មាន និងទំនាក់ទំនងផងដែរ៕
តាម vovworld.vn