នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក លោកវាយតំលៃខ្ពស់ចំពោះភាគីទាំងពីរបានរក្សាជំនួបជាន់ខ្ពស់ក្នុងរយៈពេលកន្លងមក ជាពិសេសកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបគណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក ដឹកនាំដោយសមាជិកព្រឹទ្ធសភា Mike Crapo (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាល នវានុវត្តន៍និងការបរិវត្ដកម្មឌីជីថល ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; លោកបានស្នើឱ្យសមាជិកព្រឹទ្ធសភាគាំទ្រសហរដ្ឋអាមេរិកបើកទីផ្សារ បន្ធូរបន្ថាយការស៊ើបអង្កេតសម្រាប់តម្លៃទំនិញនិងការរឹតបន្តឹងលើការនាំចូលសម្រាប់ទំនិញវៀតណាម ជាពិសេសផលិតផលកសិផល រុក្ខាប្រមាញ់ និងនេសាទ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើរដ្ឋសភាសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយ​វៀតណាមក្នុងការជំនះពុះពារផលវិបាកនៃសង្គ្រាម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក។

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំងអស់បានសម្តែងការគាំទ្រចំពោះវៀតណាម “ខ្លាំងក្លា ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព” គោរពឯករាជ្យ អធិបតេយ្យភាព និងរបបនយោបាយរបស់វៀតណាម។ លោកបាននិយាយបន្ថែមថា លោកនឹងខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគឲ្យបានខ្លាំងក្លា គាំទ្រដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលប្រទេសទាំងពីរជាសមាជិក។ សមាជិកព្រឹទ្ធសភាទាំងអស់បានអះអាងគាំទ្រចំពោះគោលជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត; លោកបានសង្កត់ធ្ងន់លើភាពចាំបាច់រក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត៕

បកប្រែដោយ Pham Diep