នារសៀលថ្ងៃទី ២០ ខែឧសភា បន្ទាប់ពីចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ក្រោមអធិបតីភាពរបស់លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំ “កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិជាច្រើន” ដែលជាកិច្ចប្រជុំលើកដំបូងនៅកិច្ចប្រជុំកំពូល G7 បូក ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស G7 ប្រទេសភ្ញៀវចំនួន៨ និងអង្គការអន្តរជាតិធំៗមួយចំនួន។

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការជម្រុញ និងបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចសកលតាមទិសដៅបៃតង ស្អាត និងប្រកបដោយនិរន្តរភាព។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ស្នើឲ្យលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចសកល ជម្រុញកិច្ចសហការគោលនយោបាយ ជាពិសេសលើអត្រាការប្រាក់ ហិរញ្ញវត្ថុ-រូបិយប័ណ្ណ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ដោយមានតួនាទីមជ្ឈភាពរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ លោកវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកលរបស់ G7 (PGII) និងស្នើថា G7 បន្តជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ជាពិសេសផ្នែកដឹកជញ្ជូន។ ប្រមុខរដ្ឋាភិបាលវៀតណាម ថ្លែងសារមួយស្តីពីការជំរុញទំនាក់ទំនងភាពជាដៃគូជាសាកលប្រកបដោយជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន ព្រមទាំង ចាត់ទុកប្រជាជនគឺជាស្នូល កម្លាំងចលករ ធនធាន និងគោលដៅនៃការអភិវឌ្ឍ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូមកពីប្រទេសនានាចូលរួមសម័យពិភាក្សាស្តីពី "កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិជាច្រើន"

ក្នុងស្មារតីនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះសេចក្តីប្រកាសសកម្មភាព ហ៊ីរ៉ូស៊ីម៉ា ស្តីពីសន្តិសុខស្បៀង ខ្លួនទីពឹងខ្លួន ហើយស្នើថា G7 និងដៃគូជំរុញការបើកទីផ្សារកសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការកសិកម្មបៃតង បង្កើនការចូលរួម និងជួយគាំទ្រការអនុវត្តយន្តការសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងត្រីភាគីក្នុងការធានាសន្តិសុខស្បៀងអាហារសកល។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការជំរុញផលិតកម្មស្បៀង ដើម្បីរួមចំណែកក្នុងការអនុវត្តសេចក្តីប្រកាស ហ៊ីរ៉ូស៊ីម៉ា។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមជានិច្ចកាលជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ហើយរួមចំណែកយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមជាសកល ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់មនុស្សជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន។

*ក្នុងសម័យប្រជុំទីពីរនៃកិច្ចប្រជុំកំពូល G7 បូក ក្រោមប្រធានបទ "កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីភពផែនដីប្រកបដោយនិរន្តរភាព" ផ្តោតលើប្រធានបទសំខាន់ៗ រួមមាន ការបន្សាំទៅនឹងការរប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរទៅរកថាមពលប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន។

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រកបដោយចីរភាព ការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័ន និងការផ្លាស់ប្តូរថាមពលអាចសម្រេចបានតាមរយៈការប្រើប្រាស់ជាសកល និងក្នុងប្រជាជនទាំងមូល ពង្រឹងពហុភាគីនិយម ភាពខ្លួនទីពឹងខ្លួនរបស់ប្រទេសនីមួយៗ និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ។

លោកប្រមុខរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា ធនធានមនុស្ស វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករស្នូលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងអស់ និងគឺជាដំណោះស្រាយដើម្បីមានកំណើនលឿន និងនិរន្តរភាព។ លោកបានស្នើឲ្យប្រទេស G7 និងអង្គការអន្តរជាតិពង្រឹងការជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់សមត្ថភាពនៃរបប ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វិធីសាស្រ្តអភិបាលកិច្ច និងការកសាងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍថាមពលស្អាត។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការគាំទ្រចំពោះគំនិតផ្តួចផ្តើម "សហគមន៍ឧស្ម័នសូន្យអាស៊ី" (AZEC) របស់ជប៉ុន ហើយស្នើឲ្យប្រទេស G7 និងដៃគូបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូបរិវត្ដកម្មថាមពលដោយយុត្តិធម៌ (JETP) ប្រកបដោយប្រសិទ្ធភាព រួមចំណែកជួយវៀតណាមពង្រីកសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញក្នុងតំបន់ ចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មបន្ទាប់បន្សំលើវិស័យថាមពលស្អាត និងសេដ្ឋកិច្ចរង្វង់៕

បកប្រែដោយ Thuy Anh