នៅក្នុងជំនួបនេះ លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយគណបក្សកាន់អំណាច និងគណបក្សនយោបាយនៃប្រទេសទាំង​ឡាយ​ រួមទាំងការផ្លាស់ប្តូរទ្រឹស្តី និងគោលនយោបាយជាមួយគណបក្សទាំងឡាយ។ ដោយសម្តែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងគណបក្សទាំង​ពីរ​ និងប្រទេសទាំងពីរ លោក Nguyen Xuan Thang បានឯកភាព​ថា ភាគីទាំងពីរគួរតែរួមគ្នាខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់មនុស្សជាតិនិយាយរួម និងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិយាយដោយឡែក។ លោកស្នើឲ្យអាល្លឺម៉ង់បន្តយកចិត្តទុកដាក់ដល់ការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យធ្វើបរិវត្តកម្មថាមពល ការច្នៃប្រឌិតគំរូកំណើន និងការ​ប្រែប្រួល​អាកាសធាតុ។

leftcenterrightdel
លោក Nguyen Xuan Thang ទទួលជួបគណៈប្រតិភូជាន់ខ្ពស់ នៃគណបក្សឆ្វេងនិយមអាល្លឺម៉ង់ ដឹកនាំដោយ លោក Tobias Bank (រូបថត៖ vnanet.vn)

លោក Tobias Bank បានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោក Nguyen Xuan Thang អំពីអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូបានបន្តពង្រឹងការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងទំនាក់ទំនងមិត្តភាព​ជា​ប្រពៃណីរវាងគណបក្សទាំងពីរ រួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអាល្លឺម៉ង់។

* គួររំលឹកថា ភាគីទាំងពីរបានជួបពិភាក្សា និងរៀបចំកិច្ចសន្ទនាគោលនយោបាយលើកទី៣ ក្រោមអធិបតីភាពរបស់ លោក Le Hoai Trung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស និងលោក Tobias Bank។

ក្នុងកិច្ចសន្ទនាគោលនយោបាយ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្កើតគោលនយោបាយ ដើម្បីធានាបាននូវយុត្តិធម៌សង្គមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសនីមួយៗ និងស្ថានភាព ទិសដៅ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលកម្មាភិបាលរវាងគណបក្សឆ្វេងនិយមទាំងឡាយ។ ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់គណបក្សនីមួយៗ និងប្រទេសនីមួយៗ ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានឯកភាពលើវិធានការជំរុញទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan