វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុន AstraZeneca
កប.អនឡាញ - នារសៀលថ្ងៃទី៣១ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Pascal Soriot អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន AstraZeneca ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍លោក Pascal Soriot បានត្រឡប់មកវៀតណាមវិញបន្ទាប់ពី ២៥ ឆ្នាំដើម្បីមើលឃើញពីសមិទ្ធផលក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ សមិទ្ធិផលទាំងនេះមានការរួមចំណែកជាក់ស្តែងរបស់ប្រទេស និងអង្គការជាច្រើន រួមទាំងសម្ព័ន្ធក្រុមហ៊ុន AstraZeneca ដែលមិនត្រឹមតែផ្តល់វ៉ាក់សាំងទាន់ពេលវេលាប៉ុណ្ណោះទេ ថែមទាំងផ្តល់អាទិភាពដល់ប្រទេសវៀតណាមទៀតផង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមនឹងមិនដែលបំភ្លេចការចែករំលែក និងជំនួយដ៏មានតម្លៃរបស់ AstraZeneca ចំពោះវៀតណាមឡើយ។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Pascal Soriot អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន AstraZeneca |
លោកអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន AstraZeneca បានអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺសំដៅធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងសម្ព័ន្ធក្រុមហ៊ុនជាមួយវៀតណាម។ ដោយបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធិផលដែលវៀតណាមសម្រេចបាន លោក Pascal Soriot បានសម្តែងការកោតសរសើរ និងចំណាប់អារម្មណ៍របស់ខ្លួនចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផង និងការអភិវឌ្ឍសេដ្ឋកិច្ចផង ដែលបង្ហាញពីសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម។
ក្នុងតួនាទីសម្ព័ន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុននាំមុខគេទាំង ៣ នៅលើពិភពលោកក្នុងការស្រាវជ្រាវ និងព្យាបាលជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម AstraZeneca មានបំណងចង់ពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ ដោយឈរលើមូលដ្ឋាននោះ លោក Pascal Soriot បានសន្យាថា AstraZeneca នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាមដើម្បីលើកកម្ពស់សមត្ថភាពផ្នែកវេជ្ជសាស្ត្រ និងព្យាបាល និងអភិវឌ្ឍវិស័យឱសថ និងត្រៀមខ្លួនជាស្រេចក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងទៅកាន់ប្រទេសវៀតណាម។
ដោយស្វាគមន៍ការសម្រេចចិត្តវិនិយោគ ៩០ លានដុល្លារអាមេរិកក្នុងគម្រោងផលិតឱសថរបស់ AstraZeneca នៅប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រីវៀតណាមមានបំណងចង់លើកតម្កើងទំនាក់ទំនងជាមួយសម្ព័ន្ធក្រុមហ៊ុន ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការផលិតវ៉ាក់សាំង ថ្នាំព្យាបាល និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងជួយគាំទ្រវៀតណាមក្នុងការអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នដែលបានសន្យានៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ (COP26)។
អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនកំពុងវិនិយោគចំនួន ៤០០ លានដុល្លារអាមេរិកក្នុងគម្រោងដាំព្រៃឈើនៅក្នុងបណ្ដាប្រទេសជុំវិញពិភពលោកជាមួយនឹងគោលដៅដាំដើមឈើឱ្យបាន ១ ពាន់លានដើមនៅទូទាំងពិភពលោកនៅឆ្នាំ ២០២៦ ហើយសង្ឃឹមថា គម្រោងនឹងអាចបានដាក់ពង្រាយក្នុងប្រទេសវៀតណាម រួមចំណែកជួយវៀតណាមសម្រេចបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអភិវឌ្ឍបៃតង៕
បកប្រែដោយ Pham Diep