គណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះបានជួបធ្វើការជាមួយលោក Stephen Claeys - នាយកជាន់ខ្ពស់ស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Pfizer  ស្ដីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Pfizer  ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ចូលរួមកិច្ចប្រជុំនេះ មានឯកអគ្គរដ្ឋទូត និងតំណាងប្រទេសអាស៊ានទាំង ១០ ប្រចាំសហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិក លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ក្រុមហ៊ុន Pfizer ដល់វៀតណាម ព្រមទាំងស្នើឱ្យក្រុមហ៊ុន Pfizer អនុវត្តកិច្ចសន្យារបស់ខ្លួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដោយផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួនក្នុងឆ្នាំ ២០២១ នេះ និងបន្តពិភាក្សាជាមួយសមត្ថកិច្ចវៀតណាមអំពីការផ្គត់ផ្គង់វ៉ាក់សាំងនៅឆ្នាំ ២០២២ ខាងមុខ។

leftcenterrightdel
រូបថតឧទាហរណ៍ (Reuters)

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ក៏បានស្នើឲ្យក្រុមហ៊ុន Pfizer សហប្រតិបត្តិការជាមួយវៀតណាមក្នុងការផលិតថ្នាំព្យាបាលជំងឺកូវីដ-១៩ និងជំរុញការផលិតវ៉ាក់សាំងសម្រាប់កុមារប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ឯកអគ្គរដ្ឋទូត និងតំណាងប្រទេសអាស៊ានទាំងឡាយដែលចូលរួមក្នុងកិច្ចប្រជុំ ដូចជា ហ្វីលីពីននិងសិង្ហបុរីបានចែករំលែកទស្សនៈរបស់វៀតណាមអំពីការដែលក្រុមហ៊ុន Pfizer គួរតែសាងសង់មូលដ្ឋានផលិតកម្មនៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានទាំងឡាយបានផ្តល់អនុសាសន៍ឱ្យមានកិច្ចសហប្រតិបត្តិការត្រីភាគីរវាងក្រុមហ៊ុន Pfizer ជាមួយអាស៊ាន និងអាមេរិកលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងស្នើឲ្យក្រុមហ៊ុន Pfizer បន្តគាំទ្របណ្តាប្រទេសរស់នៅជាមួយជំងឺរាតត្បាត និងការត្រៀមទប់ទល់នឹងជំងឺរាតត្បាតនាពេលអនាគត។

រីឯលោក Stephen Claeys បានទទួលស្គាល់យោបល់របស់បណ្តាប្រទេសអាស៊ាន ព្រមទាំងបញ្ជាក់ថាក្រុមហ៊ុន Pfizer នឹងអនុវត្តតាមកិច្ចសន្យាដែលបានចុះហត្ថលេខា រួមទាំងកិច្ចសន្យាជាមួយវៀតណាមផង៕

បកប្រែដោយ Thanh Cong