ថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧ គឺជាថ្ងៃបង្កើតអាស៊ាន-ជាអង្គការសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់និងសម្រេចជោគជ័យនៅលើពិភពលោកដោយចាប់ផ្តើមដំណើរការតភ្ជាប់យ៉ាងទូលំទូលាយ និងថែរក្សាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍​និងតំបន់។

ពីក្រុមប្រទេសមួយនៅអាស៊ីអាគ្នេយ៍ដែលបែកខ្ញែកដោយសង្គ្រាម ហើយឆ្លងកាត់ការលំបាកយ៉ាងសន្ធឹកសន្ធាប់ អាស៊ាននាបច្ចុប្បន្នគឺជាអង្គការតំបន់មួយដែលរួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ កំពុងប្រតិបត្តិការក្នុងក្របខ័ណ្ឌរួម ជាដំបូលផ្ទះតែមួយដោយមានចំនួនប្រជាជនជាង ៦៥០ លាននាក់ មានអត្តសញ្ញាណវប្បធម៌ចម្រុះ និងសហគមន៍សេដ្ឋកិច្ចមួយដោយមានផលិតផលក្នុងស្រុកសរុបធំទី ៥ នៅលើពិភពលោក។ អាស៊ានជាដៃគូគួរឱ្យទុកចិត្តនិងសំខាន់របស់ប្រទេសជាច្រើន ព្រមទាំងដើរតួនាទីជាមជ្ឈភាពក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សំខាន់នៅក្នុងតំបន់។

leftcenterrightdel
លោក  Bui Thanh Son រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម

បញ្ជាក់ពីការប្ដេជ្ញាចិត្ដនិងលើកកម្ពស់តួនាទីតាមរយៈបញ្ហាប្រឈម

ឆ្លងកាត់ការចុះឡើងនៅក្នុងពិភពលោកក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមក តួនាទីរបស់អាស៊ានត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ឆ្លងកាត់ការលំបាកឧបសគ្គទាំងឡាយបានជួយឲ្យអាស៊ានកាន់តែខ្លាំងក្លាថែមទៀត។ ការបង្កើតសហគមន៍អាស៊ានដោយមានសសរស្តម្ភទាំងបីគឺសន្តិសុខ -​ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គមជាសក្ខីភាពដ៏រស់រវើករបស់អាស៊ាន ហើយជំរុញការតភ្ជាប់អាស៊ានឡើងកម្រិតថ្មីមួយទៀតដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។

“មាគ៌ាអាស៊ាន” ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិគឺសាមគ្គីភាព ឯកភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតែងតែបានរក្សា និងជំរុញខ្លាំងឡើងៗ ក៏ដូចជាបង្កើតគុណតម្លៃ និងលក្ខណៈអត្តសញ្ញាណរបស់អាស៊ាន។ សាមគ្គីភាព និងឯកភាពបានផ្សាភ្ជាប់ប្រទេសជាសមាជិកអាស៊ានក្នុងការអនុវត្ដគោលដៅរួមដើម្បីអាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គោរពឯករាជ្យជាតិ អធិបតេយ្យភាព និងការសម្រេចចិត្ដដោយខ្លួនឯងគឺជាបទដ្ឋានរួមសម្រាប់ការប្រព្រឹត្តរបស់ប្រទេសជាសមាជិក ព្រមទាំងផ្សាភ្ជាប់យ៉ាងសុខដុមរមនាជាមួយនឹងការទទួលខុសត្រូវ ការយោគយល់គ្នាក្នុងសហគមន៍ ការចែករំលែកនិងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ថ្វីត្បិតតែធនធាននៅមានកំរិតក៏ដោយក៏រូបភាពនៃបណ្តាប្រទេសអាស៊ានរួមដៃគ្នាជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីជម្នះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការរីករាល​ដាល​នៃជំងឺ  Covid-19 នឹងជានិមិត្តរូបជានិច្ចសម្រាប់ស្មារតីសាមគ្គីភាពនិងឯកភាពអាស៊ាន។

ដោយឆ្លងកាត់បញ្ហាប្រឈមទាំងឡាយនិងការវិវឌ្ឍរបស់ពិភពលោក សាមគ្គីភាព ឯកភាពនិងតួនាទីមជ្ឈភាពរបស់អាស៊ានត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ការពិត “មាគ៌ាអាស៊ាន” សាមគ្គីភាពនិងឯកភាពបានជួយឲ្យអាស៊ាននិងបណ្តាប្រទេសជាសមាជិកយកឈ្នះក្នុងដំណាក់កាលដ៏ច្របូកច្របល់នៃតំបន់និងពិភពលោក។ ឆ្លងកាត់ការលំបាកនិងច្របូកច្របល់កាន់តែច្រើន គឺអាស៊ានកាន់តែមានភាពរឹងមាំ ស្មារតីសាមគ្គីភាព ឯកភាពនិងតួនាទីមជ្ឈភាពកាន់តែបានពង្រឹង។

ភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញថា មានតែភាពរឺងមាំនិងលើកកម្ពស់អត្តសញ្ញាណរបស់ខ្លួន អាស៊ានទើបបញ្ជាក់ពីកិត្យានុភាពនិងតួនាទីមជ្ឈភាព ទំនាក់ទំនងជាមួយដៃគូត្រូវបានពង្រីកនិងស៊ីជម្រៅថែមទៀត តាមរយៈនោះឆ្លៀតយកការគាំទ្រពីអន្តរជាតិដើម្បីជំរុញការអភិវឌ្ឍនិងតភ្ជាប់របស់អាស៊ាន។ រហូតមកដល់ពេលនេះអាស៊ានមានទំនាក់ទំនងភាពជាដៃគូសន្ទនាជាមួយប្រទេសនិងអង្គការសំខាន់ៗចំនួន ១១ ( គឺចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហភាពអឺរ៉ុប ... ) ដែលក្នុងនោះ អង់គ្លេសគឺជាប្រទេសទើបក្លាយទៅជាដៃគូសន្ទនានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ។ ទស្សនៈនិងបទប្បញ្ញត្តិជាច្រើនរបស់អាស៊ានដូចជា៖ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) ... ត្រូវបានស្វាគមន៍និងគាំទ្រដោយដៃគូនិងអង្គការអន្តរជាតិ ដោយហេតុនេះបានជំរុញកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ាន។

ដោយអនុវត្ដតាមគោលការណ៍និងប្រតិបត្តិការរបស់ខ្លួន អាស៊ានបានដើរតួនាទីយ៉ាងត្រឹមត្រូវនិងពេញលេញក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការកសាងទំនុកចិត្តរវាងបណ្ដាប្រទេសនៅក្នុងនិងក្រៅតំបន់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អាស៊ានបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។

ការជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងការតភ្ជាប់សេដ្ឋកិច្ចគឺជាខ្លឹមសារសំខាន់មួយនៅក្នុងដំណើរការតភ្ជាប់អាស៊ានអស់រយៈពេលជាង ៥ ទសវត្សរ៍មកហើយ។ រហូតមកដល់បច្ចុប្បន្ន ទំហំពាណិជ្ជកម្មក្នុងប្លុកមានប្រហែល ២៥% នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងជំរុញឲ្យអាស៊ានទៅជាទីផ្សារផ្លាស់ប្ដូរទំនិញ ផ្ដល់សេវាកម្មនិងវិនិយោគ ដោយមានទឹកប្រាក់ជិត ៣,០០០ លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ននេះ។ លើសពីនេះអាស៊ានក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចបើកចំហដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ៨ រួមមានតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និង FTA ចំនួន ៧ ជាមួយដៃគូសំខាន់ៗ ដែលក្នុងនោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP) បានបង្កើតតំបន់ពាណិជ្ជកម្មសេរីមួយដែលមាន ៣០% នៃចំនួនប្រជាជនពិភពលោក និង៣២% នៃផលិតផលសរុបសកល។

វៀតណាមខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសហគមន៍អាស៊ានរួបរួមគ្នា ខ្លាំងក្លានិងអភិវឌ្ឍន៍

ក្នុងដំណើរការផ្លាស់ថ្មី អាស៊ានតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាម។   អាស៊ាននេះឯងជាទ្វារដែលនាំប្រទេសវៀតណាមឲ្យឈានចូល“ ទីផ្សា” ធំៗនៃតំបន់និងពិភពលោក។ ការចូលរួមជាសមាជិកអាស៊ានគឺជាការសម្រេចចិត្តដែលមានលក្ខណៈយុទ្ធសាស្រ្តរបស់បក្សនិងរដ្ឋវៀតណាម រួមចំណែកក្នុងការបង្កើតឱកាសអភិវឌ្ឍថ្មីសម្រាប់ប្រទេសជាតិ ពង្រឹងបរិយាកាសសន្តិភាពនិងស្ថិរភាពនិងទាញយកផលប្រយោជន៍ពីប្រភពធនធានខាងក្រៅដើម្បីអភិវឌ្ឍន៍និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិ។

ប្រកាន់ខ្ជាប់គោលនយោបាយការបរទេសប្រកបដោយឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី គោរពគោលការណ៍ វិធីសាស្រ្តនិងអត្តសញ្ញាណអាស៊ាន វៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តនិងកាតព្វកិច្ចក្នុងនាមជាសមាជិកមួយដែលរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹងសាមគ្គីភាព កសាងសហគមន៍អាស៊ាន និងអនុវត្ដចក្ខុវិស័យដល់ឆ្នាំ ២០២៥។

វៀតណាមទទួលតួនាទីជាប្រធានអាស៊ានចំនួនបីលើកហើយ ខណៈដែលសមាគមជួបឧបសគ្គជាខ្លាំង។ កាលពី  ឆ្នាំ ២០០០-២០០១ គឺជាឆ្នាំដែលអាស៊ានស្ថិតក្នុងដំណាក់កាលផ្លាស់ប្ដូរនៃការកសាងសហគមន៍បន្ទាប់ពីតំបន់ជួបវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ ។ ឆ្នាំ ២០១០ គឺអនុវត្ដជាក់ស្ដែងនូវចក្ខុវិស័យរបស់សហគមន៍ក្នុងបរិបទដែលពិភពលោកនិងតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០០៩ ។ ឆ្នាំ ២០២០ គឺជាឆ្នាំជំរុញការកសាងសហគមន៍អាស៊ានក្នុងបរិបទនៃការផ្ទុះឡើងជំងឺរាតត្បាត Covid-19 និងស្ថានភាពអន្តរជាតិកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើន។ ជាមួយភាពម្ចាស់ការ ចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវនិងប្រកាន់ខ្ជាប់គោលការណ៍របស់អាស៊ាននោះ វៀតណាមនិងប្រទេសជាសមាជិកបានខិតខំប្រឹងប្រែងដឹកនាំនាវាអាស៊ានឆ្លងកាត់ខ្យល់ព្យុះ ដោយឆ្លើយតបទៅនឹងបរិបទថ្មី រក្សាកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ក្នុងតំបន់។ ហើយបញ្ជាក់ពីតួនាទីមជ្ឈភាពនិងលើកកម្ពស់កិត្យានុភាពរបស់អាស៊ាន។ គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើននៅឆ្នាំ ២០២០ បានក្លាយទៅជា“ ទ្រព្យសម្បត្តិរួម” របស់អាស៊ានដូចជា មូលនិធិឆ្លើយតបនឹងជំងឺកូវីដ -១៩ របស់អាស៊ាន, ឃ្លាំងស្តុកសម្ភារៈបរិក្ខារពេទ្យបន្ទាន់របស់អាស៊ាន និងក្របខ័ណ្ឌស្តារឡើងវិញរបស់អាស៊ាន។

អនុវត្តតាមគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ ជាមួយនឹងតួនាទីនិងកិត្យានុភាពថ្មីរបស់ប្រទេសបន្ទាប់ពីកំណែទម្រង់ ៣៥ ឆ្នាំមក វៀតណាមបានបន្តចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានក្នុងការកសាង​សហគមន៍ប្រកបដោយសាមគ្គីភាព ខ្លាំងក្លានិងរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។ នៅក្នុងបរិបទថ្មីចាំបាច់ត្រូវផ្លាស់ថ្មីនិងច្នៃប្រឌិតក្នុងការសហការជាមួយប្រទេសជាសមាជិកអាស៊ានដើម្បីលើកកម្ពស់តួនាទី អត្តសញ្ញាណនិងប្រៀបខ្លាំងរបស់អាស៊ាន​ តាមរយៈនោះផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់សមាជិកអាស៊ានទាំងអស់ក៏ដូចជាដៃគូនៅក្នុងនិងក្រៅតំបន់ដែរ។ ដោយមានផ្នត់គំនិតវិជ្ជមាន គួរឱ្យទុកចិត្តនិងមានទំនួលខុសត្រូវនោះ វៀតណាមនឹងសហការជាមួយប្រទេសជាសមាជិកដើម្បីអនុវត្តគំនិតផ្តួចផ្តើមនិងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពដែលរួមចំណែកជាក់ស្តែងក្នុងការដោះស្រាយបញ្ហារួមរបស់អាស៊ាននិងតំបន់។ ដើម្បីធ្វើដូចនេះ ចាំបាច់ត្រូវពង្រឹងថែមទៀតនូវការសម្របសម្រួលរវាងក្រសួង ស្ថាប័ន មូលដ្ឋាននិងសហគ្រាសក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ជាពិសេសផ្ដោតលើការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពនិងកសាងក្រុមកម្មាភិបាលទទួលបន្ទុកកិច្ចការបរទេសពហុភាគីមានសមត្ថភាព ព្រមទាំងមានយន្តការនិងគោលនយោបាយបង្កើនកម្មាភិបាលវៀតណាមធ្វើការនៅទីភ្នាក់ងារនានារបស់អាស៊ាន ...។

ផ្លូវទៅមុខអាចជួបឧបសគ្គជាច្រើន តែការលើកកម្ពស់អត្តសញ្ញាណ គុណតម្លៃ និងសក្តានុពលអភិវឌ្ឍរបស់ប្រទេសជាសមាជិក អាស៊ាននឹងបន្តទទួលបានជោគជ័យក្នុងការកសាងសហគមន៍អាស៊ានឱ្យមានសាមគ្គីភាព ខ្លាំងក្លានិងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាសមាជិករបស់ខ្លួនដែលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់។ វៀតណាមបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីរួមជាមួយអាស៊ានអនុវត្ដគោលដៅនេះបានជោគជ័យ៕

បកប្រែដោយ Pham Diep