នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាលើកដំបូងនៅប្រទេសវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង នេះជាសក្ខីភាពដ៏រស់រវើកសម្រាប់សុឆន្ទៈរួមរបស់ភាគីទាំងពីរក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងក្រសួងការពារជាតិ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស។

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម - អង់គ្លេសលើវិស័យនានាដូចជា នយោបាយ សេដ្ឋកិច្ច ការពារជាតិសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីអង់គ្លេសជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (UKVFTA)  ជំរុញឱ្យសហគ្រាសអង់គ្លេសមកធ្វើការវិនិយោគនៅវៀតណាម និងជាពិសេសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមចូលទីផ្សារអង់គ្លេសឲ្យកាន់តែច្រើនឡើងៗ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបលោក Robert Ben Lobban Wallace រដ្ឋមន្រ្តីក្រសួងការពារជាតិចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (រូប​ថត៖ vnanet.vn)

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ លោកនាយករដ្ឋមន្រ្តីបានស្នើថា  ផ្អែកលើលទ្ធផលដែលទទួលបាននាពេលកន្លងមក ភាគីទាំងពីរគួរតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេស និងកងទ័ពនៃប្រទេសទាំងពីរទាំងក្របខ័ណ្ឌទ្វេភាគី និងនៅវេទិកាពហុភាគី អនុវត្តបណ្តាកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ រួមចំណែកដល់ការអភិវឌ្ឍជាទូទៅនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសដែលកំពុងមានការអភិវឌ្ឍកាន់តែស៊ីជម្រៅ ស្របតាមផលប្រយោជន៍របស់ភាគីនីមួយៗ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ និងស្នើឱ្យរដ្ឋាភិបាលអង់គ្លេសបន្តគាំទ្រ និងជួយផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាម ដោយបង្កើតលក្ខខណ្ឌអំណោយផលដើម្បីវៀតណាមអាចទទួលបានវ៉ាក់សាំងតាមកិច្ចសន្យាដែលបានចុះហត្ថលេខាតាមរយៈកម្មវិធី COVAX និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Covid-19 ក្នុងពេលឆាប់ៗ។

ទាក់ទងនឹងសន្និសីទ COP26 ដែលរៀបចំដោយចក្រភពអង់គ្លេសនៅខែវិច្ឆិកាឆ្នាំនេះ លោកនាយករដ្ឋមន្រ្តីជឿជាក់ថាសន្និសីទនេះនឹងរួមចំណែកដល់ការពន្លឿនកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស និងដៃគូនានាដើម្បីធ្វើឱ្យសន្និសីទនេះទទួលបានជោគជ័យយ៉ាងល្អ។

លោក Robert Ben Lobban Wallace រដ្ឋមន្រ្តីក្រសួងការពារជាតិបានសម្តែងនូវក្តីរីករាយដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកដំបូង។ លោកមានការចាប់អារម្មណ៍ល្អអំពីទឹកដី មនុស្ស សមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមកលើវិស័យសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាសក្តានុពលអភិវឌ្ឍរបស់វៀតណាម។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចក្រភពអង់គ្លេសតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានសំខាន់ៗរបស់វៀតណាមនៅតំបន់ និងពិភពលោក។ លោករដ្ឋមន្រ្តី Robert Ben Lobban Wallace បានអះអាងថា៖ ក្រសួងការពារជាតិអង់គ្លេសត្រៀមខ្លួនជាស្រេចបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេស​វៀតណាមក្នុងការបង្កើនការផ្លាស់ប្តូរ ពង្រឹងជំនឿទុកចិត្ត​ និងសហប្រតិបត្តិការរួម​គ្នា ដោយឈរលើមូលដ្ឋានសមស្របតាមតំរូវការ សមត្ថភាពសហប្រតិបត្តិការ និងមានផលប្រយោជន៍ទៅវិញ​ទៅ​មក​ រួមទាំងការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគីដូចជាការចូលរួមកងកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានចែករំលែក និងសង្កត់ធ្ងន់លើសារសំខាន់នៃការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងជុំវិញពិភពលោក៕

បកប្រែដោយ Duy Hoan