ការសាកល្បងដ៏ធំបំផុតចំពោះស្មារតី ក៏ដូចជាសមត្ថភាពរបស់កងទ័ពក្នុងការប្រយុទ្ធ
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២៧ ខែមេសានេះ ក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្នុងជួរកងទ័ពទាំងមូលដើម្បីវាយតម្លៃចំពោះលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងផលប៉ះពាល់នៃជំងឺ Covid-19 ទៅលើកិច្ចការយោធា និងការការពារជាតិ។
លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធាននៃគណៈកម្មាធិការបង្ការ និងទប់ទល់នឹងជំងឺ Covid-19 នៃក្រសួងការពារប្រទេសបានធ្វើជាអធិបតីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ។
    |
 |
កងទ័ពចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងសកម្ម |
របាយការណ៍គន្លឹះដែលបង្ហាញក្នុងកិច្ចប្រជុំបានសង្ខេបថា៖ ការរីករាលដាលនៃ Covid-19 មានការវិវត្តយ៉ាងស្មុគស្មាញ និងអូសបន្លាយក្នុងរយៈពេលដ៏យូរបានជះឥទ្ធិពលដោយផ្ទាល់ទៅលើទិដ្ឋភាពនៃកិច្ចការយោធា និងការការពារជាតិរបស់កងទ័ពទាំងមូល។ ទោះយ៉ាងណា គ្រប់ស្ថាប័ននិងអង្គភាពទាំងអស់បានកែសម្រួលផែនការសកម្មភាពរបស់ខ្លួនឱ្យបានទាន់ពេលវេលាដើម្បីអាចឆ្លើយតបបាននឹងតម្រូវការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងការបំពេញភារកិច្ចនៃការហ្វឹកហ្វឺនត្រៀមប្រយុទ្ធជាស្រេចនិងភារកិច្ចផ្សេងទៀតក្នុងពេលតែមួយឲ្យមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលជាផ្លែផ្កា។
អ្វីៗដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា តួនាទីរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់កាន់តែត្រូវបានបញ្ជាក់ក្នុងសភាពការណ៍កាន់តែលំបាក។ ប្រការនេះត្រូវបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់តាមរយៈការមាន ១០០% នៃគណៈកម្មាធិការបក្សនៃគ្រប់ស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសសុទ្ធតែបានចេញសេចក្តីសម្រេចចិត្តណែនាំស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរីករាលដាល ព្រមទាំងមានគោលការណ៍ ដំណោះស្រាយជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងបំពេញភារកិច្ចនយោបាយសំខាន់ៗនានារបស់ខ្លួនឯងផង។
តំណាងគ្រប់អង្គភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះបានឯកភាពគ្នាថា ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ឲ្យមានប្រសិទ្ធភាពនោះ ជួរកងទ័ពទាំងមូលត្រូវតែបន្តការប្រមូលផ្តុំកម្លាំងប្រជាជន និងសម្ភារៈយ៉ាងច្រើនទាំងនៅលើ “សមរភូមិមុខ” និង “សមរភូមិក្រោយ”។ ទោះបីជាប្រឈមមុខនឹងគ្រាលំបាកជាច្រើនដោយសាររោគរាតត្បាតមានការរីករាលដាលយ៉ាងឆាប់រហ័ស រួមទាំងការមិនទាន់មានវ៉ាក់សាំងនិងថ្នាំព្យាបាលជាផ្លូវការក៏ដោយ ក៏ប៉ុន្តែមិនថានៅទីណា មិនថានៅពេលណាឡើយ ទាំងកម្មាភិបាល និងយុទ្ធជនទាំងអស់សុទ្ធតែមានការត្រៀមខ្លួនលះបង់គ្រប់យ៉ាងដើម្បីសម្រេចបានភារកិច្ចទាំងអស់ជានិច្ច។ នេះអាចត្រូវបានចាត់ទុកជាការសាកល្បងដ៏ធំបំផុតនៃស្មារតីក៏ដូចជាសមត្ថភាពរបស់កងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងមិនប្រពៃណីរបស់ប្រទេសជាតិ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ លោកឧត្តមសេនីយ៍ឯក Tran Don បានសង្កត់ធ្ងន់ពីការណែនាំការចង្អុលបញ្ជាពីថ្នាក់លើ ពោលគឺទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កងទ័ពត្រូវតែត្រៀមខ្លួនជាស្រេចក្នុងការឈរនៅជួរមុខ និងគ្រប់គ្រងឲ្យបានល្អជំងឺរាតត្បាតមិនទុកឱ្យឆ្លងរាលដាលចូលអង្គភាព ព្រមទាំងត្រូវបន្តស្វែងយល់ស្រាវជ្រាវបង្កើត និងបំពេញផែនការ និងសេណារីយ៉ូនានាដើម្បីបង្ការ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជម្ងឺឆ្លងនៅកម្រិតខ្ពស់បំផុត។
ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ឯក Tran Don ក៏បានស្នើឲ្យគ្រប់ស្ថាប័ន អង្គភាពទាំងអស់ដោយឈរលើមូលដ្ឋាននៃភារកិច្ច និងការអនុវត្តការងារជាក់ស្តែងរបស់ខ្លួនឯងត្រូវតែវាយតម្លៃឱ្យបានត្រឹមត្រូវ និងផ្តល់យោបល់ដល់ថ្នាក់លើក្នុងការបូកសរុប និងសង្ខេបមេរៀនដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាពិសេសគឺការគំរាមកំហែងមិនមែនជាប្រពៃណី៕
បកប្រែដោយ Minh Trung