ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អេស្ប៉ាញ
កប.អនឡាញ - នារសៀលថ្ងៃទី ៩ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកស្រី Carmen Cano De Lasala ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំវៀតណាម។
នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះជំហានរីកចម្រើននៃទំនាក់ទំនងរវាងវៀតណាមនិងអេស្ប៉ាញ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជឿជាក់យ៉ាងមុតមាំថា នាពេលខាងមុខ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍកាន់តែប្រសិទ្ធភាព ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកស្រី Carmen Cano De Lasala ឯកអគ្គរដ្ឋទូតអេស្ប៉ាញ |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ក្នុងទំនាក់ទំនងវៀតណាម-អេស្ប៉ាញទូទៅ កិច្ចសហការការពារជាតិគឺជាវិស័យមួយដែលបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជំរុញយ៉ាងខ្លាំង និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងរយៈពេលកន្លងមក។ នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ស្នើភាគីទាំងពីរបន្តអនុវត្តល្អនូវទិសដៅសហប្រតិបត្តិការ ដោយផ្អែកលើការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី អាស្រ័យហេតុនេះ រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាព។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ពីលោកស្រីឯកអគ្គរដ្ឋទូត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អេស្ប៉ាញ ស្របតាមសក្តានុពល និងគោលបំណងរបស់ភាគីទាំងពីរ។
ចំណែកលោកស្រីឯកអគ្គរដ្ឋទូត Carmen Cano De Lasala បញ្ជាក់ថា វៀតណាមគឺជាដៃគូដែលគួរឲ្យទុកចិត្តរបស់ប្រទេសអេស្ប៉ាញ។ លោកស្រីឯកអគ្គរដ្ឋទូត Carmen Cano De Lasala សង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនឹងអភិវឌ្ឍកាន់តែស៊ីជម្រៅលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិៗល៕
បកប្រែដោយ Pham Diep