ក្នុងជំនួប លោក Pham Minh Chinh បានស្វាគមន៍គណៈប្រតិភូគណៈបក្សកុម្មុយនិស្តជប៉ុនមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចពិភាក្សាទ្រឹស្ដីលើកទី៨ រវាងបក្សទាំងពីរ។ លោកក៏បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍល្អប្រសើររបស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរដែរ។

leftcenterrightdel
លោក Pham Minh Chinh និងលោក Tana CaIu (រូបថត៖ vnanet.vn)

លោក Tana CaIu បានអបអរសាទរចំពោះសមិទ្ធផលដ៏សំខាន់ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅពេលកន្លងមក។ លោកសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍឥតឈប់ឈររបស់ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងបក្សទាំងពីរក្នុងរយៈពេលជាងកន្លះសតវត្សរ៍ និងចាត់ទុកថា ទំនាក់ទំនងរវាងបក្សទាំងពីរកំពុងពង្រឹង និងពង្រីកថែមទៀតតាមរយៈជំនួបជាន់ខ្ពស់ ក៏ដូចជាការរក្សាយន្តការផ្លាស់ប្តូរព័ត៌មាន និងផ្លាស់ប្តូរទ្រឹស្ដី។

សូមរំលឹកថា លោក Hoang Binh Quan សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មការទាក់ទងបរទេសមជ្ឈិមបានទទួលជួប និងផ្លាស់ប្ដូរព័ត៌មានជាមួយគណៈប្រតិភូគណៈបក្សកុម្មុយនិស្តជប៉ុន។ ក្នុងជំនួប ភាគីទាំងពីរបានសម្ដែងនូវការជឿជាក់ថា ទំនាក់ទំនងរវាងបក្សទាំងពីរនឹងបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកបង្កើនការយល់ដឹង ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រ​តិ​បត្តិ​ការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ រួមវិភាគទានយ៉ាងសកម្មដល់ចលនាកុម្មុយនិស្ត កម្មករអន្តរជាតិ ដើម្បីសន្តិភាព  ស្ថិរភាព និងការអភិវឌ្ឍសង្គមក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thanh Cong