វៀតណាមផ្តោតសំខាន់លើការរួមចំណែកក្នុងការអភិវឌ្ឍកីឡាអូឡាំពិកអន្តរជាតិ
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ២៦ នៃសមាគមគណៈកម្មាធិការជាតិអូឡាំពិក (ANOC) នាថ្ងៃទី ១៨ ខែតុលា នៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម បានទទួលជួបជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
នៅក្នុងជំនួបនេះ លោកប្រធាន IOC បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការអភិវឌ្ឍវិស័យកីឡារបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមចំណែកក្នុងការអភិវឌ្ឍកីឡាអូឡាំពិកអន្តរជាតិ។ លោក Thomas Bach សង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យកីឡា ជាពិសេសកីឡាអូឡាំពិក ដើម្បីឲ្យកីឡាវៀតណាមមានឋានៈកាន់តែប្រសើរលើឆាកអន្តរជាតិ។
    |
 |
លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជួបជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) (រូបថត៖ vnanet.vn) |
នាថ្ងៃដដែល លោក Nguyen Van Hung រដ្ឋមន្ត្រី បានធ្វើការជាមួយលោក James Macleod នាយកទទួលបន្ទុកកិច្ចការបរទេស និងទំនាក់ទំនងជាមួយគណៈកម្មាធិការជាតិអូឡាំពិកនៃ IOC។ នៅក្នុងជំនួបនេះ លោក Nguyen Van Hung រដ្ឋមន្ត្រី បានអះអាងថា ក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវ វៀតណាមបានចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពរបស់ IOC និងសហការជាមួយអង្គការនានាដើម្បីជំរុញចលនាអូឡាំពិកក្នុងប្រទេសនិងតំបន់។
ជាការឆ្លើយតប លោក James Macleod បានបញ្ជាក់ថា IOC តែងតែត្រៀមខ្លួនជាស្រេចលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកីឡាមានប្រៀបខ្លាំងមួយចំនួនដើម្បីទទួលបានលទ្ធផលល្អបំផុតនៅ ASIAD ឬនៅកីឡាអូឡាំពិកឆ្នាំ ២០២៤៕
តាម vovworld.vn