ដោយអនុវត្តតាមគោលការណ៍រួមបញ្ចូលភូមិកាលពីខែមករា ឆ្នាំ២០២០ ភូមិ Co Chai បានរួមបញ្ចូលគ្នាជាមួយភូមិ Phieng Say ដែលជាភូមិមានជនជាតិថៃ ១០០% ទៅជាភូមិ Phieng Trai។ ក្រោយការរួមបញ្ចូលគ្នាអស់រយៈពេលជាងពីរឆ្នាំ ជនរួមជាតិ Kho Mu នៅតែរក្សាវប្បធម៌ប្រពៃណីរបស់ខ្លួនក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងនោះ ពិធីសែន Xen Cung (សែនភូមិ) ជាពិធីមួយក្នុងចំណោមពិធីមានលក្ខណៈពិសេសក្នុងវប្បធម៌ប្រពៃណីរបស់ជនជាតិ Kho Mu ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងកម្លាំងរបស់សហគមន៍។

leftcenterrightdel
បងប្អូនជនជាតិ Kho Mu ត្រៀមរៀបចំពិធីសែនភូមិ

ពិធីសែនភូមិត្រូវបានធ្វើឡើងម្តងក្នុងមួយឆ្នាំក្នុងខែមីនា នៅពេលដែលប្រជាពលរដ្ឋត្រៀមរៀបចំដាំដុះនៅវាលស្រែ។ ពិធីនេះត្រូវបានធ្វើឡើងដើម្បីបួងសួងដល់អាទិទេព មេឃដីសូមឲ្យមានរដូវអំណោយផល ប្រជាពលរដ្ឋមានសុខភាពល្អ និងសុំសេចក្តីសុខ។ ក្នុងនាមជាអ្នកមានប្រជាប្រិយម្នាក់នៅភូមិ Phieng Trai លោក Me Van Hung បានឲ្យដឹងថា “កាលពីមុន ពិធី Xen Cung ត្រូវបានប្រារព្ធឡើងពី ២ ទៅ ៣ ថ្ងៃ ដោយមានសកម្មភាពជាច្រើន។ បន្ទាប់ពីពិធីនេះ អ្នកភូមិមកជួបជុំគ្នានៅផ្ទះគ្រូសែនដើម្បីផឹកស្រាក្នុងរយៈពេល ២ថ្ងៃ ២យប់ ឬចូលព្រៃបរបាញ់សត្វព្រៃ។ ឥឡូវនេះ ពិធីនេះត្រូវបានកាត់បន្ថយដោយធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែនៅតែរក្សាបានលក្ខណៈពិសេសប្រពៃណី។

ការត្រៀមរៀបចំពិធីសែននេះត្រូវបានធ្វើឡើងនៅពេលព្រឹកព្រលឹមដែលព្រះអាទិត្យរះ។ នៅកន្លែងប្រារព្ធពិធីធំ ប្រជាជនសម្អាតកន្លែង បង្កើត “ទង់” ដោយដើមឬស្សីចាស់ៗ។ គ្រូសែននឹងដាក់គ្រឿងតង្វាយលើបន្ទះឬស្សីដែលមានដូចជា៖ ក្បាល ឆ្អឹងជំនី ជើង បេះដូង ថ្លើមជ្រូក; មាន់ឈ្មូលស្ងោ ; ទានៅរស់មួយក្បាល; បាយដំណើប ចានស្រូវ; ក្រណាត់ស និងសម្លៀកបំពាក់របស់សមាជិកគ្រួសារនីមួយៗត្រូវបានរក្សាទុកក្នុងថង់ត្បាញតាមបែបប្រពៃណីរបស់ជនជាតិ... ក្នុងអំឡុងពេលនៃការថ្វាយបង្គំ គ្រូសែននឹងអញ្ជើញទេវតាការពារភូមិ និងអញ្ជើញព្រលឹងបុព្វបុរសដែលបង្កើតភូមិចូលរួមនិងទទួលទានគ្រឿងតង្វាយរបស់អ្នកភូមិ។ បន្ទាប់ពីពិធីបុណ្យ ជនរួមជាតិ Kho Mu នឹងមិនធ្វើចំការដែលសម្រាកមួយថ្ងៃលេងកំសាន្ដ។

ពិធីសែនភូមិរបស់ជនជាតិ Kho Mu មិនត្រឹមតែបង្កើនសាមគ្គីភាពក្នុងសហគមន៍និងបង្ហាញពីការដឹងគុណរបស់មនុស្សចំពោះព្រះអាទិទេព និងបុព្វបុរសប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវលក្ខណៈពិសេសនៃវប្បធម៌ខាងវិញ្ញាណរបស់ជនជាតិ Kho Mu រួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ជនជាតិនៅ Son La ទៀតផង៕

បកប្រែដោយ Pham Diep