ដោយយល់ច្បាស់អំពីអត្ថន័យនិងសារៈសំខាន់នៃការអភិរក្សនិងលើកតម្កើងអត្តសញ្ញាណវប្បធម៌ រួមទាំងសំលៀកបំពាក់ប្រពៃណី ក្នុងរយៈពេលកន្លងមក ឃុំ Thong Nhat (ស្រុក Loc Binh ខេត្ត Lang Son) បានអនុវត្ដដំណោះស្រាយជាច្រើនដូចជា ចាប់ផ្តើមបំផុសចលនាសំលៀកបំពាក់ប្រពៃណីរបស់បណ្ដាជនជាតិនៅព្រឹត្តិការណ៍សំខាន់ៗ ដូចជាថ្ងៃបុណ្យ អាពាហ៍ពិពាហ៍ជាដើម។ ជាពិសេស បច្ចុប្បន្ននេះ សម្លៀកបំពាក់ប្រពៃណីរបស់បណ្ដាជនជាតិគឺជាចលនាពេញនិយមនៅតាមសាលារៀនក្នុងតំបន់។

នៅឃុំ Thong Nhat មានជនជាតិ San Chi រស់នៅជាច្រើនកុះករ ភាគច្រើនបងប្អូនជនជាតិរស់នៅក្នុងភូមិដូចជា៖ Khau Phay, Han Sai, Ban Roc, Na Mo, Na Pan, Po Ma។ សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ San Chi គឺសាមញ្ញណាស់ជាមួយនឹងពណ៌ចម្បងគឺពណ៌ខៀវដែលមានពណ៌ក្រហមនៅជុំវិញគែមនៃអាវ។

leftcenterrightdel
សិស្សានុសិស្សមកពីសាលាក្នុងឃុំ Thong Nhat ពាក់សំលៀកបំពាក់ប្រពៃណីរៀងរាល់ថ្ងៃចន្ទ និងថ្ងៃស្រុក

Han Sai គឺជាភូមិមួយក្នុងចំណោមភូមិលេចធ្លោដែលនៅតែរក្សាមុខរបរផលិតសំលៀកបំពាក់ជនជាតិ។ លោកស្រី Hoang Thi Giap ជាអ្នកផលិតសំលៀកបំពាក់នៅភូមិ Han Sai បាននិយាយថា “តាមទំនៀមទម្លាប់របស់ជនជាតិ San Chi ស្ត្រីគ្រប់រូបត្រូវតែចេះធ្វើសំលៀកបំពាក់ប្រពៃណីផ្ទាល់ខ្លួន។ នៅពេលនារីៗរៀបការត្រូវយកសំលៀកបំពាក់ស្អាតៗទៅផ្ទះប្តីជាថ្លៃបណ្ណាការ។

ដូច្នេះ កាលពីមុនចាប់ពីអាយុ ៧ ដល់៨ ឆ្នាំ ក្មេងស្រីត្រូវបានបង្រៀនឲ្យចេះធ្វើសំលៀកបំពាក់ប្រពៃណី ដោយការធ្វើសំលៀកបំពាក់ប្រពៃណីដោយដៃទាំងស្រុង ដូច្នេះការធ្វើសំលៀកបំពាក់ប្រពៃណីបានសម្រេចត្រូវចំណាយពេលពី ៣ ទៅ ៥ថ្ងៃ។

បច្ចុប្បន្នេះ យុវជនតែងតែប្រើប្រាស់សម្លៀកបំពាក់ដែលបានលក់នៅផ្សារ រីឯសំលៀកបំពាក់ប្រពៃណីមានតែមនុស្សចាស់សម្លៀក​បំពាក់ប៉ុណ្ណោះ។ ចំនួនអ្នកចេះបច្ចេកទេសកាត់ដេរសម្លៀកបំពាក់ប្រពៃណីក៏ថយចុះដែរ។ ដូច្នេះហើយការថែរក្សា និងលើកតម្កើងតម្លៃនៃសំលៀកបំពាក់ប្រពៃណីក៏ប្រឈមមុខនឹងការលំបាកជាច្រើនដែរ។ ចំពោះស្ថានភាពនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរ និងអង្គការមហាជននៅឃុំ Thong Nhat បានចាប់ផ្ដើមបំផុសចលនាដោយលើកទឹកចិត្តអ្នកឃុំស្លៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យ និងពិធីមង្គលការ។

ជាពិសេស សាលារៀនក្នុងឃុំរៀបចំសកម្មភាពអប់រំជាច្រើន ដើម្បីលើកទឹកចិត្តសិស្សានុសិស្សឱ្យស្លៀកបំពាក់ប្រពៃណីទៅសាលារៀនក្នុងថ្ងៃច័ន្ទ និងថ្ងៃសុក្រ។ ដើម្បីឲ្យសិស្សានុសិស្សយល់កាន់តែច្បាស់អំពីសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន ទន្ទឹមនឹងនោះ សាលាមួយចំនួនក្នុងឃុំក៏រៀបចំឲ្យសិស្សទៅផ្ទះជនចាស់ជរាដើម្បីរៀនកាត់ដេរសំលៀកបំពាក់ប្រពៃណី​។

អ្នកគ្រូ To Thi Thu Ha នាយិកាសាលាបឋមសិក្សា និងអនុវិទ្យាល័យឃុំ Thong Nhat បានឲ្យដឹងថា៖ “រៀងរាល់សប្តាហ៍ សិស្សានុសិស្សនៅសាលារបស់ខ្ញុំ ក៏ដូចជាសាលាផ្សេងទៀតក្នុងឃុំ Thong Nhat បានស្លៀកពាក់ប្រពៃណីទៅសាលារៀន។ ទោះបីជាសកម្មភាពទើបត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែសកម្មភាពនេះទទួលបានការគាំទ្រនិងចូលរួមយ៉ាងក្លៀវក្លាពីសិស្សានុសិស្សនិងគ្រូបង្រៀន។

លោក La Van Duong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Thong Nhat បានចែករំលែកថា៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំបានផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាដែលកើតឡើងជាច្រើនប្រកប​ដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ ក្នុងនោះ ផ្តោតសំខាន់លើការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិច ជាពិសេសគឺបញ្ហាសំលៀកបំពាក់ប្រពៃណី។ ដោយកំណត់ថា ការអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណី រួមទាំងសំលៀកបំពាក់ប្រពៃណីត្រូវមានការចូលរួមពីយុវជនជំនាន់ក្រោយ យើងខ្ញុំបានមានដំណោះស្រាយសមស្របជាច្រើន។ ដូច្នោះហើយនៅសាលារៀនយ៉ាងហោចណាស់ សិស្សនឹងស្លៀកបំពាក់ប្រពៃណីពីរថ្ងៃក្នុងមួយសប្តាហ៍។ នាពេលខាងមុខ យើងខ្ញុំនឹងរៀបចំសកម្មភាពសហគមន៍ដ៏មានអត្ថន័យបន្ថែមទៀតដើម្បីលើកទឹកចិត្តបងប្អូនជនជាតិ San Chi ឱ្យស្លៀកបំពាក់ប្រពៃណីក្នុងគោលដៅរួមចំណែកថែរក្សា អភិរក្សនិងលើកកំពស់អត្តសញ្ញាណវប្បធម៌របស់ជនជាតិ …៕

បកប្រែដោយ Pham Diep