ទិវាមហាសាមគ្គីជាតិនៅភូមិ Khuoi On ឃុំ Hiep Luc ត្រូវបានប្រារព្ធឡើងក្នុងថ្ងៃដែលមានភ្លៀងធ្លាក់ជោកជាំ ប៉ុន្តែប្រជាជនគ្រប់គ្នាសុទ្ធតែរំភើបចិត្ត និងសប្បាយរីករាយ ព្រោះនេះជាពិធីបុណ្យដ៏ធំប្រចាំឆ្នាំ។ ភូមិ Khuoi On ជាតំបន់ព្រៃភ្នំ ដែលប្រជាជន ១០០% ជាជនជាតិ Dao។

leftcenterrightdel
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត លោក Dinh Quang Tuyen ជូនអំណោយដល់ប្រជាជនក្នុងភូមិ (រូប​ថត៖ backan.gov.vn)

ភូមិទាំងមូលមាន ៣៨ គ្រួសារ ថ្វីត្បិតតែនៅមានការលំបាកជាច្រើនក្នុងជីវភាពរស់នៅ ប៉ុន្តែនៅភូមិ Khuoi On ប្រជាជនតែងតែរួបរួមគ្នាអនុវត្តយុទ្ធនាការ “ប្រជាជនទាំងអស់រួបរួមគ្នាកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ”។ នៅក្នុងពិធីនេះក៏មានសកម្មភាពជាច្រើនដែលត្រូវបានរៀបចំឡើងដូចជា ការសម្តែងសិល្បៈ ការប្រកួតបាល់ទះ... ដោយទាក់ទាញប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ស្រុក Ngan Son ជាស្រុកភ្នំមួយស្ថិតនៅខាងជើងនៃខេត្ត Bac Kan រួមមានអង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន១០ (៩ ឃុំ និង ១ ទីរួមស្រុក) មានជនជាតិចំនួន ៦ រួមមាន៖ Tay, Nung, Kinh, Dao, Hmong, ចិន។ ដោយសារប្រជាជនភាគច្រើនរស់នៅតំបន់ភ្នំខ្ពស់ ដែលមិនអំណោយផលសម្រាប់ធ្វើស្រែចម្ការនោះទេ បានជាអត្រាគ្រួសារក្រីក្រនៅមានចំនួនជាង ៤០%។

leftcenterrightdel
ការ​សម្តែង​សិល្បៈក្នុង​ពិធី (រូប​ថត៖ backan.gov.vn)

ទោះបីជានៅជួបការលំបាកក៏ដោយ ក៏សព្វថ្ងៃនេះ នៅគ្រប់ទីកន្លែងសុទ្ធតែបានតុបតែងទង់ជាតិ និងផ្កាចម្រុះពណ៌ ប្រជាពលរដ្ឋចូលរួមយ៉ាងសប្បាយ​រីក​រាយ​ក្នុងទិវាមហាសាមគ្គីជាតិ ដោយស្របតាមស្ថានភាពរបស់មូលដ្ឋាន។ លោក Phan Van Chin ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក Ngan Son បានមានប្រសាសន៍ថា៖ “ទិវាមហាសាមគ្គីជាតិនៅស្រុក Ngan Son ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា ហើយនឹងបិទបញ្ចប់នៅថ្ងៃទី ១០ ខែវិច្ឆិកា។ ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះ គឺភូមិនានាមានការសម្តែងសំលៀកបំពាក់ជនជាតិ ដោយហេតុនេះ រួមចំណែកថែរក្សា និងអភិរក្សនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិនីមួយៗ។ ដោយសារស្ថានការណ៍ដ៏ស្មុគស្មាញនៃការរាតត្បាតនៃជំងឺកូវីដ-១៩ យើងខ្ញុំសូមស្នើឱ្យប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យនេះ គោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត»។

ស្មារតីសាមគ្គីភាពរបស់ប្រជាជនស្រុក Ngan Son មិនត្រឹមតែត្រូវបានបង្ហាញក្នុងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញតាមរយៈយុទ្ធនាការ និងចលនាស្នេហាជាតិទៀតផង។ នៅឆ្នាំ ២០២១ នេះ មានជាង ៩៦% នៃគ្រួសារបានបំពេញតាមស្តង់ដារនៃគ្រួសារវប្បធម៌ ហើយទីប្រជុំជន ១៤២/១៤៣ បានបំពេញតាមស្តង់ដារនៃទីប្រជុំជនវប្បធម៌...៕

បកប្រែដោយ Duy Hoan