ដោយធម្មជាតិមានអំណោយផល វាលស្រែនៅឃុំ Dong Lac ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ។ កាលពីមុន អង្ករដំណើបត្រូវបានគេយកទៅចម្ហុយជាបាយដំណើប និងធ្វើនំ។ ក្រោយមក គេបានយកស្រូវដំណើបខ្ចីទៅធ្វើអំបុក ហើយបានទទួលការពេញចិត្តពីមនុស្សជាច្រើន ហេតុនេះហើយ ប្រជាជនបានពង្រីកផ្ទៃដីដាំស្រូវដំណើប។

លោកស្រី Nong Thi Bach នៅភូមិ Trang ឃុំ Dong Lac បានចែករំលែកថា ដើម្បីមានអំបុកឆ្ងាញ់ ជាដំបូង គ្រឿងផ្សំត្រូវតែល្អ។ ហេតុនេះ យើងតែងតែដាំស្រូវដំណើបគ្រាប់ធំ និងមានគុណភាពល្អ។ គុណភាពអំបុកនៅទីនេះមិនអន់ជាងអំបុកនៅតំបន់ផ្សេងឡើយ ហេតុនេះ ភ្ញៀវមកបញ្ជាទិញជារៀងរាល់ឆ្នាំ។

leftcenterrightdel
ប្រជាជនជនជាតិ Tay ឃុំ Dong Lac ធ្វើអំបុក

បន្ទាប់ពីបោករួច គេយកស្រូវដំណើបទៅត្រាំក្នុងទឹក ហើយយកគ្រាប់ល្អទៅលីងនៅលើចង្ក្រានដុតអុស ឲ្យភ្លើងឆេះល្មមៗ កូរឲ្យស្មើដៃ។ បន្ទាប់មកដាក់ក្នុងត្បាល់បុក។ អង្ករដំណើបបុករួច មានព័ណ៌ខៀវ ទន់ និងត្រជាក់។ ជាមធ្យម ស្រូវមួយហាបអាចធ្វើអំបុក បានត្រឹម ២៥ ដល់-៣០ គីឡូក្រាម។ តម្លៃអំបុកចាប់ពី ៦០,០០០ ទៅ ៨០,០០០ ដុង/គីឡូក្រាម។ បងស្រី Trieu Thi Thao នៅភូមិ Na Chom ឃុំ Dong Lac បានឲ្យដឹងថា អំបុកស្រស់គេលក់ក្នុងតំបន់ និងនាំចេញតាមការបញ្ជាទិញ។ អំបុកស្រស់ៗអាចបរិភោគដោយផ្ទាល់ ឬកែច្នៃជាមុខម្ហូប ដូចជា បបរស្ករអំបុក បាយដំណើអំបុក បាយអំបុកឆាជាមួយខ្ទិដូង។ល។ ពិសេស គេធ្វើអំបុកដោយដៃទាំងស្រុង អំបុកមានជាតិស្អិត និងមានក្លិនឆ្ងុយឆ្ងាញ់ធម្មជាតិ។

ចូលរដូវធ្វើអំបុកម៉្ដងៗ ក្រុមគ្រួសារជាច្រើននៅឃុំ Dong Lac ទទួលបានចំណូលរាប់សិបលានដុង ប៉ុន្តែ ការធ្វើអំបុកនៅតូចតាច និងរាត់រាយនៅឡើយ និងធ្វើដោយដៃ។ ហេតុនេះ ប្រជាជនរំពឹងថា អាជ្ញាធរមូលដ្ឋាននឹងយកចិត្តទុកដាក់ដល់ការរៀបចំតំបន់ផលិតកម្ម ជួយគាំទ្រការបណ្ដាក់ទុនជាម៉ាស៊ីនដើម្បីធ្វើអំបុក។ ប្រជាជនក៏រំពឹងថា អំបុកនៅឃុំ Dong Lac ត្រូវបានផ្សព្វផ្សាយដល់ទស្សនិកជននៅតំបន់ជាច្រើន។ ទន្ទឹមនឹងនោះ ការផ្សារភ្ជាប់ទេសចរណ៍សហគមន៍ ជាមួយសិប្បកម្មទេសចរណ៍ នឹងបង្កើតឱកាសសម្រាប់ការផ្សព្វផ្សាយអំបុកដល់ភ្ញៀវទេសចរ៕

បកប្រែដោយ Thuy Anh