leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang

“បណ្តាស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានឲ្យដឹងថា ក្រុមនាវា HD ៨ របស់ចិនបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសវៀតណាមដោយរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមដែលត្រូវបានកំណត់ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលទាំងវៀត ណាម និងចិនជាហត្ថលេខី។ វៀតណាមបានប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពនេះ និងបានធ្វើទំនាក់ទំនងជាមួយចិនអំពីបញ្ហានេះ។ ជាថ្មីម្តងទៀត វៀតណាមបានស្នើឲ្យប្រទេសចិនបញ្ឈប់ការរំលោភបំពានជាបន្ទាន់ ដោយដកក្រុមនាវាទាំងអស់ដែលបានរៀបរាប់ខាងលើចេញពីដែនទឹករបស់វៀតណាម ហើយកុំអោយមានការរំលោភនេះកើតមានឡើងទៀត។ វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាព និងអត្ថប្រយោជន៍ស្របច្បាប់របស់ខ្លួននៅសមុទ្រខាងកើតដោយគ្រប់មធ្យោបាយដែលត្រូវបានអនុញ្ញាតដោយច្បាប់អន្តរជាតិ” ។

* ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្ម របស់វៀតណាមចំពោះសេចក្តីថ្លែងការណ៍ថ្ងៃទី ១៨ ខែកញ្ញា របស់អ្នកនាំពាក្យក្រសួងការបរទេសចិន  អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានថ្លែងយ៉ាងច្បាស់ថា៖ ជំហរមោះមុតរបស់វៀតណាមចំពោះបញ្ហានេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមនៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ ។ តំបន់ដែលចិនហៅថា “ឆ្នេរ Wan An” ពិតជាឆ្នេរថ្មប៉ប្រះទឹកដែលជាផ្នែកមួយនៃបាតសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដែលបានកំណត់ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ នេះប្រាកដប្រជាមិនមែនជាតំបន់មានជម្លោះឬត្រួតស៊ីគ្នាទេ ពីព្រោះចិនមិនមានមូលដ្ឋានច្បាប់អន្តរជាតិណាមួយដើម្បីធ្វើការទាមទារតំបន់នេះទេ។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រក្នុងឆ្នាំ ១៩៨២ និងភាពជាក់ស្តែងក្នុងរយៈពេលកន្លងមកបានបញ្ជាក់យ៉ាងច្បាស់អំពីបញ្ហានេះ៕

បកប្រែដោយ Minh Trung