"មនុស្សគ្រប់គ្នាសុទ្ធតែមានក្តីសុបិនអំពីពិភពលោកមួយប្រកបដោយសន្តិភាព បង្រួបបង្រួម យោគយល់មេត្តាករុណា។ ទោះបីជាមានភាពខុសគ្នាអំពីភាសា ជាតិសាសន៍ សញ្ជាតិក៏ដោយ ក៏មនុស្សគ្រប់រូបមានចក្ខុវិស័យរួមមួយនោះគឺបរិយាកាសមួយដោយគ្មានសង្រ្គាម គ្មានភេរវកម្ម និងមានតែសន្តិភាពប៉ុណ្ណោះ" នេះគឺជាការចែករំលែកពីបំណងប្រាថ្នាដ៏ល្អសម្រាប់ពិភពលោកនៃព្រះតេជគុណ Sunyananda មកពីសហរដ្ឋអាមេរិក។ នៅក្រៅអង្គមហាពិធីបុណ្យវិសាខបូជា ប្រតិភូអន្ដរជាតិនានាបានសម្តែងនូវក្តីសប្បាយរីករាយដោយបានវត្តមាននៅវត្ត Tam Chuc ខេត្ត Ha Nam នៃប្រទេសវៀតណាម និងមានការពេញចិត្តយ៉ាងខ្លាំងចំពោះសោភណ្ឌភាពនៅទីនេះដែលអាចជួយឲ្យមនុស្សបន្ធូរអារម្មណ៍ បន្ធូរភាពតានតឹងក្នុងចិត្ត ដើម្បីរៀនតាមចិត្តសន្តោសប្រណីនៃព្រះពុទ្ធ ។

leftcenterrightdel
មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ២០១៩បានប្រព្រឹត្តទៅនៅវត្ត Tam Chuc

 

ព្រះតេជគុណមកពីប្រទេសអូស្ត្រាលីលោក Williams បានឲ្យដឹងថា នេះគឺជាលើកទីពីរហើយដែលលោកបានចូលរួមមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិដែលរៀបចំដោយវៀតណាម។ លើកមុននៅវត្ត Bai Dinh ហើយម្តងនេះនៅវត្ត Tam Chuc។ "ម្តងណាខ្ញុំក៏ត្រូវបានឆ្លងកាត់បទពិសោធន៍ខុសៗគ្នាដែរ ប៉ុន្តែមានចំណុចរួមមួយដែលខ្ញុំមើលឃើញនោះគឺចិត្តសន្តោសប្រណី និងស្មារតីបង្រួបបង្រួម នៃមនុស្សគ្រប់គ្នា។ ចូលរួមក្នុងមហាពិធីបុណ្យ Vesak  នៃអង្គការសហប្រជាជាតិខ្ញុំគ្មានបំណងណាមួយសម្រាប់ខ្លួនខ្ញុំនោះទេ ត្រឹមតែបួងសួងឲ្យមនុស្សជាតិមានសេចក្តីសុខ បានរស់នៅប្រកបដោយភាពសុខសាន្តប៉ុណ្ណោះ"។

គណៈប្រតិភូទាំងអស់បានឆ្លងបទពិសោធន៍ខុសគ្នានៅវៀតណាម ប៉ុន្តែជាទូទៅពួកគេមានចំណាប់អារម្មណ៍យ៉ាងល្អចំពោះប្រទេស និងប្រជាជនវៀតណាម។ ព្រះតេជគុណ Andrew Williams បានមានប្រសាសន៍ថា៖ “អ្នកមានចិត្តល្អរាក់ទាក់ណាស់។  គ្រូរបស់ខ្ញុំក៏ជាជនជាតិវៀតណាមដែរ ហើយលោកគ្រូបានបង្រៀនដល់ខ្ញុំជាច្រើនអំពីជីវិតនេះ។ ខ្ញុំមិនដឹងថាតាំងពីពេលណាមក ខ្ញុំបានស្រលាញ់អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់អ្នកហើយ។ ថ្វីត្បិតតែខ្ញុំទើបតែមកដល់ទីនេះបានចំនួន ៤ លើកក៏ពិតមែន ប៉ុន្តែខ្ញុំមានអារម្មណ៍ដូចជាខ្ញុំបានមកទីនេះជាច្រើនដងរួចហើយ ព្រោះអ្វីៗទាំងអស់នៅប្រទេសរបស់អ្នកជិតស្និទ្ធនឹងខ្ញុំណាស់។

ព្រះតេជគុណ Sunyananda បានសម្តែងនូវអារម្មណ៍ដែលលោកចាត់ទុកថា "ពិតជាពិសេសណាស់ នៅពេលដែលត្រូវបានស្វែងយល់អំពីវប្បធម៌ប្រពៃណីទទួលទានបួសនៅក្នុងតំបន់អាស៊ី ដែលក្នុងនោះមានទាំងវៀតណាមផង"។ ពីព្រោះពិតជាលំបាកយ៉ាងខ្លាំងណាស់នៅសហរដ្ឋអាមេរិកដើម្បីសម្លអាហារបួស ហើយក៏មិនមានរូបមន្តច្រើនក្នុងការចម្អិនម្ហូបអស្ចារ្យនានាដូចក្នុងមហាពិធី Vesak លើកនេះទេ។ មហាពិធីបុណ្យ Vesak ឆ្នាំ២០១៩ មិនត្រឹមតែជាវេទិកាបើកសម្រាប់រាល់ដំណោះស្រាយចំពោះបញ្ហានានាពេលបច្ចុប្បន្នតាមទស្សនវិជ្ជានិងប្រាជ្ញានៃពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យអាហារបួស និងវប្បធម៌ដ៏សម្បូរបែបដែលប្រទេសម្ចាស់ផ្ទះផ្តល់ជូនប្រតិភូទាំងអស់មកពីជាង១០០ប្រទេស និងតំបន់ទូទាំងពិភពលោក។ អ្នកទេសចរមកពីគ្រប់ទិសទី និងមិត្តភក្តិអន្តរជាតិ មានឱកាសរីករាយសប្បាយនឹងម្ហូបបួសរបស់វៀតណាមដែលបានរៀបចំដោយគណៈកម្មាធិការចាត់តាំងយ៉ាងល្អ ដោយមានរាប់រយមុខម្ហូបបួសពោរពេញទៅដោយអត្តសញ្ញាណជាតិ។

“ពិតជាអស្ចារ្យណាស់ ត្រឹមតែក្នុងមួយរយៈពេលខ្លីប្រទេសម្ចាស់ផ្ទះអាចសម្រេចបានការងាររៀបចំទាំងអស់នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ដើម្បីប្រារព្ធមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ២០១៩។ ទេសភាពនៅទីនេះពិតជាស្រស់ស្អាតកម្រមានណាស់លើលោក” ព្រះតេជគុណ Sunyananda បានចែករំលែកដូចខាងលើ។

ចែករំលែកអំពីទស្សនរបស់ប្រតិភូអញ្ជើញចូលរួមពិធីបុណ្យនេះលោក Michel Angel Vargas Perez-Abreu ដែលជាពុទ្ធបរិស័ទមកពីគុយបាឲ្យដឹងថា នេះជាលើកដំបូងដែលខ្ញុំបានចូលរួមព្រឹត្តិការណ៍នេះនៅវៀតណាម។ ពេលមកដល់វត្ត Tam Chuc ភ្លាមៗខ្ញុំទទួលបានការទទួលដ៏កក់ក្តៅ និងរាក់ទាក់ស្និទ្ធស្នាលពីសំណាក់អ្នកស្ម័គ្រចិត្តវៀតណាមបានធ្វើឱ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំក៏មានឱកាសបានជជែកនិយាយជាមួយអ្នកកាន់ព្រះពុទ្ធសាសនាវៀតណាមជាច្រើនដែរ ដូច្នេះខ្ញុំយល់ដឹងបន្ថែមអំពីប្រពៃណីព្រះពុទ្ធសាសនាអមដំណើរជាមួយប្រជាជនវៀតណាមតាំងពីយូរណាស់មកហើយ ព្រមទាំងបានមើលឃើញពីជីវិតសាសនានៅក្នុងប្រទេសវៀតណាមពិតជាសេរីណាស់"។

* ដោយមានចំនួនពុទ្ធបរិស័ទ និងភ្ញៀវអន្តរជាតិចំនួន ១,៦៥០ នាក់មកពីកប្រទេស និងតំបន់ដែនដីចំនួន ១១២ លើទូទាំងពិភពលោកអញ្ជើញចូលរួមមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយវៀតណាមបានក្លាយទៅជាវេទិកាដ៏ធំទូលាយមួយសម្រាប់សហគមន៍ពុទ្ធសាសនាអន្តរជាតិអាចចែករំលែកអំពីបំណងប្រាថ្នាដ៏ល្អសម្រាប់ពិភពលោក។ នេះក៏ជាឱកាសដ៏ល្អមួយដើម្បីវៀតណាមផ្សព្វផ្សាយពីរូបភាពរបស់ខ្លួន និងពង្រីកសក្តានុពលទេសចរណ៍ខាងវិញ្ញាណរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តហាណាមនិយាយដោយឡែក និងប្រទេសវៀតណាមទាំងមូលនិយាយរួម៕

បកប្រែដោយ Minh Trung