មានប្រសាសន៍ក្នុងជំនួប លោកឯកអគ្គរដ្ឋទូត Park Noh Wan បញ្ជាក់ថា វៀតណាម និងកូរ៉េខាងត្បូងគឺជាប្រទេសពីរដែលមានទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ពិសេសលើវិស័យទេសចរណ៍។ យោងតាមលោក Park Noh Wan បានឲ្យដឹងថា ឥឡូវនេះគឺជារយៈពេលល្អសម្រាប់ការបង្កើតឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍។

leftcenterrightdel
លោក Nguyen Ngoc Thien ទទួលជួបលោក Park Noh Wan (រូបថត៖ dangcongsan.vn)

លោកឯកអគ្គរដ្ឋទូត Park Noh Wan រំពឹងថា លោក Nguyen Ngoc Thien នឹងស្នើសុំទៅរដ្ឋាភិបាលស្ដីពីការរៀបចំដំណើរការឡើងវិញ និងបើកទេសចរណ៍ជាមួយប្រទេសនានាដែលគ្រប់គ្រងជំងឺ Covid-19 បានហើយ រួមទាំងប្រទេសកូរ៉េខាងត្បូងផង។

ចំពោះវិស័យកីឡា ប្រទេសកូរ៉េខាងត្បូងនឹងជួយឧបត្ថម្ភកីឡាករវៀតណាម ៣ ឬ ៤ នាក់ចូលរួមការបង្វឹកបង្ហាត់នៅប្រទេសកូរ៉េខាងត្បូង។ លោកឯកអគ្គរដ្ឋទូតរំពឹងថា លោករដ្ឋមន្រ្តីនឹងយកចិត្តទុកដាក់ដល់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងដែលកំពុងធ្វើការនៅវៀតណាម។

ចំពោះវិស័យវប្បធម៌ នៅពេលខាងមុខនេះ ភាគីកូរ៉េខាងត្បូងនឹងរៀបចំកម្មវិធីជាច្រើននៅវៀតណាម។ យោងតាមលោក Park Noh Wan បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងកំពុងជម្រុញការបង្កើតឡើងមូលនិធិភាពយន្តកូរ៉េខាងត្បូង - អាស៊ាន គ្រោងនឹងបង្ហាញនៅឆ្នាំ ២០២០។ ប្រទេសកូរ៉េខាងត្បូងរំពឹងថា វៀតណាមនឹងចូលរួមយ៉ាងសកម្មនៅក្នុងមូលនិធិនេះ។

ក្នុងឱកាសនេះលោក Nguyen Ngoc Thien បានអបអរសាទរចំពោះលោក Park Noh Wan ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម។ លោក Nguyen Ngoc Thien ជឿជាក់ថា ក្នុងឋានៈថ្មីរបស់ខ្លួន លោក Park Noh Wan នឹងរួមវិភាគទានក្នុងការជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍រវាងប្រទេសទាំងពីរឲ្យឡើងកំរិតថ្មី។

លោក Nguyen Ngoc Thien បានឲ្យដឹងថា ការរៀបចំសកម្មាភាពនានានៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរត្រូវបានអនុវត្តជាជំហានៗ។ លោករដ្ឋមន្រ្តីបានចាត់ឲ្យអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមធ្វើការស្រាវជ្រាវនិងរៀបចំផែនការអនុវត្ត។

ចំពោះវិស័យកីឡា លោករដ្ឋមន្រ្តីបញ្ជាក់ជាថ្មីម្ដងទៀតថា ស្នាដៃគួរចាប់អារម្មណ៍របស់វៀតណាមនៅការប្រកួតអន្តរជាតិបានមកពីជំនួយពីប្រទេសកូរ៉េខាងត្បូងនិងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង។ លោករដ្ឋមន្រ្តីរំពឹងថា នៅពេលខាងមុខនេះ វៀតណាមនឹងបន្តទទួលបានការជួយឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូងតទៅទៀត។

ចំពោះសកម្មភាពវប្បធម៌ លោករដ្ឋមន្រ្តីបញ្ជាក់ថា នេះជាវិស័យដែលប្រទេសទាំងពីរទទួលបានលទ្ធផលល្អនៅពេលកន្លងមក។ លោករំពឹងថា ប្រទេសកូរ៉េខាងត្បូង ជាពិសេសគឺលោកឯកអគ្គរដ្ឋទូតនឹងរៀបចំសកម្មភាពសិល្បៈ បញ្ជូនវង់តន្រ្តីកូរ៉េខាងត្បូងមកសម្ដែងនៅវៀតណាមដើម្បីបង្កើនជំនួបប្រាស្រ័យ ជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Nguyen Ngoc Thien ក៏បញ្ជាក់ថា វៀតណាមនឹងគាំទ្រ និងចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងមូលនិធិភាពយន្តកូរ៉េខាងត្បូង - អាស៊ាន៕

បកប្រែដោយ Thanh Cong