អ៊ីរ៉ង់បដិសេធមិនបើកច្រកសមុទ្រ Hormuz ឡើងវិញ
ទោះបីជាមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិកក្នុងការនាំអ៊ីរ៉ង់វិលត្រឡប់ទៅយុគសម័យថ្មវិញក៏ដោយ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រកាសថានឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញ តាមសំណើររបស់អាមេរិកនោះទេ ហើយកំពុងរៀបចំបង្កើតសណ្តាប់ធ្នាប់ថ្មីនៅឈូងសមុទ្រពែរ្ស។
សេចក្តីប្រកាសបន្តហ៊ុំព័ទ្ធច្រកសមុទ្រ Hormuz និងត្រៀមរៀបចំសម្រាប់បង្កើតសណ្តាប់ធ្នាប់ថ្មីនៅឈូងសមុទ្រពែរ្ស ត្រូវបានប្រកាសដោយកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅយប់ថ្ងៃទី ៥ ខែមេសា តែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្យាពេល ២៤ម៉ោងបន្ថែមទៀតសម្រាប់អ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នៅលើបណ្តាញសង្គម X បញ្ជាការកងទ័ពជើងទឹក IRGC បានលើកច្បាស់ថា ច្រកសមុទ្រ Hormuz មិនអាចវិលត្រឡប់ទៅសភាពដើមដូចមុនជម្លោះបានទេ ជាពិសេសសម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កងទ័ពជើងទឹក IRGC កំពុងរៀបចំប្រកាសផែនការរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ស្តីពីសណ្តាប់ធ្នាប់ថ្មីនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។
អ៊ីរ៉ង់បានសម្រេចចិត្ត បិទច្រកសមុទ្រ Hormuz ដែលជាខ្សែផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ជាការសងសឹកចំពោះការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែលលើប្រទេសនេះ ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ។ កាយវិការនេះបានធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពតានតឹង បណ្តាលឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ និងដាក់សម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចនៅទូទាំងពិភពលោក៕
តាម vovworld.vn