ថ្លែងមតិបន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសអឺរ៉ុប ដើម្បីធានាសន្តិសុខសម្រាប់អ៊ុយក្រែន; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើលទ្ធភាពនៃការរៀបចំកិច្ចប្រជុំត្រីភាគីដោយមានការចូលរួមពីរុស្ស៊ី ដើម្បីស្វែងរកឱកាសសម្រាប់បញ្ចប់ជម្លោះ៖ “ខ្ញុំមិនគិតថា នឹងត្រូវការបទឈប់បាញ់ទេ។ ខ្ញុំចូលចិត្តគំនិតនៃបទឈប់បាញ់ដោយហេតុផលតែមួយ ពោលគឺប្រជាជននឹងឈប់ត្រូវគេសម្លាប់។ យើងអាចធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ហើយខ្ញុំសង្ឃឹមថា ការប្រយុទ្ធនឹងត្រូវបញ្ឈប់។ ជាយុទ្ធសាស្ត្រ បទឈប់បាញ់អាចជាគុណវិបត្តិសម្រាប់ភាគីណាមួយ ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាពទាំងអស់ដែលខ្ញុំបានចូលរួម មិនបានរួមបញ្ចូលពាក្យថា ឈប់បាញ់នោះទេ”។

leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុប នៅសេតវិមានក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ (រូបថត៖ REUTERS)

រីឯខ្លួនវិញ ប្រធានាធិបតី Zelensky បានបញ្ជាក់ថា អ៊ុយក្រែនគាំទ្រគំនិតផ្តួចផ្តើមអន្តរជាតិដើម្បីបញ្ចប់ជម្លោះ ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់លោកក្នុងការចូលរួមក្នុងយន្តការសន្ទនាត្រីភាគី។

ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំនេះ លោកប្រធានាធិបតី Trump បានជួបជាមួយមេដឹកនាំអឺរ៉ុបជាច្រើន រួមទាំងប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer អធិការបតីអាល្លឺម៉ង់ Friedrich Merz នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Mark Rutte និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី Trump បាននិយាយថា ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន ចាំបាច់ត្រូវពិចារណាជម្រើសផ្សេងៗ រួមទាំងលទ្ធភាពនៃការផ្លាស់ប្តូរទឹកដីរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ លោក Trump ជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Zelensky អាចស្វែងរកចំណុចរួម ដើម្បីបញ្ចប់ជម្លោះ។

កាលពីម្សិលមិញផងដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទូរស័ព្ទជាមួយមេដឹកនាំពិភពលោកជាច្រើន ដើម្បីចែករំលែកលទ្ធផលនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ដែលទើបតែធ្វើឡើងនៅអាឡាស្កា ជាមួយប្រធានាធិបតីអាមេរិក លោក Donal Trump៕

តាម vovworld.vn