leftcenterrightdel
តំណាងបណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចូលរួមសម័យប្រជុំ តាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

 

នៅឯកិច្ចប្រជុំនេះ វៀតណាមបានសំដែងនូវគោលបំណងចង់ឲ្យ UNRCCA បន្តជួយគាំទ្រដល់បណ្តាប្រទេសនៅអាស៊ីកណ្តាលក្នុងការដោះស្រាយរាល់បញ្ហាដូចជាការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 និងការប្រឆាំងភេរវកម្ម។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា លោកស្រី Natalie Gherman តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាប្រធាន UNRCCA បានរាយការណ៍ជូនក្រុមប្រឹក្សាសន្ដិសុខនូវប្រតិបត្ដិការរបស់ UNRCCA ចាប់តាំងពីសម័យប្រជុំប្រចាំរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងខែមករាឆ្នាំ ២០២០ កន្លងទៅ គឺផ្តោតលើការជួយបណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាលក្នុងការទប់ទល់នឹងជំងឺរាតត្បាត COVID-19 និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី ដូចជាការប្រឆាំងនឹងអំពើភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម ការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ការចូលរួមរបស់ស្ត្រីនិងយុវជនក្នុងវិស័យការទូតការពារ។ UNRCCA និងលោកស្រី Gherman ក៏បានបន្តជំរុញកិច្ចសន្ទនារវាងបណ្តាប្រទេសនៅអាស៊ីកណ្តាលជាមួយអាហ្វហ្គានីស្ថាននិងអង្គការពាក់ព័ន្ធក្នុងតំបន់ តាមរយៈប្រព័ន្ធវីដេអូ។

បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងការគាំទ្រចំពោះប្រតិបត្ដិការរបស់ UNRCCA ដោយចែករំលែកនូវបញ្ហាប្រឈមនានាដែលបណ្តាប្រទេសនៅអាស៊ីកណ្តាលកំពុងប្រឈមមុខក្នុងបរិបទដែលការរីករាលដាលនៃ COVID-19  នៅតែស្មុគស្មាញ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះប្រតិបត្ដិការរបស់ UNRCCA និងលោកស្រី Gherman ផ្ទាល់ដោយចាត់ទុកថា នេះជាគំរូវិជ្ជមានរបស់អង្គការសហប្រជាជាតិក្នុងការលើកកម្ពស់ការទូតការពារក្នុងតំបន់ ព្រមទាំង លោកវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍នៃសន្តិសុខ សេដ្ឋកិច្ច និងសង្គមនៅក្នុងបណ្តាប្រទេសនៅអាស៊ីកណ្តាល និងចែករំលែកការព្រួយបារម្ភអំពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ COVID-19 លើប្រទេសទាំងនេះ។

គួររំលឹកថា UNRCCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយសេចក្តីសំរេចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងផ្អែកលើគំនិតផ្តួចផ្តើមរបស់បណ្ដាប្រទេសនៅអាស៊ីកណ្តាលចំនួន ៥ គឺកាហ្សាក់ស្ថានកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថានស្ដីពីការបង្កើតយន្តការមួយក្នុងតំបន់ដើម្បីជំរុញកិច្ចសន្ទនា ការទូតការពារ  កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណីក្នុងចំណោមប្រទេសទាំង ៥ នេះ៕

បកប្រែដោយ Pham Diep