យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Mark Lowcock បានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសស៊ីរីមានករណីការឆ្លងជំងឺ Covid-19 ចំនួន ២៥៦ នាក់ដែលក្នុងនោះមានមនុស្សស្លាប់ ៩ នាក់។

leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ (រូបថត៖ vnanet.vn)

 

លោកបាននិយាយបន្ថែមថា ប្រព័ន្ធសុខាភិបាលនៅស៊ីរីគ្មានលទ្ធភាពទប់ទល់នឹងការផ្ទុះជំងឺ Covid-19  ក្នុងទ្រង់ទ្រាយធំបានទេ។ លោក Mark Lowcock បានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចទៅលើប្រជាជនស៊ីរីនៅពេលដែលក្នុងរយៈពេល ៦ ខែចុងក្រោយ តម្លៃប្រាក់ Pound របស់ស៊ីរីបានធ្លាក់ចុះយ៉ាងខ្លាំង។

យោងតាមការប៉ាន់ប្រមាណរបស់កម្មវិធីស្បៀងអាហារពិភពលោកបានឲ្យដឹងថា តម្លៃទំនិញនៅស៊ីរីបានកើនឡើង ២០០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន ហើយប្រជាជន ៩,៣ លាននាក់ស្ថិតក្នុងស្ថានភាពខ្វះស្បៀងអាហារ។ លោក Mark Lowcock បានឲ្យដឹងថា អង្គការសហប្រជាជាតិ និងដៃគូសន្ទនាខិតខំអស់ពីសមត្ថភាពក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយគាំទ្រប្រទេសស៊ីរីទប់ទល់នឹងជំងឺឆ្លងរាតត្បាត Covid-19 ផងដែរ។

ថ្លែងនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការព្រួយបារម្ភជាមួយបណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរី។ លោកឯកអគ្គរដ្ឋទូតស្នើអង្គការសហប្រជាជាតិ និងដៃគូសន្ទនានានាឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភទំនិញដល់ប្រជាជនស៊ីរី។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ដំណោះស្រាយរយៈពេលវែងដើម្បីប្រទេសស៊ីរីគេចផុតពីវិបត្តិបច្ចុប្បន្នគឺជំរុញដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយចំពោះបញ្ហាស៊ីរីដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep