បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធាន UNMISS - លោក David Shearer និង នាយកប្រតិបត្តិនៃអង្គការប្រគល់អំណាចឲ្យសហគមន៍នៅស៊ូដង់ខាងត្បូង (CEPO) - លោក Edmund Yakani បានអញ្ជើញចូលរួម និងរាយការណ៍នៅក្នុងកិច្ចប្រជុំនោះ។

leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៣ ខែមិថុនា ប្រជុំស្តីពីស្ថានភាពនៅស៊ូដង់ខាងត្បូងតាមប្រព័ន្ធវីដេអូ 

 

នៅក្នុងកិច្ចប្រជុំនេះវៀតណាមបានសង្កត់ធ្ងន់លើសារសំខាន់នៃការជំរុញដំណើរការអន្តរកាល និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅស៊ូដង់ខាងត្បូង។

យោងតាមអ្នករាយការណ៍បានឲ្យដឹងថា ស្ថានភាពនៅស៊ូដង់ខាងត្បូងមានការវិវឌ្ឍជាវិជ្ជមាននាពេលកន្លងមក ជាពិសេសការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅថ្ងៃទី ២២ ខែកុម្ភៈ ដែលក្នុងនោះរួមមានអតីតមេដឹកនាំគណៈបក្សប្រឆាំងលោក Riek Marchar ធ្វើជាអនុប្រធានាធិបតីទី១ ទៀតផង។ នៅក្នុងគណៈរដ្ឋមន្រ្តីថ្មីមានតែអនុប្រធានាធិបតី០១រូប និងរដ្ឋមន្រ្តី ៩ រូបជាស្ត្រីប៉ុណ្ណោះ។ លើសពីនេះទៀត នាពេលថ្មីៗនេះបណ្តាភាគីពាក់ព័ន្ធបានឈានដល់កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំប្រទល់គ្នាក្នុងចំណោមរដ្ឋទាំងអស់។ ទោះជាយ៉ាងណាក៏ដោយក៏ស្ថានភាពនៃការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងបណ្តាក្រុមប្រដាប់អាវុធដែលមិនបានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៨នោះ ក៏ដូចជាអំពើហឹង្សារវាងបណ្តាសហគមន៍នៅកំពុងតែមាននិន្នាការកើនឡើងផងដែរ។ ក្រៅពីនោះ រោគរាតត្បាត Covid-19 ក៏បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច និងមនុស្សធម៌នៅស៊ូដង់ខាងត្បូង ហើយនិងបានរារាំងដល់ដំណើរការផ្លាស់ប្តូរពីព្រោះរដ្ឋាភិបាលនៃប្រទេសនេះត្រូវផ្តោតសំខាន់លើការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺនេះ។ គិតមកត្រឹមថ្ងៃទី ២៣ ខែមិថុនា ប្រទេសស៊ូដង់ខាងត្បូងមានករណីឆ្លង១,៨៩២ករណី និង៣៤ករណីបានស្លាប់ដែលបណ្តាលមកពីការឆ្លងមេរោគផ្លូវដង្ហើមដ៏កាចសាហាវគឺ Covid-១៩ ដែលក្នុងនោះមានអនុប្រធានាធិបតី ៣ រូប និងរដ្ឋមន្ត្រី ៩ រូបឆ្លងជំងឺ Covid-19 ហើយ។

លោក David Shearer បានមានប្រសាសន៍ថា UNMISS បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីអនុវត្តនូវរាល់វិធីសាស្រ្តសម្រាប់ការការពារជនស៊ីវិលនៅក្នុងបរិបទនៃការផ្ទុះឡើងនៃជំងឺ Covid-19 ។ លោកបានគូសបញ្ជាក់ពីការលំបាកមួយចំនួនរបស់ UNMISS ខណៈពេលដែលរដ្ឋាភិបាលកំពុងដាក់ចេញនូវរាល់បទកំណត់រឹតបន្តឹងការធ្វើដំណើរដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ។ លោក David Shearer ក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ និងទីភ្នាក់ងារអន្តររដ្ឋាភិបាល និងអភិវឌ្ឍន៍ (IGAD) បន្តជំរុញភាគីនានានៅស៊ូដង់ខាងត្បូងឲ្យគោរពអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពនេះ។

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីនានានៅស៊ូដង់ខាងត្បូងឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញ និងស្វាគមន៍ការវិវឌ្ឍវិជ្ជមានមួយចំនួនក្នុងរយៈពេលកន្លងមកនៅស៊ូដង់ខាងត្បូង និងបានអំពាវនាវឱ្យភាគីទាំងអស់គោរពតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នាឱ្យបានពេញលេញ។ បណ្តាប្រទេសដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងគាំទ្រការដែលសហគមន៍អន្តរជាតិត្រូវការពង្រឹងការជួយគាំទ្រដល់ស៊ូដង់ខាងត្បូងឲ្យដោះស្រាយរាល់បញ្ហាមនុស្សធម៌ និងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។ ប្រទេសមួយចំនួនបានលើកឡើងថា នៅក្នុងរយៈពេលខាងមុខនេះ ស៊ូដង់ខាងត្បូងគួរតែផ្តោតលើការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌នៅក្នុងដំណាក់កាលអន្តរកាល និងត្រូវតែប្រឆាំងអំពើពុករលួយ ធានាសិទ្ធិសេរីភាព និងការចូលរួមរបស់ប្រជាជន ជាពិសេសគឺស្ត្រីក្នុងដំណើរការនៃការកសាងប្រទេសឡើងវិញ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍវិជ្ជមាននៅស៊ូដង់ខាងត្បូងក្នុងរយៈពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូតបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបណ្តោះអាសន្នស៊ូដង់ខាងត្បូងក្នុងការឆ្លើយតបទៅនឹង Covid-19 និងចែករំលែកការលំបាកក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដោយសារឥទ្ធិពលនៃជំងឺ Covid-19 ។ លោកក៏បានទទួលសម្គាល់ដែរថា កិច្ចព្រមព្រៀងឈប់បាញ់ជាមូលដ្ឋានត្រូវបានអនុវត្តទោះបីស្ថានភាពនៅមានបញ្ហាស្មុគស្មាញខ្លះក៏ដោយ។

លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះ UNMISS ព្រមទាំងបានជូនព័ត៌មានបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត២ លេខ២ របស់វៀតណាមនៅ Bentiu (ស៊ូដង់ខាងត្បូង) ក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid-19 ។ បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានចូលរួមចំណែកចំនួន ៦៨ នាក់សម្រាប់ភារកិច្ចបំពេញបេសកកម្ម UNMISS ដែលក្នុងនោះមានស្រ្តី ១១ នាក់ស្មើនឹង ១៦% ។

ប្រទេសវៀតណាមបានចូលរួមជាផ្លូវការក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងបានបញ្ជូនកម្មាភិបាលចំនួន ២ រូបឱ្យចូលរួមជាមួយ UNMISS ក្នុងឆ្នាំ ២០១៤ ។ ចាប់តាំងពីដើមឆ្នាំ ២០២០ ដល់ថ្ងៃទី ១០ ខែមិថុនា កន្លងមក កងពេទ្យបានទទួល ប្រមូល និងព្យាបាលអ្នកជម្ងឺចំនួន ៩២៧ នាក់ក្នុងនោះមានករណីដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ៤ ករណី និងបានវះកាត់ឲ្យចំនួន ២០ ករណី។ លើសពីនេះ​​​​​កងពេទ្យក៏បានចូលរួមក្នុងការបណ្តុះបណ្តាលដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារការរីករាលដាលនៃជំងឺ Covid-19 សម្រាប់មន្ត្រី និងបុគ្គលិកនៃអង្គការសហប្រជាជាតិនៅតំបន់ដែលខ្លួនឈរជើង៕

បកប្រែដោយ Minh Trung