រុស្ស៊ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភលើបទឈប់បាញ់បុណ្យអ៊ីស្ទើរ
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នាថ្ងៃទី ២០ មេសា បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់រយៈពេលមួយថ្ងៃក្នុងឱកាសបុណ្យអ៊ីស្ទើរ។
នៅលើបណ្តាញសង្គម X ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារចំនួន ២៦លើក ចាប់តាំងពីពាក់កណ្តាលអធ្រាត្រ រហូតដល់ថ្ងៃត្រង់ថ្ងៃទី ២០ ខែមេសា (ម៉ោងក្នុងស្រុក)។ ក្នុងពេលនោះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើទីតាំងមួយចំនួនរបស់រុស្សី ចំនួន ៤៤៤លើក និងការវាយប្រហារដោយយន្តហោះដ្រូនជាង ៩០០លើក បណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងបានសម្លាប់ជនស៊ីវិលជាច្រើននាក់។
នៅថ្ងៃទី ១៩ ខែមេសា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសបទឈប់បាញ់បុណ្យ អ៊ីស្ទើរ ចាប់ផ្តើមនៅវេលាម៉ោង ១៨៖០០ ថ្ងៃទី១៩ មេសា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី ២០ ខែមេសា (ម៉ោងក្នុងស្រុក)។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា បទឈប់បាញ់នេះ គឺសម្រាប់គោលបំណងមនុស្សធម៌ ហើយនឹងត្រូវបានអនុលោមដោយកងទ័ពរុស្ស៊ី “ក្រោមលក្ខខ័ណ្ឌថា អ៊ុយក្រែនអាចអនុលោម” តាមបទឈប់បាញ់។ រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសរបស់លោកនឹងអនុវត្តតាមបទឈប់បាញ់បុណ្យអ៊ីស្ទើរ ដែលស្នើឡើងដោយរុស្ស៊ី ហើយបានស្នើឲ្យបន្តបទឈប់បាញ់រហូតដល់ក្រោយបុណ្យអ៊ីស្ទើរ ប៉ុន្តែរុស្ស៊ីបានច្រានចោល។
នៅក្នុងការវិវឌ្ឍន៍ពាក់ពន្ធ នាថ្ងៃទី ២០ ខែមេសា អ៊ុយក្រែន និងរុស្ស៊ីបានផ្លាស់ប្តូរអ្នកទោសចំនួន ៥៣៨ នាក់បន្ទាប់ពីការចរចាដែលសម្របសម្រួលដោយអេមីរ៉ាតអារ៉ាប់រួម (UAE) ។ នេះគឺជាការដោះដូរអ្នកទោសដ៏ធំបំផុត ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែនកាលពីជាងបីឆ្នាំមុន៕
តាម vovworld.vn