ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Min Aung Hlaing ដែលបានជួយសម្រួលសម្រាប់បេសកជនពិសេសរបស់ប្រធានអាស៊ានទៅបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២១ ដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០២២ និងបានលើកឡើងពីបំណង​របស់ភាគីនានាលើការសម្រេចឱ្យបានឆាប់រហ័សនូវអាទិភាពបន្ទាន់ចំនួន ៣ ក្នុងការជំរុញការអនុវត្តការឯកភាពគ្នា ៥ ចំណុចរបស់អាស៊ានស្តីពីមីយ៉ាន់ម៉ា ដូចជា៖ ការបញ្ចប់អំពើហិង្សា ការផ្តល់ច្រករបៀងមនុស្សធម៌សម្រាប់មនុស្សទាំងអស់ដែលត្រូវការបំផុត ការកសាងទំនុកចិត្តដើម្បីបង្កើតកិច្ចសន្ទនានយោបាយដ៏ទូលំទូលាយ។

leftcenterrightdel
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា (រូប​ថត៖ Khmer Times)

លើសពីនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការដោះលែងអ្នកទោសជាង ១៦០០ នាក់ ដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់មីយ៉ាន់ម៉ាក្នុងខែមេសាកន្លងមក។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីរបបយោធាមីយ៉ាន់ម៉ាក្នុងការបង្កើតលក្ខខណ្ឌអំណោយផលដើម្បីបេសកជនពិសេសនៃប្រធានអាស៊ាន ធ្វើទស្សនកិច្ចជាលើកទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលអាចធ្វើទៅបាននៅចុងខែឧសភានេះ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកសារជាថ្មីអំពីសារៈសំខាន់របស់បេសកជនពិសេសដែលអាចជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី San Su Kyi និងអតីតប្រធានាធិបតី Win Myint ផងដែរ។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន។ ជាមួយគ្នានេះលោកបានជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពីស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជា៖ ការឆ្លើយតបទៅនឹងអំពើហិង្សាដែលអូសបន្លាយ ភាពតានតឹងក្នុងការចរចាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចលើកិច្ចព្រមព្រៀងឈប់បាញ់ ការចែកចាយប្រភពនៃវ៉ាក់សាំង Covid-19  និងសំភារៈបិរក្ខារពេទ្យ ជូនមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥៨។

លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានបញ្ជាក់ពីការត្រៀមជាស្រេចជួយសម្រួលសកម្មភាពជំនួយមនុស្សធម៌។ លើសពីនេះ លោកនាយឧត្តមសេនីយ៍ Min Aung Hlaing ក៏បានបញ្ជាក់ផងដែរថានឹងបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា នៅរាជធានីភ្នំពេញ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន  បានអះអាងពីការសន្យារបស់កម្ពុជាក្នុងការគាំទ្រការវិលទៅរកលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ស្របតាមការឯកភាព ៥ ចំណុចរបស់អាស៊ាន ក៏ដូចជាឯកភាព  របស់ប្រទេសអាស៊ានទាំង១០៕

បកប្រែដោយ Duy Hoan