ប្រជាជនវៀតណាមនៅអាល្លឺម៉ង់ទទួលអំណរបុណ្យតេតសហគមន៍
កប.អនឡាញ - នាយប់ថ្ងៃទី១០ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan ក្នុងទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ សម្របសម្រួលជាមួយសហគមន៍អាណិកជនវៀតណាមនៅប្រទេសអាល្លឺម៉ង់ បានប្រារព្ធបុណ្យតេតសហគមន៍ ដើម្បីស្វាគមន៍និទាឃរដូវ ឆ្នាំ ២០២៦។
អញ្ជើញចូលរួមកម្មវិធីនេះរួមមាន លោក Bodo Ramelow អនុប្រធានសភាសហព័ន្ធអាល្លឺម៉ង់; លោក Martin Schaefer អភិបាលខ័ណ្ឌ Lichtenberg ជាកន្លែងដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan និងប្រជាជនវៀតណាមជាច្រើនរស់នៅ; រួមជាមួយតំណាងមកពីក្រសួងការបរទេសអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូត និងភរិយា ភារធារីនៃប្រទេសអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូងប្រចាំទីក្រុងប៊ែរឡាំង តំណាងសមាគមនានានិងសហគមន៍អាណិកជនវៀតណាមយ៉ាងច្រើនកុះករ។
    |
 |
|
ពិធីគោរពទង់ជាតិ បើកបុណ្យតេតសហគមន៍ឆ្នាំ២០២៦ (រូបថត៖ vnanet.vn) |
នៅក្នុងកម្មវិធីនេះ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋបានជួបប្រាស្រ័យជាមួយគ្នាយ៉ាងសប្បាយរីករាយ ក្នុងបរិយាកាសពោរពេញទៅដោយអត្តសញ្ញាណបុណ្យតេតប្រពៃណីវៀតណាម ជាមួយនឹងពណ៌ផ្កាម៉ាក់ខៃ ផ្កាអង្គាសីល៍ដ៏ស្អាតឆើតឆាយ ជ្រុងលោកគ្រូសរសេរអក្សរផ្ចង់ តំបន់វេចនំអន្សមជ្រុង ហើយរីករាយជាមួយម្ហូបអាហារវៀតណាម។
មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍នេះ លោក Bodo Ramelow អនុប្រធានសភាសហព័ន្ធអាល្លឺម៉ង់ បានអះអាងថា អាណិកជនវៀតណាមជាង ២០០,០០០ នាក់ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ង់ គឺជា «ឯកអគ្គរដ្ឋទូតសន្តិភាព» ដែលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានឲ្យដឹងថា លោកមានគម្រោងមកបំពេញទស្សនកិច្ចនៅវៀតណាមនៅខែមិថុនាខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសភា ផ្លាស់ប្ដូរធនធានមនុស្ស និងចែករំលែកបទពិសោធន៍។
រីឯលោក Martin Schaefer អភិបាលខ័ណ្ឌ Lichtenberg ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធតាំងពីយូរលង់មក រវាងខ័ណ្ឌ Lichtenberg និងសហគមន៍អាណិកជនវៀតណាមនៅទីនេះ ហើយបានឲ្យដឹងបន្ថែមទៀតថា ខ័ណ្ឌ Lichtenberg ឥឡូវនេះបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយសង្កាត់ Cua Nam និងសង្កាត់ Hoan Kiem នៃទីក្រុងហាណូយ៕
បកប្រែដោយ Thanh Cong