leftcenterrightdel
ទីក្រុងហូជីមិញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាជីវកម្ម AMD (រូបថត៖ nhandan.vn)

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ សាជីវកម្ម AMD នឹងចូលរួមគំនិតផ្តួចផ្តើមបច្ចេកវិទ្យាដែលរៀបចំដោយទីក្រុងហូជីមិញ និងធ្វើជាសហអធិបតីរៀបចំរាល់ព្រឹត្តិការណ៍នវានុវត្ដន៍ និងវាយតម្លៃទៅលើបរិយាកាសវិនិយោគនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ។ ជាពិសេសសាជីវកម្ម AMD នឹងសហការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានអប់រំនៅមូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពសម្រាប់គ្រូបង្រៀន និស្សិត និងកម្មាភិបាលរបស់ក្រុង។

អញ្ជើញចូលរួមពិធីចុះហត្ថលេខានេះ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការ​ប្រជាជនទីក្រុងហូជីមិញ និងសាជីវកម្ម AMD បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរ​មូលដ្ឋានក្នុងការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ទាំងថ្នាក់ទីក្រុងនិងថ្នាក់ជាតិ។

លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យភាគីទាំងពីរគួរតែឯកភាពគ្នាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីភាពជាដៃគូដ៏រឹងមាំ រួមទាំងសាកលវិទ្យាល័យ មណ្ឌលបច្ចេកវិទ្យាខ្ពស់ និងអង្គភាពអាជីវកម្ម ដើម្បីជំរុញការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបៃតង។

លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាមបន្ថែមថា ភាគីទាំងពីរត្រូវមានផែនការជាក់លាក់ បង្កើនការសហការក្នុងការបណ្តុះបណ្តាល ធន​ធានមនុស្សនៅគ្រប់កម្រិត និងវិស័យផ្សេងៗគ្នា។ សាជីវកម្ម AMD គួរតែធ្វើការជាមួយទីក្រុងហូជីមិញដើម្បីស្វែងយល់អំពីតម្រូវការជាក់ស្ដែងដើម្បីជួយមូលដ្ឋានទាក់ទាញទុនវិនិយោគ និងជួយធុរកិច្ចអភិវឌ្ឍ៕

បកប្រែដោយ Pham Diep