អ្នកកាសែតជប៉ុនចាប់អារម្មណ៍ចំពោះការអភិវឌ្ឍនៃការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសរបស់វៀតណាម
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសជប៉ុន បានជួបសំណេះសំណាលជាមួយលោក Miyake Kazuhisa អតីតប្រធានទីភ្នាក់ងារសារព័ត៌មានក្យូដូប្រចាំនៅវៀតណាម។
ដោយបានធ្វើការ និងសង្កេតឃើញការអភិវឌ្ឍនៃសារព័ត៌មានវៀតណាមអស់រយៈពេលជាច្រើនឆ្នាំ លោក Miyake បានចែករំលែកទស្សនៈរបស់ខ្លួនអំពីការផ្លាស់ប្តូរសំខាន់ៗ ក៏ដូចជាបញ្ហាប្រឈម និងឱកាសដែលផ្នែកសារព័ត៌មានវៀតណាមកំពុងជួបប្រទះក្នុងបរិបទនៃការធ្វើបរិវត្តកម្មឌីជីថល និងសកលភាវូបនីយកម្ម។
អ្នកកាសែត Miyake Kazuhisa ជាប្រធានទីភ្នាក់ងារសារព័ត៌មានក្យូដូប្រចាំនៅទីក្រុងហាណូយ។ ក្នុងអាណត្តិទីមួយ (១៩៩៦-១៩៩៧) របស់លោក វៀតណាមទើបតែចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ នៅពេលនោះ ហេដ្ឋារចនាសម្ព័ន្ធនៅមានភាពទ្រុឌទ្រោម មធ្យោបាយនៅលើផ្លូវភាគច្រើនជាកង់ និងម៉ូតូ ហើយមានការពិបាកក្នុងការទទួលព័ត៌មាន។ លោក Miyake បានឲ្យដឹងថា លោកមានទម្លាប់អានកាសែត Nhan Dan (ប្រជាជន) កាសែតកងទ័ពប្រជាជន កាសែតយុវវ័យ កាសែតយុវជន នាពេលព្រឹកប្រចាំថ្ងៃ ហើយស្តាប់ព្រឹត្តិបត្រព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ VTV។ ព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានវៀតណាមក៏ត្រូវបានចុះផ្សាយតែពីរបីដងក្នុងមួយថ្ងៃប៉ុណ្ណោះ ដូច្នេះព័ត៌មានថ្មីៗ ត្រូវបានចុះផ្សាយនៅលើកាសែតនៅថ្ងៃបន្ទាប់។ ការយកព័ត៌មាន និងការចូលរួមក្នុងសន្និសីទសារព័ត៌មានគឺជាបញ្ហាប្រឈមមួយក្នុងការបំពេញភារកិច្ច។
    |
 |
លោក Miyake Kazuhisa អតីតប្រធានទីភ្នាក់ងារសារព័ត៌មានក្យូដូប្រចាំនៅវៀតណាម សម្ដែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍនៃការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសរបស់វៀតណាម (រូបថត៖ vnanet.vn) |
ប៉ុន្តែ នៅពេលដែលលោកបានត្រឡប់មកទីក្រុងហាណូយសម្រាប់អាណត្តិទីពីររបស់ខ្លួន (២០១០-២០១៥) វៀតណាមបានផ្លាស់ប្តូរទាំងស្រុង។ ឧប្បត្តិហេតុដូចជាអគ្គីភ័យធំនិងគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបានគេផ្ដល់ព័ត៌មានទាន់ពេលវេលាដែលខុសពីទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមឆ្នាំ២០០០។ បរិយាកាសផ្ដល់ព័ត៌មានក៏បើកទូលាយផងដែរ ជាមួយនឹងការបង្កើនគួរឲ្យកត់សម្គាល់នៃសន្និសីទសារព័ត៌មាន និងព្រឹត្តិការណ៍នានា ដែលសារព័ត៌មានបរទេសអាចចូលរួមបាន។ លោកបានវាយតម្លៃថា នេះគឺជាការអភិវឌ្ឍដ៏វិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសរបស់វៀតណាម។
អ្នកកាសែត Miyake Kazuhisa បានឲ្យដឹងថា មិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបរិបទថ្មីទាំងស្រុង។ យុវវ័យនៅសម័យនេះ ភាគច្រើនទទួលបានព័ត៌មានតាមរយៈស្មាតហ្វូន និងបណ្តាញសង្គម។ នេះបង្កើតបញ្ហាប្រឈមដ៏ធំមួយ៖ តើធ្វើដូចម្តេចដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងវីដេអូក្លែងក្លាយ deepfake។ លោកក៏បានសម្តែងនូវការព្រួយបារម្ភអំពីភាពត្រឹមត្រូវនៃទិន្នន័យដែលប្រើសម្រាប់បណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) ពីព្រោះព័ត៌មាននេះភាគច្រើនត្រូវបានយកចេញពីអ៊ីនធឺណិត ដែលអាចមិនតែងតែត្រឹមត្រូវនោះទេ។
ដូច្នេះហើយ អ្នកសារព័ត៌មានជប៉ុនរូបនេះ សង្កត់ធ្ងន់ថា អ្នកជំនាញផ្នែកសារព័ត៌មាន និងអ្នកសារព័ត៌មានក្នុងសម័យនេះ មានតួនាទីសំខាន់ជាងពេលណាៗទាំងអស់។ ទំនួលខុសត្រូវរបស់ពួកគេគឺផ្តល់ព័ត៌មានត្រឹមត្រូវ។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីអាចបាត់បង់បន្តិចម្តងៗក៏ដោយ ក៏ខ្លឹមសារដែលមានគុណភាពខ្ពស់ ត្រូវបានស្រាវជ្រាវបានល្អ និងគួរឲ្យទុកចិត្តដែលបង្កើតឡើងដោយអ្នកសារព័ត៌មានអាជីពនៅតែជាកត្តាស្នូល៕
បកប្រែដោយ Thuy Anh