DHL៖ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោក
កប.អនឡាញ - DHL ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងផ្តល់ដំណោះស្រាយ logistics អន្តរជាតិរបស់អាល្លឺម៉ង់ បានព្យាករណ៍ថា វៀតណាមអាចស្ថិតក្នុងចំណោមប្រទេសទាំង ៣០ ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅលើពិភពលោកនៅឆ្នាំ ២០៣០។
កាសែត The Business Times ចុះផ្សាយរបាយការណ៍នាពេលថ្មីៗរបស់ DHL ដែលចាត់ទុកថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងមានសកម្មភាពពាណិជ្ជកម្មជាច្រើន ហើយវៀតណាមត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនលឿនជាងគេនៅលើពិភពលោកនៅចុងទសវត្សរ៍នេះ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងស្ថិតក្នុងចំណោមប្រទេសទាំង៣០ ដែលមានកំណើនលឿនជាងគេលើពិភពលោក។
យោងតាមក្រុមហ៊ុន DHL វៀតណាមកំពុងក្លាយជាគោលដៅអាទិភាពសម្រាប់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក។ ការព្យាករណ៍នាពេលថ្មីៗនេះរបស់ DHL បានពង្រឹងទំនុកចិត្តលើសក្តានុពល និងយថាទស្សន៍កំណើនរបស់ប្រទេសវៀតណាម។ អ្នកជំនាញជាច្រើនជឿជាក់ថា ដោយស្ថិតក្នុងចំណោមប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេទាំង ៤០ និងចំណោមប្រទេសនាំមុខគេទាំង ២០ ទាក់ទងនឹងទំហំពាណិជ្ជកម្មអន្តរជាតិ វៀតណាមអាចឈានចូលក្រុមប្រទេសទាំង ៣០ ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅលើពិភពលោក៕
បកប្រែដោយ Thuy Anh