ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព៖ ទិសដៅដោយមានការទទួលខុសត្រូវរបស់វៀតណាម
កប.អនឡាញ - នាថ្ងៃទី១៩ ខែកុម្ភៈ វៀតណាមបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) តំបន់អាស៊ីប៉ាស៊ីហ្វិក (APRC) លើកទី ៣៧ នៅប្រទេសស្រីលង្កា។
ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈម និងអាទិភាពនានាទាក់ទងនឹងស្បៀងអាហារនិងកសិកម្មប្រកបដោយចីរភាព និងជំរុញការចងសម្ព័ន្ធភាពក្នុងតំបន់។ នៅទីនេះ វៀតណាមបន្តអះអាងនូវការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសផ្សេងៗទាក់ទងនឹងគោលដៅអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព និងកំណើនបៃតងក្នុងវិស័យកសិកម្ម។
ការអភិវឌ្ឍកសិកម្ម និងជនបទប្រកបដោយចីរភាព គឺជាទិសដៅមូលដ្ឋាន និងជាសសរស្តម្ភដើម្បីធានាសន្តិសុខស្បៀងអាហារ រួមចំណែកដល់ការធ្វើសមាហរណកម្មអន្តរជាតិ បង្កើតសន្ទុះនាំចេញ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាម។
ឆ្ពោះទៅរកកំណើនបៃតង និងការអភិវឌ្ឍកសិកម្មអេកូឡូស៊ី
វៀតណាមកំពុងឆ្ពោះទៅរកកំណើនបៃតង និងការអភិវឌ្ឍកសិកម្មអេកូឡូស៊ី។ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាគោលដៅ បទដ្ឋាន ដែលបានរួមបញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ទៀតហើយ។ អាចនិយាយបានថា ការផ្លាស់ប្តូរការត្រិះរិះទៅជាកំណើនបៃតងបានចាប់ផ្តើមមានភាពស៊ីសង្វាក់គ្នាពីផលិតករ ពាណិជ្ជករ អ្នកកែច្នៃ រហូតដល់អ្នកប្រើប្រាស់។ នេះជានិន្នាការវិជ្ជមានមួយ ដែលស្របតាមលក្ខណៈអន្តរជាតិ។ លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា៖ “កសិកម្មបៃតងគឺជានិន្នាការដែលមិនអាចបញ្ច្រាសបានទេ យើងត្រូវសម្របខ្លួន ដោយម្ចាស់ការ ហើយតាមពិតទៅ ប្រជាជនបានសម្របខ្លួនបានហើយ។ ឧទាហរណ៍ នៅស្រុក Tu Ky ខេត្ត Hai Duong ប្រជាកសិករផលិតស្រូវ-មេទឹក-ក្ដាម ជើងក្រហម ពោលគឺផ្ដល់តម្លៃ ៣ ជាន់។ កសិកររកចំណូលពីការលក់មេទឹកច្រើនជាងការលក់ស្រូវ ប៉ុន្តែបើគ្មានស្រូវក៏គ្មានផលិតផលពីរនោះទៀតដែរ។ ឬគំរូស្រូវ-បង្កង ស្រូវ-ត្រី នៅខេត្ត Bac Lieu និងខេត្ត Ca Mau ជាដើម។ កសិករវៀតណាមបាន និងកំពុងឆ្ពោះទៅរកកសិកម្មបែបអេកូឡូស៊ី។ វិស័យកសិកម្មក៏ត្រូវការពង្រីកទម្រង់បែបនេះដែរ ដោយសារតែនោះគឺជានិន្នាការនៃកសិកម្មវិលជុំ កសិកម្មបៃតង និងកសិកម្មអេកូឡូស៊ីស្របតាមធម្មជាតិ”។
|
|
ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព៖ ទិសដៅដោយមានការទទួលខុសត្រូវរបស់វៀតណាម (រូបថតឧទាហរណ៍៖ congthuong.vn) |
ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកកំណើនបៃតង ឆ្នាំនេះគឺជាឆ្នាំដំបូងដែលវៀតណាមអនុវត្តដំណាក់កាលទី ១ (២០២៤ - ២០២៥) នៃគម្រោង "ការអភិវឌ្ឍប្រកបដោយចីរភាពនៃការដាំស្រូវដោយមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប ១ លានហិកតាដែលផ្សាភ្ជាប់នឹងកំណើនបៃតងនៃតំបន់ដីសណ្ដទន្លេ Cuu Long រហូតដល់ឆ្នាំ ២០៣០"។ គម្រោងនេះបង្ហាញពីទំនួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការកសាងវិស័យកសិកម្មដែលមានការបំភាយឧស្ម័នទាប។
អភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ
ដើម្បីអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ការធ្វើបរិវត្តកម្មឌីជីថលត្រូវបានចាត់ទុកថា ជារបកគំហើញ ដែលបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម។ ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង ការផលិត ការធ្វើអាជីវកម្ម ការបញ្ជាក់ប្រភពដើម និងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល នាំមកនូវតម្លាភាព និងភាពត្រឹមត្រូវនៃប្រភពដើមអាហារ ជំរុញការផលិតទំនិញ ការប្រើប្រាស់ ផលិតផល ហើយបង្កើតឱកាសសម្រាប់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។ លើសពីនេះ នៅឆ្នាំនេះ វិស័យកសិកម្មទាំងមូលនឹងរៀបចំផលិតកម្មឡើងវិញតាមតំបន់កសិកម្មឯកទេស ដោយភ្ជាប់ជាមួយការស្គាល់ភូមិសាស្រ្ត ការបញ្ជាក់ប្រភពដើម និងការសាងសង់លេខកូដតំបន់ដាំដុះ និងតំបន់ចិញ្ចឹម។ តំរង់ទិសផែនការផលិតកម្មស្របតាមទីផ្សារ; ធានាការផ្គត់ផ្គង់ ដើម្បីបម្រើតម្រូវការក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ការចរចារលុបចោលរបាំងបច្ចេកទេស របាំងពាណិជ្ជកម្ម និងបើកទីផ្សារនាំចេញ។ល។ លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ “វិស័យទាំងមូលនឹងអនុវត្តច្បាប់ យុទ្ធសាស្ត្រ កម្មវិធី គម្រោង ផែនការមេ និងផែនការអភិវឌ្ឍន៍នានា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយចីរភាពដំណាក់កាល ២០២១ - ២០៣០; ផែនការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ ដំណាក់កាល ២០២១ - ២០២៥ កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ដំណាក់កាល ២០២១ - ២០២៥។ល។ ការផ្លាស់ប្តូរពីការត្រិះរិះផលិតកម្មកសិកម្ម ទៅជាសេដ្ឋកិច្ចកសិកម្ម; ពីការអភិវឌ្ឍវិស័យតែមួយ ទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍពហុវិស័យ; ជំរុញការរួមបញ្ចូលពហុគុណតម្លៃក្នុងផលិតផលកសិកម្ម រុក្ខប្រមាញ់ និងនេសាទ; ផ្លាស់ប្តូរពីខ្សែសង្វាក់ផ្គត់ផ្គង់កសិផលទៅជាការអភិវឌ្ឍខ្សែសង្វាក់ទំនិញនានា”។
ស្ថិរភាព និងការអភិវឌ្ឍយ៉ាងស៊ីជម្រៅនៃវិស័យកសិកម្ម គឺជាកម្លាំងចលករមួយ សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ។ លើសពីនេះ ការដែលវៀតណាមអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព ក៏រួមចំណែកធានាសន្តិសុខស្បៀងអាហារ សកលផងដែរ៕
បកប្រែដោយ Huyen Trang