មជ្ឈដ្ឋានសារព័ត៌មានអាស៊ានផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងការិយាល័យកាសែតដោយបច្ចេកវិទ្យាឌីជីថល
កប.អនឡាញ - នាថ្ងៃទី ៧ ខែធ្នូ នៅទីក្រុងហាណូយ សមាគមអ្នកកាសែតវៀតណាមបានរៀបចំសិក្ខាសាលាសារព័ត៌មានអន្តរជាតិ ក្រោមប្រធានបទ “ការគ្រប់គ្រងការិយាល័យកាសែតដោយបច្ចេកវិទ្យាឌីជីថល៖ ទ្រឹស្តី ការអនុវត្តជាក់ស្តែង និងបទពិសោធន៍ក្នុងតំបន់អាស៊ាន”។
អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមានគណៈប្រតិភូអន្តរជាតិចំនួន ៧ មកពីសហព័ន្ធសារព័ត៌មានអាស៊ានរួមមាន៖ ឡាវ កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី។
សិក្ខាសាលានេះចែកជាពីរវគ្គ៖ វគ្គទីមួយមានខ្លឹមសារ "ទ្រឹស្តីទូទៅស្តីពីការគ្រប់គ្រងការិយាល័យកាសែតដោយបច្ចេកវិទ្យាឌីជីថល" វគ្គទីពីរមានខ្លឹមសារ "ការគ្រប់គ្រងការិយាល័យកាសែតដោយបច្ចេកវិទ្យាឌីជីថល៖ ការអនុវត្តជាក់ស្ដែង បទពិសោធន៍និងដំណោះស្រាយ"។
សិក្ខាសាលាបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហានានាដូចជា៖ និន្នាការអភិវឌ្ឍសារព័ត៌មានឌីជីថលនៅលើពិភពលោក និងបណ្តាប្រទេសអាស៊ាន យុទ្ធសាស្ត្រធ្វើបរិវត្តកម្មឌីជីថលលើវិស័យសារព័ត៌មាននៅវៀតណាម គំរូការិយាល័យកាសែតដែលអនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ហាគ្រប់គ្រងធនធានមនុស្សសម្រាប់ការអនុវត្តការិយាល័យកាសែតដោយបច្ចេកវិទ្យាឌីជីថល៕
បកប្រែដោយ Duy Hoan