leftcenterrightdel
រូបថតឧទាហរណ៍ ៖ (vnanet.vn)

មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីមតិសាធារណៈទាំងក្នុង និងក្រៅប្រទេស។

ការគ្រប់គ្រងជំងឺរាតត្បាត Covid-19  បានល្អ និងរក្សាកំណើនសេដ្ឋកិច្ចឱ្យមានស្ថិរភាពគឺជាចំណុចលេចធ្លោដែលទាក់ទាញចំណាប់អារម្មណ៍ពីសារព័ត៌មានអន្តរជាតិសម្រាប់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្ដវៀតណាម។ ក្នុងគេហទំព័រ asiamediacentre.org.nz លោក Murat Ungor នៃសាកលវិទ្យាល័យ Otago (New Zealand) បានបញ្ជាក់ថា វៀតណាមកំពុងលេចចេញជាប្រទេសថ្មីមួយក្នុងចំណោមប្រទេសនៅអាស៊ីដែលមានកិត្យានុភាពកាន់តែកើនឡើងក្នុងតំបន់ និងមានសក្តានុពលនៃកំណើនសេដ្ឋកិច្ចខ្ពស់នាពេលអនាគត។ ជាមួយនឹងកំណើនផលិតផលសរុបក្នុងស្រុកកើនឡើង ៧ ភាគរយក្នុងឆ្នាំ២០១៩ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់។

កាសែត The Sunday Times របស់សិង្ហបូរីក៏បានចុះផ្សាយអត្ថបទមួយដោយសន្និដ្ឋានថា វៀតណាមកំពុងត្រៀមរៀបចំព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយក្នុងលក្ខខណ្ឌអំណោយផលដែលមិនសូវមានប្រទេសលើពិភពលោកធ្វើបានដូចវៀតណាមនាសព្វថ្ងៃនេះទេ។ លក្ខខណ្ឌអំណោយផលនេះរួមមានស្ថានភាព Covid-19 ត្រូវបានគ្រប់គ្រងយ៉ាងល្អ ខណៈដែលកំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថានឹង "ខ្ពស់" ជាងប្រទេសផ្សេងៗនៅក្នុងតំបន់។

ក្រៅពីនេះ វៀតណាមបានទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅពេលដែលវៀតណាមទើបតែចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU)។ លើសពីនេះទៀតកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយនៅគ្រប់លំដាប់ថ្នាក់ ក៏បានជួយលើកកម្ពស់តួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះប្រជាជនផងដែរ៕

បកប្រែដោយ Pham Diep