ក្នុងឱកាសនៃព្រឹត្តិការណ៍ដ៏សំខាន់មួយជារបត់ប្រវត្តិសាស្ត្ររបស់កម្ពុជា ការសែតកងទ័ពប្រជាជនអនឡាញមានកិត្តិយសចុះផ្សាយបណ្តុំអត្ថបទជាបន្តបន្ទាប់ ក្រោមចំណងជើងថា "សម្តេចតេជោ ហ៊ុន សែន មិត្តជិតស្និទ្ធរបស់ប្រជាជនវៀតណាម" ដើម្បីនាំមកជូនប្រិយមិត្តអ្នកអាននូវការមើលឃើញជាក់ស្តែងអំពីអាជីពជីវិតនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន មុនពេលលាលែងពីតំណែងនាយករដ្ឋមន្រ្តីកម្ពុជា និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចចំពោះសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា និងស្វែងយល់បន្ថែមអំពីដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយផ្តើមពីដំណើរនេះលោកបានក្លាយជាមិត្តជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមជាច្រើនជំនាន់ រួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែមានភាពកក់ក្តៅ រីកចម្រើនស្របតាម បាវចនាថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលនាំមកនូវសមិទ្ធិផលដ៏ធំធេងក្នុងដំណើរការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិនៃប្រទេសយើងទាំងពីរ ។

“កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី”

នៅពេលដែលរបបខ្មែរក្រហមដ៏ឃោរឃៅបានជះស្រមោលទៅលើប្រទេសកម្ពុជា បង្កឲ្យមានអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅក្នុងប្រទេស និងធ្វើសង្រ្គាមឈ្លានពានទឹកដីវៀតណាម ឧក្រិដ្ឋកម្មឃោឃៅនេះគ្មានអ្វីប្រៀបផ្ទឹមឡើយ។ ដោយមិនសុខចិត្តទទួលយកជោគវាសនាដ៏សោកសៅរបស់ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជាមេបញ្ជាការកងវរសេនាធំវ័យក្មេងម្នាក់បានធ្វើការសម្រេចចិត្តមួយដ៏គ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនដោយផ្តាច់ខ្លួនចេញពីជួរខ្មែរក្រហម ហើយដឹកនាំមិត្តរួម​អាវុធ​របស់ខ្លួនឆ្លងកាត់ការដេញសម្លាប់ពីសត្រូវ ស្វែងរកផ្លូវទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកជំនួយវាយផ្ដួលរំលំរបបស្រែកឃ្លានឈាមសង្គ្រោះប្រជាជនកម្ពុជាពីស្ថានការណ៍នៅជិត "មាត់ជ្រោះមរណៈ" និងធ្វើឱ្យប្រទេសកម្ពុជារស់ឡើងវិញពីគំនរផេះផង់។

សម្តេចតេជោ ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ក្នុងគ្រួសារកសិករនៅភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្តេចជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូន ៦ នាក់។ ឪពុករបស់សម្តេចឈ្មោះ ហ៊ុន នាង ធ្លាប់បួសជាព្រះសង្ឃ ដែលជាសិស្សរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត។ បន្ទាប់ពីព្រះអង្គព្រះនាម ហ៊ុន នាង បានលាចាកសិក្ខាបទ ហើយទៅចូលរួមជាមួយចលនាខ្មែរឥស្សរៈដើម្បីតស៊ូរំដោះប្រទេសចេញពីអាណានិគមបារាំង។ ម្តាយសម្តេចជាមេផ្ទះ គាត់មិនសូវបានរៀនច្រើនទេ ប៉ុន្តែគាត់ពូកែគិតលេខណាស់។

ស្រុកកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជាជម្រុកស្រូវនៃប្រទេស ប៉ុន្តែកាលពីអតីតកាលវានៅតែជាតំបន់ជនបទក្រីក្រ គ្រប់ទីកន្លែងជាព្រែកទន្លេ ហើយរាល់រដូវវស្សាមកដល់ម្តងៗគឺតំបន់ទាំងមូលត្រូវរងការជន់លិចទឹក។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន កាល​នៅក្មេង

សម្តេចតេជោ ហ៊ុន សែន កើតឆ្នាំរោង នៅយប់ពេញបូណ៌មី។ តាមជំនឿរបស់ខ្មែរ កុមារដែលកើតនៅថ្ងៃពេញបូណ៌មី ឆ្នាំរោង នឹងមានចរិតរឹងរូស ប៉ុន្តែមានភាពក្លាហាន និងឆ្លាតវៃ។ ហើយការពិតត្រូវបានបង្ហាញថា ជាមួយលក្ខណៈចរឹតដ៏រឹងមាំ ភាពក្លាហាន និងជំនាញយុទ្ធសាស្ត្ររបស់សម្តេច បានជួយសម្តេចឱ្យជម្នះគ្រប់ពេលវេលាដ៏លំបាកបំផុត រហូតក្លាយជាមេដឹកនាំដ៏ប៉ិនប្រសប់របស់កម្ពុជាដ៏ល្បីល្បាញលើពិភពលោក។

កាលពីកុមារភាព សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថាខ្លួនជាកុមារដែលមានភាពឆ្លាតវៃ និងពូកែ។ បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា ដោយសារមិនមានអនុវិទ្យាល័យក្នុងតំបន់នោះទេ គាត់បានចាកចេញពីឪពុកម្តាយនៅពេលអាយុត្រឹមតែ ១៣ ឆ្នាំ ហើយម្នាក់ឯងទៅកាន់រាជធានីភ្នំពេញដើម្បីបន្តការសិក្សា។ នៅទីនេះគាត់បានសិក្សានៅសាលា Lycée Indra Dhevi ។ ដោយសារគ្រួសារគាត់ក្រ បានជាផ្ញើគាត់ចូលនៅវត្តនាគវន្តពីឆ្នាំ ១៩៦៥ ដល់ ១៩៦៨។

រយៈពេលរស់នៅ និងសិក្សានៅទីក្រុងភ្នំពេញក៏លំបាកវេទនាខ្លាំងដែរ មួយថ្ងៃរបស់ក្មេងប្រុសនៅវត្តចាប់ផ្តើមនៅម៉ោង ៥ ព្រឹកព្រលឹម។ គាត់ត្រូវរៀបចំអាហារពេលព្រឹកថ្វាយព្រះសង្ឃ សម្អាតបរិវេណវត្ត និងធ្វើការងារមួយចំនួនទៀតមុនពេលទៅរៀន។ ក្រៅពីម៉ោងរៀន គាត់ក៏ទៅតាមព្រះសង្ឃដើរបិនបាតតាមផ្លូវដែរ។

leftcenterrightdel
ជំរំ​ការងារ​ដោយ​បង្ខំ ​ ឧក្រិដ្ឋកម្មដ៏សាហាវរបស់ខ្មែរក្រហម

សម្តេចបានរំលឹកថា “នៅពេលនោះ ស្ថានការណ៍នៅកម្ពុជាមានការលំបាកខ្លាំង ភាពក្រីក្រមានគ្រប់ទីកន្លែង បង្ខំកុមាររាប់ពាន់នាក់ឱ្យចាកចេញពីគ្រួសារ ហើយស្វែងរកការជ្រកកោននៅតាមវត្តអារាមនានាក្នុងរាជធានី”។

ការអប់រំរបស់សម្តេចក៏ត្រូវបានរំខានដោយសារព្រឹត្តិការណ៍នយោបាយក្នុងប្រទេស។ សម្តេចបានផ្អាករៀននៅឆ្នាំ ១៩៦៩ ហើយបានត្រឡប់ទៅរស់នៅជាមួយឪពុកម្តាយនៅស្រុកកំណើតវិញ។ គ្រប់ពេលដែលសម្តេចរំលឹកពីកុមារភាព សម្តេចតេជោ ហ៊ុន សែន ចែករំលែកថា កាលសម្តេចទៅរៀន សម្តេចគ្រាន់តែស្រមៃចង់ក្លាយជាគ្រូបង្រៀនប៉ុណ្ណោះ ប៉ុន្តែក្តីសុបិននោះមិនបានសម្រេចតាមបំណងទេ ព្រោះប្រទេសជាតិធ្លាក់ក្នុងវិបត្តិសង្រ្គាម ដោយសារលោកឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់សម្តេចនរោត្តមសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

ក្រោយរដ្ឋប្រហារ ឆ្លើយតបនឹងការអំពាវនាវសង្គ្រោះជាតិរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលកំពុងនិរទេសខ្លួននៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន និងយុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ ដែលជាចលនារំដោះជាតិដ៏ល្បីដែលផ្តួចផ្តើមដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បន្ទាប់ពីរដ្ឋប្រហារប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិក និងរបបសាធារណរដ្ឋខ្មែររបស់ឧត្តមសេនីយ៍ លន់ នល់។

នៅគ្រានោះ សម្តេចតេជោ ហ៊ុន សែន ទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះ សម្តេចមិនបានដឹងថា ប៉ុល ពត និងខ្មែរក្រហមក៏ជាផ្នែកមួយនៃកម្លាំងទ័ពព្រៃដែរ ហើយខ្មែរក្រហមបានគ្រប់គ្រងអង្គការនេះទាំងស្រុងហើយ។

leftcenterrightdel
ក្តីស្រលាញ់របស់ប្រជាជនកម្ពុជាជូន​ចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម

ជាមួយនឹងភាពវៃឆ្លាត និងភាពក្លាហានរបស់ខ្លួន ក្នុងនាមជាយុទ្ធជនបដិវត្តន៍ម្នាក់ សម្តេចទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំកងទ័ពបដិវត្តន៍ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាបុរសវ័យក្មេងម្នាក់ គាត់បានក្លាយជាមេបញ្ជាការកងទ័ពមួយរូបដែលមានទេពកោសល្យល្អ និងគួរឱ្យទុកចិត្តបំផុត។

សោកនាដកម្មបានចាប់ផ្តើមកើតឡើងភ្លាមៗបន្ទាប់ពីការផ្តួលរំលំរបប លន់ នល់ (១៧ មេសា ១៩៧៥) ខ្មែរក្រហមបានអនុវត្តគោលនយោបាយប្រតិកិរិយានៅទូទាំងប្រទេស ដោយដាក់ចេញនូវគោលនយោបាយផ្តាច់ការយ៉ាងព្រៃផ្សៃបំផុត ដោយលុបបំបាត់ចោលនូវសេរីភាពប្រជាធិបតេយ្យទាំងអស់របស់ប្រជាពលរដ្ឋ។ ក្រោមពាក្យស្លោកថា “លុបបំបាត់វណ្ណៈ” ខ្មែរក្រហមបានបណ្ដេញប្រជាជនចេញពីទីក្រុងទៅជនបទវិញ បង្ខំពួកគេឱ្យក្លាយជាកសិករ បង្ខំឱ្យធ្វើពលកម្មយ៉ាងធ្ងន់លំបាក ហើយត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ (១៧-មេសា-១៩៧៥ / ៧-មករា-១៩៧៩) ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជិត ៣ លាននាក់។

ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃពួកប្រតិកិរិយាខ្មែរក្រហម និងមិនអាចនៅស្ងៀមមើលប្រទេសជាតិនៅជិតមាត់ជ្រោះផុតពូជសាសន៍ទេ សម្តេចតេជោ ហ៊ុន សែន ដែលគ្រានោះជាមេបញ្ជាការកងវរសេនាធំលេខ ២១ យោធភូមិភាគបូព៌ាកម្ពុជាបានប្ដេជ្ញាចិត្តចាកចេញស្វែងរកមាគ៌ាង្គ្រោះជាតិឱ្យរួចផុតពីការគ្រប់គ្រងដ៏ឃោរឃៅនៃរបបខ្មែរក្រហម។

ពីមេមត់ ដល់ឡុកនិញ-ដំណើរផ្លាស់ប្តូរជោគវាសនាជាតិ

ក្តីបារម្ភ និងអារម្មណ៍ឆេះឆួលនៅពេលគាត់ត្រូវសម្រេចចិត្តជ្រើសរើសផ្លូវឱ្យខ្លួននៅពេលនោះក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហាញយ៉ាងរំភើបចិត្តនៅក្នុងខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃដែលមានចំណងជើងថា "ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ" ដែលខ្សែភាពយន្តនេះត្រូវបានផ្សាយយ៉ាងទូលំទូលាយទាំងនៅកម្ពុជា និងវៀតណាមហើយដែរ។ សាច់រឿងនៃខ្សែភាពយន្តនេះបង្ហាញយ៉ាងច្បាស់ និងជាក់ស្តែងបំផុតអំពីដំណើរជួយសង្គ្រោះជាតិរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលសម្តេច និងមិត្តរួមអាវុធបានឆ្លងព្រំដែនចូលកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយសង្គ្រោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។។

នៅគ្រាដ៏គ្រោះថ្នាក់ និងបន្ទាន់នោះវាមិនមានជម្រើសច្រើនសម្រាប់សម្តេច​ទេ ពីព្រោះគាត់បានកំណត់ថា ផ្លូវដែលគាត់ដើរគឺមិនមែនដើម្បីស្វែងរកផ្លូវរស់ឱ្យខ្លួនឯងទេ ប៉ុន្តែក៏ដើម្បីសង្ឃឹមថានឹងជួយសង្គ្រោះជីវិតរបស់ជាតិទាំងមូលដែលកំពុងស្ថិតក្នុងស្ថានភាពរងការប្រល័យពូជសាសន៍ផងដែរ។

បើយោងតាមសម្តេច មានជម្រើសមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហម ប៉ុន្តែនៅទីបំផុតគាត់បានសម្រេចចិត្តរកផ្លូវឆ្លងព្រំដែនទៅវៀតណាម ដើម្បីស្នើឱ្យវៀតណាមជួយរំដោះប្រទេស ហើយនេះពិតជាជម្រើសល្អបំផុត។

leftcenterrightdel
សកម្មភាពក្នុងក្របខណ្ឌអបអរសាទរ ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែកអំពីជម្រើសនេះសម្តេច​ឲ្យ​ដឹងថា ជម្រើសនេះក៏ពិបាក និងប្រថុយប្រថានណាស់ដែរ មិនដឹងថាអាចរស់បានពេលឆ្លងព្រំដែនកម្ពុជា-វៀតណាមឬអត់? សំណួរជាច្រើនត្រូវបានចោទសួរដោយខ្លួនឯង ប៉ុន្តែចុងក្រោយសម្តេចបានសម្រេចចិត្តជ្រើសរើសផ្លូវនេះព្រោះគ្មានជម្រើសណាល្អជាងទេ ហើយសម្តេចមានការជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងមិនធ្វើព្រងើយគ្រាពេលកម្ពុជាជួបគ្រោះថ្នាក់ទេ។

សម្តេចនិយាយដោយក្តីរំភើបថា “វៀតណាមមិនអោបដៃមើលកម្ពុជាកំពុងរងគ្រោះទេ ហើយខ្ញុំគិតថាទៅក៏អាច់ស្លាប់ ប៉ុន្តែទោះបីសង្រឹមត្រឹមតែ ០.១% ក៏ខ្ញុំនៅតែសម្រេចចេញទៅដែរ" "ប៉ុន្តែកុំភ្លេចថានៅមានជម្រើសផ្សេងៗថែមទៀត។ តើវាជាជម្រើសអី សុទ្ទតែជម្រើសស្លាប់ទាំងអស់។ គឺកុំធ្វើអីទាំងទាំងអស់ហើយទុកឲ្យ  ប៉ុល ពត ចាប់យកទៅសម្លាប់ទាំងអស់។ ឯជម្រើសចុងក្រោយគឺធ្វើអត្តឃាតខ្លួនឯង តាមគ្រប់មធ្យោយបាយទាំងអស់ ហើយប៉ុន្តែជម្រើសនេះខ្ញុំទុកប្រើនៅឯវៀតណាមទៅវិញទេ តាមរយៈម្ជុល១២ ដើមនៅក្នុងហៅប៉ៅដែលត្រៀមបុកចូលបំពង់ក ក្នុងករណីដែលវៀតណាមចាប់បញ្ជូនត្រឡប់មកវិញ”។

ក្នុងឱកាសអញ្ជើញចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៤០ នៃ“ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” (២០ មិថុនា ឆ្នាំ១៩៧៧-២០ មិថុនា ឆ្នាំ២០១៧) ហើយត្រឡប់ទៅផ្លូវដែលកាលនោះសម្តេចតេជោ ហ៊ុន សែន និងមិត្តរួមអាវុធបានធ្វើដំណើរពីប្រទេសកម្ពុជាឆ្លងកាត់ព្រៃចូលមកប្រទេសវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា

“ខ្ញុំមិនបោះបង់ចោលមាតុភូមិទេ ខ្ញុំមិនរត់គេចខ្លួនដើម្បីស្វែងរកជីវិតដែលល្អប្រសើរជាងនោះទេ។ អ្វីៗទាំងអស់នោះ គឺវាជាការរៀបចំទុកជាមុន ខ្ញុំតាំងចិត្តថាទៅទោះបីជាវាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ ខ្ញុំក៏មិនបានខ្វល់ខ្វាយពីជីវិតរបស់ខ្លួនខ្ញុំទេ។ ខ្ញុំមានបំណងប្រាថ្នាតែមួយគត់នោះគឺចង់ជូនដំណឹងដល់ថ្នាក់ដឹកនាំវៀតណាមឱ្យជ្រាបអំពីស្ថានការណ៍ដ៏លំបាកនៅកម្ពុជា ហើយស្នើសុំឱ្យជួយរំដោះប្រជាជនកម្ពុជា...”។

នៅវេលាម៉ោង ២១ : ០០ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅទីបញ្ជាការកងវរសេនាធំថ្មើរជើងនៃតំបន់២១ យោធភូមិភាគបូព៌ា (មូលដ្ឋានកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម) សម្តេចចាប់ផ្តើមដំណើរបដិវត្តន៍ដើម្បីផ្លាស់ប្តូរជីវិតខ្លួនឯង និងជោគវាសនាប្រទេសជាតិ។ សម្តេច​តេជោ ហ៊ុន សែន បានចាកចេញទាំងទឹកភ្នែក និងការឈឺចាប់ដោយចោលទឹកដីកំណើត ចោលប្រពន្ធជាទីស្រឡាញ់ដែលមានផ្ទៃពោះ ៥ ខែ។ និយាយម្យ៉ាងគឺសម្តេចបានយកជីវិតធ្វើជាដើមទុនដើម្បីធ្វើការតស៊ូរំដោះជាតិ សង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីអំពើប្រល័យពូជសាសន៍ ប៉ុល ពត។

ដើម្បីធានាលាក់ការសម្ងាត់ បញ្ចៀសការយល់ច្រឡំ និងអាចកើតមានការវាយប្រហារពីភាគីវៀតណាម សម្តេចបានសម្រេចចិត្តជ្រើសរើសមនុស្សតែ៤នាក់ប៉ុណ្ណោះដែលគួរឱ្យទុកចិត្តបំផុត។ យប់នោះ ភ្លៀងធ្លាក់ធ្ងន់ ផ្លេកបន្ទោរពេញមេឃ។ សម្តេចតេជោ ហ៊ុន សែន និង​មិត្តរួម​អាវុធ​ បានដើរ និងផ្លាស់ទីដោយសម្ងាត់តាមព្រៃស្រោង ចំណុចឆ្លងកាត់ខាងព្រំដែនកម្ពុជា គឺភូមិកោះថ្ម ជាភូមិតូចមួយនៃឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម និងនៅទល់មុខគឺស្រុកឡុកនិញ ដែលជាស្រុកព្រំដែនខាងវៀតណាម ក្នុងខេត្ត សុង បែ (បច្ចុប្បន្នជាខេត្ត ប៊ិញភឿក)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង​សម្តេច​តេជោ ហ៊ុន សែន

នៅវេលាម៉ោង ១៤ : ០០ រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ ពួកគេបានមកដល់ភូមិ ហ័រលឺ វៀតណាម ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា នៅទីនេះ ពួកគេបានជួបជនជាតិវៀតណាមដំបូង ហើយប្រជាជននៅភូមិ ហ័រលឺ បានដាំបាយក្នុងឆ្នាំងលេខ១០ (ជាធម្មតាឆ្នាំងសម្រាប់មនុស្ស ១០ នាក់ហូប) សម្រាប់ ៥ នាក់ពួកគេទទួលទានបាយដល់ឆ្អែត។ នេះជាអនុស្សាវរីយ៍ដ៏រំភើបចិត្តចំពោះសម្តេចតេជោ ហ៊ុន សែន និងមិត្តរួមដំណើរ ព្រោះនេះជាលើកទីមួយហើយ បន្ទាប់ពីជាងមួយឆ្នាំដែលពួកគេបានទទួលទានបាយទៀត ពីព្រោះនៅស្រុកខ្មែរ របបហូបចុកប្រចាំថ្ងៃរបស់ពួកគេមានតែបបរប៉ុណ្ណោះ។

នៅយប់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៧៧ សម្តេច​តេជោ ហ៊ុន សែន និង​មិត្តរួម​អាចវុធ ត្រូវបាននាំទៅដល់ស្រុក ឡុក និញ ហើយថ្ងៃបន្ទាប់បានផ្លាស់ទៅបញ្ជាការដ្ឋានយោធាខេត្ត សុង បែ...។

រំលឹកអនុស្សាវរីយ៍ថ្ងៃដំបូងនៅលើដីវៀតណាម នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងដំណើរត្រឡប់មកកាន់កន្លែងដំបូងពេលចូលក្នុងទឹកដីវៀតណាមកាលពី ៤៥ ឆ្នាំមុននោះ (ភូមិ ហ័រលឺ សព្វថ្ងៃជាភូមិថាញ់តៃ ឃុំ ឡុក តឹន ស្រុក ឡុក និញ ខេត្ត ប៊ិញ ភឿក)។ នៅទីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានការចែករំលែកយ៉ាងក្តុកក្ដួលក្នុងចិត្តថា៖ “...ខ្ញុំដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជនភូមិហ័រលឺ ភូមិ៩ ឃុំឡុកតឹន ស្រុកឡុកនិញ ខេត្តបិញភឿក កាលពី ៤៥ ឆ្នាំមុន ដែលបានជួយយើងខ្ញុំ ពេលយើងខ្ញុំទើបជាន់លើដីនេះ។ អារម្មណ៍ទាំងនេះមិនអាចបង្ហាញបានពេញលេញជាពាក្យសំដីបានទេ...ជាសំណាងល្អដែលខ្ញុំបានទទួលជំនួយដ៏ស្មោះស្ម័គ្រពីបក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដើម្បីជួយខ្ញុំបំពេញសេចក្តីប្រាថ្នារបស់ខ្ញុំ។ ខ្ញុំនៅតែចងចាំយ៉ាងច្បាស់ថា នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩៧៧ ពួកយើងត្រូវបានប្រជាជនវៀតណាមផ្តល់អាហារដំបូងរបស់យើង បន្ទាប់ពីញ៉ាំបបរតែក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ។ អាហារថ្ងៃនោះគឺមិនអាចកាត់ថ្លៃបាន»។

leftcenterrightdel
សកម្មភាពក្នុងក្របខណ្ឌអបអរសាទរ ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត

ទាំងនេះពិតជាសំដីដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោ ហ៊ុន សែន នៅពេលដែលសម្តេចបានរំលឹកឡើងវិញពីអនុស្សាវរីយ៍ដ៏គួរឲ្យចាប់អារម្មណ៍អំពីការប្រព្រឹត្តមនុស្សធម៌ និងរបៀបប្រព្រឹត្តល្អៗរបស់ជនជាតិវៀតណាមចំពោះរូបសម្តេច គ្រាដែលសម្តេចទើបតែចូលមកទឹកដីវៀតណាម ជាលើកដំបូងបង្អស់។ ហើយរហូតរយៈពេលបន្ទាប់ទៀតនៅប្រទេសវៀតណាម សម្តេចនិងមិត្តរួមអាវុធក៏តែងតែទទួលបានការរាប់អានរាក់ទាក់ ក្តីស្រលាញ់ និងការចែករំលែកយ៉ាងស្មោះស្ម័គ្រផងដែរ។

ទីបំផុត ការខិតខំប្រឹងប្រែងរបស់សម្តេច និងមិត្តរួមអាវុធបានទទួលលទ្ធផលជាផ្លែផ្កា។ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បានអានរបាយការណ៍ និងលិខិតសំបុត្ររបស់សម្តេច និងបានយល់កាន់តែច្បាស់អំពីរឿងដ៏អាក្រក់ដែលកំពុងកើតមាននៅកម្ពុជា អំពីអំពើឃោរឃៅរបស់ ប៉ុល ពត ដែលប្រព្រឹត្តទៅលើប្រជាជនវៀតណាម ហើយអ្វីៗដែលសំខាន់បំផុតនោះ គឺថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានចាប់ផ្តើមផ្តល់ទំនុកចិត្តលើសម្តេច​  និងសហការីរបស់សម្តេច ដោយសម្រេចចិត្តយល់ព្រមជួយសមមិត្តខាងកម្ពុជារៀបចំការកសាងកម្លាំងប្រដាប់អាវុធសម្រាប់រំដោះប្រទេស។

ឆ្លងកាត់ការលំបាកជាច្រើន ដោយឆន្ទៈ និងការប៉ងប្រាថ្នារំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំខ្មែរមួយចំនួនទៀតដែលក្នុងនោះមានទាំងសម្តេច ជា ស៊ីម សម្តេច ហេង សំរិន បានផ្តួចផ្តើមឡើងចលនាតស៊ូប្រដាប់អាវុធក្រោមទង់នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានជំនួយដ៏ស្មោះស្ម័គ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានវិលត្រឡប់មកផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិនៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន - អ្នកពូនជ្រំទំនាក់ទំនងមិត្តភាពវៀតណាម និងកម្ពុជា

ក្នុងប្រវត្តិសាស្ត្រតស៊ូ កសាង និងការពារប្រទេសដ៏អង់អាចក្លាហានរបស់វៀតណាម និងកម្ពុជា តែងតែកត់ត្រានូវទំនាក់ទំនងដ៏រឹងមាំ ជិតស្និទ្ធ និងសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងសត្រូវរួមរបស់ប្រជាជនទាំងពីរ ហើយមិនអាចប្រកែកបានថា នេះគឺជាទំនាក់ទំនង "តស៊ូប្រយុទ្ធរួមគ្នាក្នុងលេណដ្ឋានតែមួយ យកឈ្នះលើរបបអាណានិគម ចក្រពត្តិនិយម និងរំដោះជាតិ"។

ជាមួយនឹងទំនាក់ទំនងដ៏ពិសេសនេះ អាចពន្យល់បានថា ហេតុអ្វីនៅពេលនៅជិតបន្ទាត់នៃការស្លាប់រស់ក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តដាក់ទាំងជីវិត និងជោគវាសនារបស់ប្រទេសជាតិទៅលើវៀតណាម ដោយគំនិតថា “វៀតណាមមិនអោបដៃមើលប្រទេសកម្ពុជាកំពុងរងគ្រោះទេ”។ ព្រោះគាត់ជឿជាក់ថា មានតែអ្នកធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា ហើយសុខចិត្តលះបង់ជីវិតដើម្បីជួយមិត្ត ទើបអាចជួយកម្ពុជាក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះបាន។

leftcenterrightdel
សម្តេច​តេជោអញ្ជើញ​ទៅ​សួរសុខទុក្ខ​អតីត​លោក Le Kha Phieu អតីត​អគ្គ​លេខាបក្ស​កុម្មុយនិស្តវៀត​ណាម  និង​ លោក Le Duc Anh អតីត​ប្រធានរដ្ឋវៀតណាម 

ហើយចាប់ផ្តើមពីដំណើរឆ្ពោះទៅសង្រ្គោះប្រទេស សម្តេចតេជោ ហ៊ុន សែន បានក្លាយជាមិត្តជិតស្និទ្ធ និងយូរអង្វែងរបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមជាច្រើនជំនាន់។

នៅប្រទេសវៀតណាម ឈ្មោះ “នាយករដ្ឋមន្ត្រី ហ៊ុន សែន” ត្រូវបានគេស្គាល់គ្រប់គ្នាជិត ៤ ទសវត្សរ៍មកហើយ។ មិនចាំបាច់ជា “អ្នកមានចំណេះដឹងខ្ពស់ទេ” ទើបដឹងពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម យល់ដឹងអំពីចំណងសាមគ្គីភាពរវាងវៀតណាម-កម្ពុជា និងស្គាល់សម្តេចតេជោ ហ៊ុន សែន គ្រាន់តែជាពលរដ្ឋសាមញ្ញម្នាក់នៅពេលដែលត្រូវបានសួរអំពីប្រទេសកម្ពុជានោះ រឿងដំបូងបង្អស់ដែលគេនិយាយនោះគឺរឿងអំពីខ្មែរក្រហម និងមួយទៀត​គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមិត្តជិតស្និទ្ធរបស់វៀតណាម។

ជាការពិតជាក់ស្តែងក្នុងអំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែមានភាពកក់ក្តៅ និងជិតស្និទ្ធ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានតម្រង់ទិសទំនាក់ទំនងឱ្យរីកចម្រើនស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ហើយនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលនាំមកនូវសមិទ្ធិផលដ៏អស្ចារ្យក្នុងការងារកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិនៃប្រទេសទាំងពីរ។

នេះជាការពិត ទោះបីជានៅតែមានការបំភ្លៃប្រវត្តិសាស្ត្រ ញុះញង់ និងបង្កឱ្យមានការបែកបាក់ក្នុងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជាពីពួកអរិភាពក៏ដោយ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស ទទួលស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu អញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - កម្ពុជា លើកទី១  (១៥ ឧសភា ២០២២) (រូបថត៖ qdnd.vn)
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទៅទស្សនកិច្ចនៅសាលាបឋមសិក្សា Loc Tan A (រូបថត៖ qdnd.vn)

សូម្បីតែការលះបង់ដ៏ធំធេង និងស្មារតីអន្តរជាតិដ៏ថ្លៃថ្នូរបស់វៀតណាម នៅពេលជួយប្រជាជនកម្ពុជារស់ឡើងវិញ និងរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមក៏ត្រូវបានបំភ្លៃ និងចាត់ទុកនេះជា"ការឈ្លានពានកម្ពុជា" ហើយថែមទាំងមានមតិសាធារណៈជាច្រើនពីសហគមន៍អន្តរជាតិយល់ច្រលំបែបនេះក្នុងរយៈពេលដ៏យូរដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នានារបស់កម្ពុជា បានប្រតិកម្មជំទាស់នឹងការចោទប្រកាន់មិនពិត អយុត្តិធម៌ និងអសុរស មកលើវៀតណាម និងប្រជាជនកម្ពុជា នៅពេលចោទជាសំណួរថា “ក្រៅពីវៀតណាម តើមានប្រទេសណាក្នុងពិភពលោកដែលមកជួយប្រជាជនកម្ពុជារំដោះខ្លួនចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ និងរារាំងពួកគេមិនឱ្យវិលត្រឡប់មកវិញ?

ឬការអះអាងរបស់សម្តេចតេជោថា៖ «គ្រាពេលដែលប្រជាជនកម្ពុជាជិតនឹងការស្លាប់ យើងចេះតែលើកដៃសំពះព្រះពុទ្ធបន់ស្រន់សូមព្រះពុទ្ធជួយសង្គ្រោះ ហើយកងទ័ពស្ម័គ្រចិត្តវៀតណាមបានមកដល់។ កងទ័ពវៀតណាមពិតជាកងទ័ពព្រះ”។

យើងត្រូវស៊ូទ្រាំនឹង "ការមួលបង្កាច់" ទាំងនេះរហូតដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សាលាក្តីខ្មែរក្រហមបានកាត់ទោសមេដឹកនាំខ្មែរក្រហមពីបទប្រល័យពូជសាសន៍ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះកម្ពុជា និងវៀតណាម នៅពេលនេះ ភាពសុចរិត និងស្មារតីអន្តរជាតិដ៏ថ្លៃថ្លារបស់វៀតណាម នៅពេលបញ្ជូនកងទ័ពមកជួយប្រជាជនកម្ពុជា ឱ្យរួចផុតពីអំពើប្រល័យពូជសាសន៍ ទើបត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។

leftcenterrightdel
វិមានមិត្តភាពវៀតណាម-កម្ពុជា នៅកម្ពុជា ជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ

នៅពេលដែលតុលាការកាត់ទោសខ្មែរក្រហម និងចេញសាលក្រមនេះ មតិសាធារណៈជនក្នុងស្រុក និងបរទេសជាច្រើនបាននិយាយថា “ពិភពលោកនៅតែជំពាក់វៀតណាមពាក្យសុំទោសមួយ”។ ប៉ុន្តែបើតាមទស្សនៈរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ឲ្យដឹងថាប្រហែលជាយើងមិនចាំបាច់ត្រូវការការសុំទោសនោះទេ ប៉ុន្តែអ្វីដែលយើងចង់បានមកវិញគឺសហគមន៍អន្តរជាតិយល់ដឹងឱ្យបានត្រឹមត្រូវអំពីប្រវត្តិសាស្ត្រ។

យើងបន្តចង់ឲ្យចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា ដែលត្រូវបានពូនជ្រំដោយឈាមស្រស់សាច់ស្រស់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់ បន្តបានក្សា ពង្រឹង និងអភិវឌ្ឍបានល្អ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

អត្ថបទសរសេរដោយក្រុមអ្នកកាសែតកងទ័ពប្រជាជន