ការងារហ្វឹកហ្វឺនរបស់វិទ្យាស្ថានការពារព្រំដែន រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេស និងគោលការណ៍របស់បក្ស និងរដ្ឋ ការទូតការពារជាតិ និងការទូតការពារព្រំដែន ហើយទន្ទឹមនឹងនោះ រួមចំណែកកសាងព្រំដែន​វៀតណាម-ឡាវ-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ចាប់តាំងពីឆ្នាំ២០០២ មក សាកលវិទ្យាល័យការពារព្រំដែន ដែលបច្ចុប្បន្នជាវិទ្យាស្ថានការពារព្រំដែនត្រូវបានក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ចាត់តាំងឱ្យបណ្តុះបណ្តាលសិក្ខាកាមយោធានៃកងទ័ពប្រជាជន​ឡាវ និងកងយោធពលខេមរភូមិន្ទ។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស និងគណៈនាយកនៃវិទ្យាស្ថាន តែងតែយកចិត្តទុកដាក់ដឹកនាំការិយាល័យ ដេប៉ាតឺម៉ង់ និងអង្គភាពនានា ឲ្យបង្កើតលក្ខខណ្ឌល្អបំផុតទាក់ទងនឹងកន្លែងស្នាក់នៅ ការហូបចុក សម្ភារៈបរិក្ខារ សៀវភៅសិក្សា និងឯកសារនានាជូន​សិក្ខាកាមយោធានៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ ជួយសិក្ខាកាមទទួលបានលទ្ធផលល្អក្នុងការសិក្សា និងបំពេញការងារ។

leftcenterrightdel
សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ សិក្សានៅវិទ្យាស្ថានការពារព្រំដែន (រូបថត៖ Quang Huy)

ចាប់ពីឆ្នាំ ២០០២ ដល់បច្ចុប្បន្ន វិទ្យាស្ថានការពារព្រំដែនបាន និងកំពុងជួយបណ្តុះបណ្តាលសិក្ខាកាម​នៃកងទ័ពប្រជាជនឡាវ ដោយមានវគ្គបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រចំនួន ១៨ វគ្គ វគ្គកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៧ វគ្គ និងវគ្គហ្វឹកហ្វឺនជាច្រើន ជូនមន្ត្រីគ្រប់គ្រងព្រំដែន ច្រកទ្វារព្រំដែន ឈ្លបយកការណ៍ការពារព្រំដែន បញ្ជាការ - សេនាធិការ និងគ្រូបង្រៀនផ្នែកការពារព្រំដែន។ វិទ្យាស្ថាន​ការពារ​ព្រំដែនក៏បានបណ្តុះបណ្តាលសិក្ខាកាម​​​នៃកងយោធពលខេមរភូមិន្ទនូវ​វគ្គបណ្តុះបណ្តាលកម្រិត​បរិញ្ញាបត្រចំនួន ១៩ វគ្គ កម្រិត​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន ១ និងវគ្គហ្វឹក​ហ្វឺន​ស្តីពីការគ្រប់គ្រងព្រំដែន និងគ្រូបង្រៀន​ផ្នែក​ការពារព្រំដែនផងដែរ។

សិក្ខាកាមយោធាឡាវ និងកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានការពារព្រំដែន សុទ្ធតែតស៊ូខិតខំប្រឹងប្រែងក្នុងការសិក្សា ហ្វឹកហ្វឺន មានស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ចូលរួមការកសាងអង្គភាព និងគោរពច្បាប់រដ្ឋ វិន័យកងទ័ព និងបទបញ្ជាសាលា។ សិក្ខាកាមទាំងអស់សុទ្ធតែទទួលបានលទ្ធផលល្អក្នុងការសិក្សា មានសិក្ខាកាមជាច្រើននាក់ទទួលបានប័ណ្ណសរសើរ។ បន្ទាប់ពីបញ្ចប់ការសិក្សា ត្រឡប់ទៅប្រទេសកំណើតវិញ  សិក្ខាកាមទាំងអស់បានអនុវត្តល្អចំណេះដឹងក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ សិក្ខាកាមជាច្រើនត្រូវបានតែងតាំងតំណែង និងបំពេញការងារនៅតាមអង្គភាពការពារព្រំដែននៃប្រទេសឡាវ និងកម្ពុជា ដែលជាប់នឹងប្រទេសវៀតណាម មានឱកាសប្រាស្រ័យទាក់ទងជាមួយកម្មាភិបាល យុទ្ធជននៃអង្គភាពកងទ័ពព្រំដែនវៀតណាម ហើយបានរួមគ្នាគ្រប់គ្រង និងការពារព្រំដែនជាតិយ៉ាងរឹងមាំ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

បក្ស និងរដ្ឋ ​តែងតែកំណត់ទំនាក់ទំនងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀត​ណាម។ ក្នុងចំណោមប្រទេសទាំងនោះ ឡាវ និងកម្ពុជា មានសារៈសំខាន់ពិសេស។ គោលនយោបាយរបស់រដ្ឋស្តីពីការការពារព្រំដែនដែលមានចែងក្នុងច្បាប់ស្តីពីការពារព្រំដែនវៀតណាមក៏បញ្ជាក់យ៉ាងច្បាស់លាស់ថា៖ “អនុវត្តគោលនយោបាយឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងស្ថិរភាពយូរអង្វែងជាមួយប្រទេសដែលមានព្រំដែនរួម ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូតការពារជាតិ និងសន្តិសុខ ការទូតការពារព្រំដែន និងការទូតប្រជាជន”។ ដោយបាន​ពង្រីកលទ្ធផលដែលសម្រេចបាន នាពេលខាងមុខវិទ្យាស្ថានការពារព្រំដែននឹងបន្តអនុវត្តការបណ្តុះបណ្តាលសិក្ខាកាមយោធាឡាវ និងកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត៕

បកប្រែដោយ Duy Hoan