ក្នុងអាកាសធាតុត្រជាក់ និងសមុទ្រមានរលកយ៉ាងខ្លាំង កប៉ាល់លេខ ៦៣៤ កងវរសេនាតូចលេខ ១៣៧ កងពលតូចលេខ ១៦៩ (តំបន់លេខ១ កងទ័ពជើងទឹក) បានចេញដំណើរទៅកាន់សមុទ្រដោយពាំនាំអំណោយបុណ្យតេតរបស់ជនជាតិភាគតិចនៅខេត្ត Dien Bien និងធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank), សម្ព័ន្ធយុវជនខ័ណ្ឌ Long Bien (ទីក្រុងហាណូយ) និងក្រុមអ្នកយកព័ត៌មានមកពីស្ថាប័នសារព័ត៌មានមជ្ឈិម និងមូលដ្ឋាន។

ក្នុងជំនួបសំណេះសំណាល និងផ្លាស់ប្តូរគ្នាមុនពេលធ្វើដំណើរ លោកឧត្តមនាវីត្រី Tran Xuan Van ប្រធាននយោបាយនៃបញ្ជាការដ្ឋានតំបន់លេខ១ កងទ័ពជើងទឹក បានជូនដំណឹងថា៖ ឆ្នាំ២០២៤ អង្គភាពនានានៃតំបន់លេខ១ កងទ័ពជើងទឹក តែងតែរក្សាយ៉ាងតឹងរឹងនូវកម្លាំង និងមធ្យោបាយត្រៀមប្រយុទ្ធជាស្រេច; បំពេញដោយជោគជ័យនូវភារកិច្ចយាមល្បាត គ្រប់គ្រងដែនសមុទ្រ ស្វែងរក និងជួយសង្គ្រោះ កសាងបទប្បញ្ញត្តិ និងការទូតការពារជាតិ។ល។

យោងតាមលោកឧត្តមនាវីត្រី Tran Xuan Van តាមរយៈការធ្វើដំណើរនេះ ប្រតិភូនានាមានឱកាសស្វែងយល់អំពីស្ថានភាពសមុទ្រ និងកោះ ទន្ទឹមនឹងនោះ ស្វែងយល់បន្ថែមអំពីជីវភាពរស់នៅរបស់កម្មាភិបាល និងយុទ្ធជនកងទ័ពជើងទឹក និងប្រជាជននៅតំបន់សមុទ្រ និងកោះនានានៅតំបន់ភាគឦសាននៃមាតុភូមិ។ អាស្រ័យហេតុនេះ ចែករំលែកជាមួយការលះបង់ដ៏ស្ងៀមស្ងាត់របស់ពួកគេ។

leftcenterrightdel
គណៈប្រតិភូផ្តល់អំណោយបុណ្យតេតដល់ប្រជានេសាទនៅលើកោះ Cat Ba (ទីក្រុង Hai Phong)

បន្ទាប់ពីរយៈពេល ១២ ម៉ោង កប៉ាល់លេខ ៦៣៤ បានមកដល់ជិតកោះ Bach Long Vi (ទីក្រុង Hai Phong) រលកយ៉ាងខ្លាំងបណ្តាលឱ្យកប៉ាល់មិនអាចចូលចត់នៅច្រាំងបានទេ។ អំណោយបុណ្យតេតទាំងអស់ត្រូវបានដឹកជញ្ជូនយ៉ាងលឿនទៅកាន់កប៉ាល់របស់កងទ័ពការពារព្រំដែន។ ដោយបានទទួលព័ត៌មានពីចម្ងាយតាមទូរស័ព្ទ លោកស្រី Nguyen Thi Bich លេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Bach Long Vi បានសម្តែងក្តីរំភើបរីករាយថា៖ “កងទ័ព និងប្រជាជនស្រុកកោះទទួលបានអំណោយបុណ្យតេតពីអង្គភាពនានានៅលើដីគោកហើយ។ មែកផ្កាម៉ាក់ខៃ និងកញ្ចប់អំណោយបុណ្យតេតពីស្ថាប័ន និងអង្គភាពនានាធ្វើឱ្យបរិយាកាសនិទាឃរដូវនៅលើកោះកាន់តែរីករាយ និងកក់ក្ដៅ”។

ព័ត៌មានពីកងកម្លាំងនៅលើកោះ Bach Long Vi ក្នុងស្មារតី "រីករាយឆ្នាំថ្មីដោយមិនភ្លេចភារកិច្ច" បញ្ជាការដ្ឋានយោធាស្រុក Bach Long Vi ប៉ុស្តិ៍ការពារព្រំដែន Bach Long Vi និងស្ថានីយ៍មុខងារនៅលើកោះបានហ្វឹកហាត់យ៉ាងម៉ត់ចត់ផែនការប្រយុទ្ធ និងបញ្ចប់ផែនការប្រចាំការនៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីដោយមិនភ្ញាក់ផ្អើលនៅពេលមានស្ថានភាពកើតឡើង។

នៅលើកោះ Cat Ba (ទីក្រុង Hai Phong) កម្មាភិបាល និងយុទ្ធជននៃស្ថានីយ៍រ៉ាដាលេខ ៤៩៥ កងវរសេនាធំលេខ ១៥១ តំបន់លេខ១ កងទ័ពជើងទឹក កំពុងបំពេញភារកិច្ចសង្កេត និងស្វែងរកគោលដៅ។ ប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ កម្មាភិបាល និងយុទ្ធជនមានការរំភើបរីករាយក្នុងការស្វាគមន៍គណៈប្រតិភូមកសួរសុខទុក្ខ និងលើកទឹកចិត្តពួកគេ។ លោកវរសេនីយ៍ត្រី Nguyen Van Thu ប្រធានស្ថានីយ៍រ៉ាដា បានឲ្យដឹងថា អង្គភាពបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីអបអរសាទរខួបលើកទី៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២៥; បានសម្របសម្រួលជាមួយវិទ្យាល័យ Cat Ba (ទីក្រុង Hai Phong) ដើម្បីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់កងទ័ពដូចជា៖ ការប្រលងវេចនំអន្សម ការបុកផើងដីឥដ្ឋ និងបោះកងរង្វង់ចូលដប។ល។

ដោយចូលរួមការប្រកួតវេចនំអន្សមជាមួយកងទ័ព អ្នកគ្រូ Nguyen Hai Ha នៅវិទ្យាល័យ Cat Ba បានចែករំលែកថា៖ “សកម្មភាពអំណរបុណ្យចូលឆ្នាំថ្មី រវាងកម្មាភិបាល និងយុទ្ធជននៃស្ថានីយ៍រ៉ាដាលេខ ៤៩៥ និងសាលាមានអត្ថន័យណាស់។ សកម្មភាពទាំងនេះជួយសិស្សានុសិស្សមានការយល់ដឹងកាន់តែច្បាស់អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ ការលះបង់របស់ជំនាន់មុន ៗប្រពៃណីវីរភាពរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពសមុទ្រ កោះនៃមាតុភូមិ”។

ក្នុងឱកាសមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ប្រជានេសាទដែលកំពុងរស់នៅលើកោះ គណៈប្រតិភូតំបន់លេខ១ កងទ័ពជើងទឹក ក៏បានផ្តល់អំណោយបុណ្យតេតជាច្រើនដល់គ្រួសារជាគំរូក្នុងផលិតកម្ម និងធ្វើអាជីវកម្ម។ ដោយទទួលអំណោយ បុណ្យតេត និងទង់ជាតិ ប្រជានេសាទ Nguyen Van Quang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់គណៈប្រតិភូ ដោយចាត់ទុកថានេះជាកម្លាំងចលករជួយគាត់ឱ្យកាន់តែមានទំនុកចិត្តក្នុងការចេញទៅលំហសមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ច រួមជាមួយកងទ័ពជើងទឹក និងកងកម្លាំងផ្សេងទៀត រក្សាសន្តិសុខនៅសមុទ្រនិងកោះភាគឦសាននៃមាតុភូមិ។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូក៏បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គការនានាក្នុងមូលដ្ឋាន; ស្ថាប័ន និងអង្គភាពយោធាដែលឈរជើងនៅលើកោះ Bach Long Vi និង Cat Ba ដូចជាស្ថានីយ៍រ៉ាដាលេខ ៤៩០ និង ៤៩៥ (កងវរសេនាធំលេខ ១៥១ តំបន់លេខ១ កងទ័ពជើងទឹក)។ ប្រតិភូនៃអង្គភាពនានាបានផ្តល់អំណោយជាង ៨០ កញ្ចប់ (តម្លៃ ១ លានដុង/កញ្ចប់) ដល់គ្រួសារទទួលរបបពីរដ្ឋ គ្រួសារជួបការលំបាក សិស្សានុសិស្សក្រីក្ររៀនពូកែ; ប្រគល់ទង់ជាតិចំនួន ២០០ និងអំណោយបុណ្យតេតដល់ប្រជានេសាទ៕

បកប្រែដោយ Huyen Trang