រកឃើញទាន់ពេលវេលា ដោះស្រាយការរំលោភបំពានច្បាប់

ពេលយប់នៅលើផ្លូវតភ្ជាប់ផ្លូវខេត្តលេខ ៨៤១ ក្នុងឃុំ Thuong Lac ស្រុក Hong Ngu ខេត្ត Dong Thap បន្តិចម្តងៗមានប្រទះជួបក្រុមម៉ូតូ ពី ២ ទៅ ៣ គ្រឿងដែលជិះក្នុងល្បឿនយ៉ាងលឿនដោយនៅខាងក្រោយម៉ូតូមានចងជាប់នឹងបាវទំនិញធំតូច ហើយត្រឹមតែក្រឡេកមើលប៉ុណ្ណោះ អ្នកអាចទាយបានភ្លាមៗថាបាវទំនិញទាំងនោះវាគឺជាបារីទេ។ នៅពេលនេះឆ្លៀតឱកាសពីអង្គភាពការពារព្រំដែនដែលកំពុងខិតខំការពារ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 នៅតាមព្រំដែននោះ ពួកអ្នករត់ពន្ធ និងស៊ីឈ្នួលដឹកជញ្ជូនទំនិញខុសច្បាប់មិនប្រតិបត្តិការយ៉ាងឈូឆរសន្ធឹកសន្ធាប់ឡើយ តែដឹកជញ្ជូនក្នុងបរិមាណតិចតួចទៅក្នុងចេតនា ប្រសិនបើត្រូវចាប់ខ្លួនក៏មិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីចោទប្រកាន់ទេ។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខត្ត  Dong Thap បានបង្ហាញថា ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ គ្រប់ស្ថាប័នមានសមត្ថកិច្ចចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap បានរកឃើញនិងដោះស្រាយករណីរំលោភច្បាប់ចំនួន ១៤៩ ករណី (ភាគច្រើនគឺបទល្មើសដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់ ការចូលនិងចេញដោយខុសច្បាប់ ការរំលោភលើបទបញ្ញត្តិព្រំដែន) ធ្វើការពិន័យបទល្មើសរដ្ឋបាល ១៣៦ ករណីដែលមាន ២១៧ មុខសញ្ញា។ រាល់ការសម្រេចចិត្តក្នុងការដាក់ពិន័យរដ្ឋបាលគឺត្រូវបានអនុលោមត្រឹមត្រូវតាមច្បាប់។

នៅតាមតំបន់ព្រំដែន (ទាំងលើដីគោក និងសមុទ្រ) នៃខេត្ត Kien Giang ជាទីតាំងដែលត្រូវបានគេចាត់ទុកថាងាយស្រួលសម្រាប់មុខសញ្ញាឧក្រិដ្ឋជនប្រតិបត្តិបទល្មើស ហើយស្ថានការណ៍បំពានបទល្មើសរដ្ឋបាលនៅតែមាននិន្នាការយ៉ាងស្មុគស្មាញ ដោយផ្តោតសំខាន់លើ ៣ វិស័យគឺ៖ ការនេសាទខុសច្បាប់ ការជួញដូរ និងដឹកជញ្ជូនទំនិញក្លែងក្លាយ ទំនិញហាមឃាត់ និងការចូលនិងចេញមិនស្របតាមច្បាប់។ ស្ថាប័ន និងអង្គភាពនានាក្រោមឱវាតនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang បានដោះស្រាយបទល្មើសចំនួនជាង ១០០ ករណី ដោយបានដាក់ពិន័យលើជាង ៦០ មុខសញ្ញា ហើយនិងបានបំពេញឯកសារប្រគល់ជូនទៅនគរបាលក្នុងខេត្តដើម្បីចោទកប្រកាន់តាមទោសព្រហ្មទណ្ឌចំនួន ២ ករណីដែលទាក់ទងនឹងការដឹកជញ្ជូនថ្នាំជក់ខុសច្បាប់។ ថ្នាក់ដឹកនាំនៃកងទ័ពការពារព្រំដែនខេត្ត Kien Giang បានអោយដឹងថា កងទ័ពការពារព្រំដែនខេត្តបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកំលាំងដទៃទៀតដើម្បីប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មប្រកបដោយប្រសិទ្ធភាព រក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន។ ក្រៅពីនោះ អង្គភាពក៏បានអនុវត្តយ៉ាងល្អនូវកិច្ចការការទូតការពារព្រំដែន កសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ។ កងទ័ពការពារព្រំដែនខេត្ត Kien Giang រក្សាកិច្ចប្រជុំការបរទេសក្នុងគ្រប់ជាន់ថ្នាក់ និងធ្វើការល្បាតទ្វេភាគី ការពារព្រំដែនជាមួយកងកំលាំងការពារព្រំដែនភាគីមិត្តកម្ពុជា។ អង្គភាពក៏បានចូលរួមជាមួយភាគីមិត្តដើម្បីណែនាំ និងជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងឃុំនិងឃុំ ភូមិ និងភូមិ នៃប្រទេសទាំងពីរវៀតណាម - កម្ពុជាតាមរយៈនេះរួមចំណែកដល់ការការពារ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រកបដោយប្រសិទ្ធភាព។

នៅលើដែនសមុទ្រ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ បញ្ជាការដ្ឋានតំបន់ឆ្មាំសមុទ្រលេខ ៤ បានរកឃើញ និងដោះស្រាយករណីបទល្មើសរដ្ឋបាលចំនួន ៧២ ដោយមានមធ្យោបាយចំនួន ៧៨ គ្រឿង។ បានចេញសេចក្តីសំរេចដាក់ពិន័យរដ្ឋបាលចំនួន ១០៩ ករណី ក្នុងនោះភាគច្រើនទាក់ទងនឹងការរំលោភលើសុវត្ថិភាពដែនសមុទ្រ។ លោកឧត្តមសេនីយ៍ត្រី  Le Van Minh មេបញ្ជាការតំបន់ឆ្មាំឆ្នេរសមុទ្រលេខ ៤ បាននិយាយថា៖ ក្នុងការបំពេញបេសកកម្ម បញ្ជាការដ្ឋានតំបន់ឆ្មាំសមុទ្រលេខ ៤ បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាកងកម្លាំងក្នុងតំបន់ដូចជា៖ នគរបាល កងទ័ពការពារព្រំដែន គយ កម្លាំងការពារព្រៃឈើ កម្លាំងការពារការនេសាទ... អាស្រ័យហេតុនោះបានដោះស្រាយរាល់បញ្ហានានាដែលកើតឡើងជាយថាហេតុនៅលើសមុទ្រ និងតំបន់ដែលក្រោមការគ្រប់គ្រងរបស់ខ្លួន។

leftcenterrightdel
សកម្មភាពរត់ពន្ធទំនិញខុសច្បាប់នៅតំបន់ព្រំដែនខេត្ត Kien Giang

បញ្ហាខ្វះខាតចាំបាច់ត្រូវដោះស្រាយ

លោកវរសេនីយ៍ឯក Nguyen The Anh មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត  Kien Giang បានមានប្រសាសន៍ថា៖ តាមរយៈការអនុវត្តច្បាប់ស្តីពីការដោះស្រាយបទល្មើសរដ្ឋបាល និងរាល់ឯកសារណែនាំអំពីការអនុវត្តជាក់ស្តែងនោះ កិច្ចការដាក់ពិន័យរដ្ឋបាលរបស់កងទ័ពការពារព្រំដែនខេត្តបានមានរបៀបរៀបរយជាបណ្តើរៗ រាល់ករណីកើតមានឡើងត្រូវបានរកឃើញ និងដោះស្រាយយ៉ាងឆាប់រហ័ស បទបញ្ជានិងនីតិវិធីនៃការដាក់ពិន័យធានាបាននូវការអនុលោមត្រឹមត្រូវតាម​បទប្បញ្ញត្តិ។

ទោះយ៉ាងណាក៏ដោយតាមរយៈការស្រាវជ្រាវជាក់ស្តែងនៅអង្គភាពនានា យើងខ្ញុំបានដឹងថា បច្ចុប្បន្នកិច្ចការអនុវត្តច្បាប់លើការដោះស្រាយបទល្មើសរដ្ឋបាលនៅតែប្រឈមមុខនឹងបញ្ហា និងកង្វះខាតជាច្រើនដែលចាំបាច់ត្រូវដោះស្រាយ។ លោកវរសេនីយ៍ឯក Nguyen The Anh បានលើកឡើងថា៖ យោងតាមច្បាប់ស្តីពីនីតិវិធីនៃការដាក់ពិន័យរដ្ឋបាល ពេលវេលាសម្រាប់ការឃាត់ទុកជាបណ្តោះអាសន្ននូវភស្ដុតាងដើម្បីកំណត់តម្លៃ គឺមិនលើសពី ២៤ ម៉ោង ហើយយ៉ាងយូក៏ត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ។ ជាការពិតជាក់ស្តែងណាស់ ការកំណត់ពេលវេលានេះមិនទាន់សមស្របទេ ពីព្រោះការបង្កើតក្រុមវាយតម្លៃ និងការវាយតំលៃលើវត្ថុតាងដែលជាទំនិញរត់ពន្ធមានតម្លៃនៅតំបន់ព្រំដែន នៅលើសមុទ្រនិងកោះ គឺពិតជាពិបាកណាស់។ លើសពីនេះទៅទៀត វត្ថុតាងពីបទល្មើសនោះមានច្រើនប្រភេទ និងស្មុគស្មាញ ពិបាកកំណត់តម្លៃ ... នាំឱ្យមានការសម្រេចចិត្តដាក់ពិន័យមិនត្រឹមត្រូវ។

ការលំបាកមួយក្នុងការអនុវត្តច្បាប់ស្តីពីការដោះស្រាយបទល្មើសរដ្ឋបាលនៃតំបន់ឆ្មាំសមុទ្រលេខ ៤ គឺជាការធានាឲ្យការដាក់ពិន័យរដ្ឋបាល ជាពិសេសគឺករណីស្មុគស្មាញដែលមានបរិមាណទំនិញច្រើនមានពាក់ព័ន្ធនឹងបរទេស។ ការក្តាប់ព័ត៌មាន ការបង្កើតសំណុំឯកសារជាបឋមនៅសមុទ្រចំពោះករណីមានពាក់ព័ន្ធនឹងបរទេសនៅតែប្រឈមនឹងឧបសគ្គពីព្រោះសមត្ថភាពភាសាបរទេសរបស់កម្មាភិបាល និងយុទ្ធជននៅតែមានកម្រិត។

ក្នុងពេលចុះមកត្រួតពិនិត្យការងារអនុវត្តច្បាប់ស្តីពីការដោះស្រាយបទល្មើសរដ្ឋបាលនៅតំបន់ឆ្មាំសមុទ្រលេខ ៤ ថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើឲ្យគ្រប់អង្គភាពបន្តធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាកងកម្លាំង ស្ថាប័នមានសមត្ថកិច្ចនៅមូលដ្ឋានក្នុងការបំពេញការងាររបស់ខ្លួន ហើយនិងត្រូវតែលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កម្មាភិបាល និងយុទ្ធជនក្នុងការបំពេញភារកិច្ច។ ព្រមទាំងពិនិត្យឡើងវិញនូវឯកសារគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការដោះស្រាយបទល្មើសរដ្ឋបាលដើម្បីដោះស្រាយគ្រប់ការលំបាក និងបញ្ហាប្រឈម៕

បកប្រែដោយ Minh Trung