នារសៀលថ្ងៃទី ២៦ សីហា លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានចូលជួបសម្តែងការគួរសមជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ។ វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លោក Thongloun Sisoulith បានអះអាងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ចូលជួបសម្តែងការគួរសមជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ

បញ្ជាក់ពីចំណងពិសេសរវាងប្រជាជន និងកងទ័ពទាំងពីរ លោក Thongloun Sisoulith បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ពោលគឺទំនាក់ទំនងនយោបាយកំពុងត្រូវបានធ្វើឱ្យកាន់តែស៊ីជម្រៅ មានភាពជិតស្និទ្ធ មានការជឿទុកចិត្តគ្នាដោយដើរតួនាទីជាស្នូលក្នុងការកំណត់ទិសដៅសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយសម្តែងការសប្បាយរីករាយចំពោះការបន្តអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ចងចាំជានិច្ចនូវការឧបត្ថម្ភដ៏ថ្លៃថ្លា ស្មោះត្រង់ សុចរិតភាព និងមានប្រសិទ្ធភាពដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ បានជូនចំពោះវៀតណាមក្នុងបុព្វហេតុតស៊ូទាមទារឯករាជ្យជាតិ ក៏ដូចជាក្នុងការងារកសាង និងការពារប្រទេសឡាវសព្វថ្ងៃ។ ក្នុងគ្រប់កាលៈទេសៈ វៀតណាមតែងតែគោរព ការពារ និងជំរុញទំនាក់ទំនងពិសេស ស្មោះត្រង់ និងយូរអង្វែងរវាងវៀតណាម និងឡាវ។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet មានបំណងសង្ឃឹមថា លោកអគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់ក្រសួងការពារប្រទេស និងកងទ័ពនៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការត្រៀមរៀបចំ និងរៀបចំមហាសន្និបាតបក្សនៅគ្រប់កម្រិតថ្នាក់ គាំទ្រ និងជួយគ្នាទៅវិញទៅមកបង្កើនប្រសិទ្ធភាពក្នុងការងារផ្តល់ប្រឹក្សាជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនូវរាល់ដំណោះស្រាយ គោលនយោបាយដើម្បីពង្រឹងការដឹកនាំរបស់បក្សនីមួយៗលើកងទ័ពរបស់ប្រទេសនីមួយៗ និងទប់ស្កាត់ រាល់ឧបាយកល ផែនការបំផ្លិចបំផ្លាញដោយកម្លាំងអរិភាព និងពួកប្រតិកិរិយា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ

*នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាល ក្រសួងការពារប្រទេស និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវផ្ទាល់ នឹងបន្តយកចិត្តទុកដាក់ ដឹកនាំស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានារបស់វៀតណាម ខិតខំបំពេញបែបបទដើម្បីដាក់ជូនថ្នាក់ដឹកនាំប្រទេសទាំងពីរដើម្បីអនុម័តលើពាក្យសុំទទួលស្គាល់ផ្លូវលំ Truong Son - Ho Chi Minh នៅលើទឹកដីឡាវ ជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រ។ ក្រៅពីនោះ មានយន្តការ និងគោលនយោបាយសមស្របសម្រាប់កងទ័ពទាំងពីរ ពង្រីកធនធាន និងវិស័យនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងបន្ថែមទៀតនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ធានានូវការគាំទ្រដ៏រឹងមាំសម្រាប់គ្នាទៅវិញទៅមក ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនឡាវ 

* គួរឱ្យរំលឹកដែរថា នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនឡាវ បានទទួលការស្វាគមន៍ដោយក្តីរាក់ទាក់ជិតស្និទ្ធជាមួយ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូ។ ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបប្រជុំពិភាក្សាការងារជាមួយគ្នា។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា និងវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ហើយនិងដាក់ចេញខ្លឹមសារមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ តាមនោះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យនៃការងារបក្ស និងការងារនយោបាយ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្របសម្រួលការផ្សព្វផ្សាយ និងអប់រំឱ្យមានប្រសិទ្ធភាព ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។  ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន ការឃោសនា និងការគ្រប់គ្រងបណ្ដាញសង្គម។ រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងទីភ្នាក់ងារ និងអង្គភាពក្រោមឱវាទអគ្គស្នងការដ្ឋាននយោបាយ នៃប្រទេសទាំងពីរ និងសហប្រតិបត្តិការជិតស្និទ្ធគ្នាក្នុងការបណ្តុះបណ្តាល កសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕

បកប្រែដោយ Minh Trung