leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Quang Tri និងសប្បុរសជនបានប្រគល់សំភារៈបរិក្ខារពេទ្យនិងស្បៀងអាហារជូនមិត្ដឡាវ

 

បណ្ដាជនជាតិរស់នៅតាមបណ្ដោយតំបន់ព្រំដែនខេត្ត Quang Tri និងឡាវមានទំនាក់ទំនងជិតស្និទ្ធ។ ប្រជាជននៅទាំងសងខាងព្រំដែនធ្លាប់តែចុះសួរសុខទុក្ខសាច់ញាតិ ដោះដូរទំនិញ និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការផលិត​។ កាលពីមុនមក គ្រួសារមួយចំនួនរស់នៅតាមតំបន់ព្រំដែននៃស្រុក Nong  ខេត្ត Salavan ប្រទេសឡាវតែងតែដឹកជញ្ជូនកសិផលជាច្រើនដូចជា ដំឡូងមី ចេក.... ឆ្លងកាត់ផ្លូវលំទៅកាន់ស្រុក Huong Hoa ខេត្ត Quang Tri ដើម្បីលក់ឲ្យអាជីវករវៀតណាម ។

ចាប់តាំងពីពេលប្រតិបត្តិការឆ្លងកាត់ព្រំដែនវៀតណាម - ឡាវត្រូវបានផ្អាកជាបណ្ដោះអាសន្ននោះ ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាងព្រំដែនបានជួបការលំបាកជាច្រើន។ គ្រួសារខ្លះនៅតាមភូមិព្រំដែននៃស្រុក Huong Hoa ខេត្ត Quang Tri និងស្រុក Nong ខេត្ត Salavan ប្រទេសឡាវខ្វះខាតស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគ។ ចំពោះស្ថានភាពខាងលើនេះ​ កងទ័ពការពារព្រំដែនខេត្ត Quang Tri បានបំផុសចលនាកម្មាភិបាល និងយុទ្ធជនចូលរួមបរិច្ចាគប្រាក់ខែ និងអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភដល់ប្រជាជននៅសងខាងព្រំដែនឲ្យមានស្ថេរភាពក្នុងជីវភាព។ គ្រាន់តែរយៈពេល ១ ខែប៉ុណ្ណោះ កងទ័ពការពារព្រំដែនខេត្ត Quang Tri បានសហការជាមួយបណ្ដាសប្បុរសជនជួយឧបត្ថម្ភអង្ករជាង ៣០ តោន និងសំភារៈនិងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនដល់ប្រជាជនដែលរស់នៅទាំងសងខាងព្រំដែនវៀតណាម - ឡាវ។ កងទ័ពការពារព្រំដែនខេត្ត Quang Tri ក៏បានប្រគល់សំភារៈបរិក្ខារពេទ្យជូនកម្លាំងមានសមត្ថកិច្ចរបស់ឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ  Covid-19 ដែរ។

មិនត្រឹមតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប៉ុណ្ណោះទេ ថែមទាំងកងទ័ពការពារព្រំដែននៃខេត្ដទាំងពីរនៅតែម្ចាស់ការ និងសហការទាន់ពេលវេលាក្នុងការទប់ស្កាត់ករណីឆ្លងដែនខុសច្បាប់ទៀតផង។  លោកវរសេនីយ៍ឯក Le Van Phuong មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Quang Tri បានឲ្យដឹងថា“ ក្នុងរយៈពេលកន្លងមក តាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់ យើងបានផ្លាស់ប្តូរយោបល់និងសហការអង្គភាពការពារព្រំដែនឡាវបំពេញភារកិច្ចយ៉ាងល្អ។ ដោយផ្អែកលើមូលដ្ឋាននោះ អង្គភាពនៃភាគីទាំងពីរបានត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមសងខាងព្រំដែននិងត្រៀមខ្លួនដោះស្រាយស្ថានការណ៍កើតមានឡើង។

លោកអនុសេនីយ៍ឯកបំរុង Bua Kham មេបញ្ជាការរងនៃប៉ុស្ដិ៍ការពារព្រំដែនលេខ ៣២១ របស់ឡាវបានឲ្យដឹងថា ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 យើងខ្ញុំត្រូវបានភាគីវៀតណាមប្រគល់ជូនសំភារៈបរិក្ខារពេទ្យជាច្រើន។ មិនត្រឹមតែកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ថែមទាំងប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសឡាវក៏បានកងទ័ពការពារព្រំដែនខេត្ដ Quang Tri ជួយឧបត្ថម្ភសំភារៈបរិក្ខាពេទ្យ និងស្បៀងអាហារក្នុងគ្រាលំបាកទៀតផង។

សកម្មភាពនេះមិនត្រឹមតែជួយឲ្យកម្លាំងមានសមត្ថកិច្ចនៃខេត្ដទាំងពីរប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងពង្រឹងទំនាក់ទំនងមិត្ដភាពជាប្រពៃណីរវាងប្រទេសទាំងពីរឡាវ - វៀតណាម ទៀតផង»៕

បកប្រែដោយ Pham Diep