លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យផ្តោតលើការអនុវត្តយុទ្ធសាស្ត្រនានាដើម្បីអភិវឌ្ឍប្រទេសជាតិ
កប.អនឡាញ - ទាក់ទងនឹងទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ២០២៦ គណៈកម្មាធិការបក្សរដ្ឋាភិបាលនឹងខិតខំសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ១០% ឬច្រើនជាងនេះ។
នាថ្ងៃទី១១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ គណៈកម្មាធិការបក្សរដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងអនុវត្តទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០២៦។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ឆ្នាំ២០២៥ គឺជាឆ្នាំពិសេសសម្រាប់បក្សភាគរដ្ឋាភិបាល ដែលជាលើកទីមួយហើយដែលបក្សភាគរដ្ឋាភិបាលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ។ ការបង្កើតបក្សភាគរដ្ឋាភិបាលគឺជាការផ្លាស់ប្តូរថ្មីក្នុងវិធីសាស្រ្តដឹកនាំរបស់បក្សលើរដ្ឋាភិបាល បង្កើនការដឹកនាំដ៏ទូលំទូលាយ ដោយផ្ទាល់របស់បក្សលើការគ្រប់គ្រងរបស់រដ្ឋាភិបាល។
យោងតាមរបាយការណ៍ គណៈកម្មាធិការបក្សរដ្ឋាភិបាលបានដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅឆ្នាំ ២០២៥ សម្រេចបាន និងលើសគោលដៅសំខាន់ៗទាំង ១៥/១៥។ កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាន ៨.០២% (ក្នុងចំណោមប្រទេសដែលមានកំណើនខ្ពស់បំផុតនៅក្នុងតំបន់ និងពិភពលោក)។ ទំហំសេដ្ឋកិច្ចសម្រេចបានប្រហែល ៥១៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៣២ នៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់នៅឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានប្រហែល ៥០២៦ ដុល្លារអាមេរិក ស្ថិតក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
ទាក់ទងនឹងទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ២០២៦នេះ គណៈកម្មាធិការបក្សរដ្ឋាភិបាលនឹងខិតខំដើម្បីកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាន ១០% ឬច្រើនជាងនេះ។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់នឹងសម្រេចបាន ៥៤០០ - ៥៥០០ ដុល្លារអាមេរិក។ ជាមួយគ្នានេះ ឆ្នាំនេះនឹងបង្កើតគំរូកំណើនថ្មីមួយ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់ឧស្សាហូបនីយកម្ម និងទំនើបកម្ម ដោយវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ជាកម្លាំងចលករចម្បង។
ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើថា នៅឆ្នាំ ២០២៦ ត្រូវផ្តោតលើការកសាង និងអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំគឺ៖ បំពេញគោលនយោបាយយុទ្ធសាស្ត្រ កៀរគរធនធានយុទ្ធសាស្ត្រ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបង្កើតតុល្យភាពយុទ្ធសាស្ត្រ។
ជាមួយគ្នានេះ ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រដែលចេញដោយការិយាល័យនយោបាយ និងបន្តរៀបចំឡើងវិញ បង្រួមក្បាលម៉ាស៊ីន ផ្តោតលើការរៀបចំគោលនយោយាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានពីរកម្រិត ដែលពង្រីកតួនាទីស្ថាបនា និងបម្រើការអភិវឌ្ឍ៕
បកប្រែដោយ Duy Hoan