លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន GE Vernova សហរដ្ឋអាមេរិក
កប.អនឡាញ - នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទទួលជួបលោកស្រី Maria Zingoni នាយិកាប្រតិបត្តិទទួលបន្ទុកប្រភពថាមពលនៃក្រុមហ៊ុន GE Vernova (សហរដ្ឋអាមេរិក) និងសហសេវិករបស់ក្រុមហ៊ុនដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន GE Vernova ពង្រីកការវិនិយោគនៅវៀតណាម ដើម្បីបំពេញតម្រូវការថាមពល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម ជាពិសេសការអភិវឌ្ឍ និងចូលរួមគម្រោងថាមពល និងបណ្តាញអគ្គិសនី; ផ្តល់យោបល់សម្រាប់ការកែលម្អក្របខ័ណ្ឌគតិយុត្ត ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅក្នុងវិស័យអគ្គិសនី; ផ្ទេរបច្ចេកវិទ្យា និងបទពិសោធន៍ជឿនលឿន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មនៃឧស្សាហកម្មអគ្គិសនីរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ GE Vernova ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍគម្រោងថាមពលអ៊ីដ្រូសែននៅវៀតណាម; កំណត់វៀតណាមជាទីតាំងយុទ្ធសាស្ត្ររយៈពេលវែង កសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូវៀតណាម។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោកស្រី Mavi Zingoni នាយិកាប្រតិបត្តិទទួលបន្ទុកប្រភពថាមពលរបស់ក្រុមហ៊ុន GE Vernova (រូបថត៖ baochinhphu.vn) |
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងបន្តគាំទ្រវៀតណាមក្នុងការចរចារពន្ធគយជាមួយសហរដ្ឋអាមេរិក; រួមជាមួយនឹងសាជីវកម្មអាមេរិក ដើរតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាលទាំងពីរ រួមចំណែកនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក កាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
រីឯលោកស្រី Maria Zingoni បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន GE Vernova (GE) ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម ក៏ដូចជាការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន បំពេញតម្រូវការរបស់ទីផ្សារវៀតណាម។ ទន្ទឹមនឹងនោះ ខិតខំដោះស្រាយបញ្ហាប្រឈមពាណិជ្ជកម្មរវាងវៀតណាមនិងសហរដ្ឋអាមេរិក៕
បកប្រែដោយ Thanh Cong