លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ កញ្ញា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - អាល្លឺម៉ង់ (១៩៧៥-២០២៥) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ ឱ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។
នៅក្នុងជំនួបពិភាក្សានោះ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះការវិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មថាមពល ការអប់រំ-បណ្តុះបណ្តាល និងកម្លាំងពលកម្ម។ល។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម |
ភាគីទាំងពីរបានឯកភាពដំឡើងទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតកម្ពស់ថ្មីមួយទៀតនាពេលឆាប់ៗខាងមុខ បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងជំរុញការបង្កើតក្រុមការងាររួមក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងការងារ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុបៃតង ថាមពលកកើតឡើងវិញ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ឧស្សាហកម្មគាំទ្រ សេដ្ឋកិច្ចឌីជីថល ឱសថ គីមី ការដឹកជញ្ជូន។ល។
នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ក៏ដូចជានៅវេទិកាអន្តរជាតិ និងតំបន់។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ហើយបានបញ្ជាក់ជំហររបស់ខ្លួនក្នុងការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការតភ្ជាប់ក្នុងតំបន់ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញគ្នា មកបំពេញទស្សនកិច្ចផ្លូវការនៅពេលវេលាសមស្រប ដើម្បីបន្តពិភាក្សាអំពីវិធានការពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕
បកប្រែដោយ Duy Hoan