នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីមួយរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម ក្នុងឆ្នាំ២០២៥ ។ ដោយប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយនៃថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេសឡាវ គឺជាសកម្មភាពបរទេសដ៏សំខាន់ដែលបង្ហាញយ៉ាងស៊ីជម្រៅនិងជាក់ស្តែងអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ព្រមទាំងអះអាងនូវគោលនយោបាយជាប់លាប់របស់វៀតណាមដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពដល់ចំណងសាមគ្គីភាពពិសេស និងស្មោះត្រង់ជាមួយឡាវ គាំទ្រយ៉ាងមុតមាំនូវដំណើរការផ្លាស់ប្តូរថ្មីរបស់ឡាវ ទន្ទឹមនឹងនោះបង្កើនទំនុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។

យើងមានមោទនភាពយ៉ាងក្រៃលែង ដែលទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ដែលបានបង្កើតឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ហើយត្រូវបានពូនជ្រំដោយសាច់ស្រស់ឈាមស្រស់របស់មនុស្សគ្រប់ជំនាន់ ឆ្លងកាត់ការលំបាកនិងប្រឈមនានា ដើម្បីឯករាជ្យ សេរីភាព និងសុភមង្គលរបស់ប្រជាជនទាំងពីរ ហើយទទួលបាន“លទ្ធផលជាផ្លែផ្កាផ្អែម”យ៉ាងច្រើន  រួមវិភាគទានប្រកបដោយភាពវិជ្ជមានក្នុងកិច្ចការផ្លាស់ប្តូរថ្មី ការកសាង និងការពារមាតុភុមិនៃប្រទេសនិមួយៗ។

leftcenterrightdel
រូបថត/Vietnam+

អាស្រ័យលើនេះ ទំនាក់ទំនងនយោបាយកាន់តែជិតស្និទ្ធ និងគួរឱ្យទុកចិត្ត ដើរតួនាទីស្នូល និងតម្រង់ទិសទំនាក់ទំនងទ្វេភាគីទាំងមូល។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៅតែបន្ត​ត្រូវ​បាន​ពង្រឹងទាំងគុណភាព និងបរិមាណ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តមានការផ្លាស់ប្តូរជាវិជ្ជមានជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៥ សម្រេចបានជាង ៩៨០ លានដុល្លារអាមេរិក កើនឡើង ១០៥.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងវប្បធម៌ បន្តត្រូវបានលើកកម្ពស់។ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ជាពិសេសតំបន់ព្រំដែនត្រូវបានពង្រឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ វៀតណាម និងឡាវសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងយន្តការអនុតំបន់។

ដោយមានមោទនភាព និងរំភើបចំពោះការអភិវឌ្ឍដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគី ដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម គឺជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយទន្ទឹមនឹងនោះវាយតំលៃលើការអនុវត្តកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ ព្រមទាំងពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងវៀតណាម - ឡាវ ឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង។

ទំនាក់ទំនងវៀតណាម-ឡាវពិតជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន ជាក្រិតក្រមនៃការអភិវឌ្ឍ និងជាកត្តាសំខាន់ ធានាជ័យជំនះនៃបុព្វហេតុបដិវត្តរបស់ប្រទេសនីមួយៗ ជាទំនាក់ទំនងកម្រមាននៅលើពិភពលោក និងជានិមិត្តរូបនៃសាមគ្គីភាពអន្តរជាតិ។ នៅក្នុងពិភពលោកដែលមានការប្រែប្រួល និងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ  ចំណងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវមានសារៈសំខាន់ជាងពេលណាទាំងអស់សម្រាប់ប្រទេសទាំងពីរ។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក Luong Cuong ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសឡាវនឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ឱ្យឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan