ស្វាគមន៍ធុរកិច្ចអាមេរិកដែលចាប់អារម្មណ៍មកបណ្តាក់ទុននៅវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី២៣ ខែមេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបានទទួលជួបលោក Daniel Rosen នាយកប្រតិបត្តិក្រុមហ៊ុន Rosen Partners Group នៃសហរដ្ឋអាមេរិក។
នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍លោក Daniel Rosen ត្រឡប់មកវៀតណាមវិញក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំទីពីរនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-អាមេរិក។ លោកអគ្គលេខាបក្ស បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងនៃទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ ដោយអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថាទំនាក់ទំនងទ្វេភាគីនឹងបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោក Daniel Rosen នាយកប្រតិបត្តិក្រុមហ៊ុន Rosen Partners Group នៃសហរដ្ឋអាមេរិក |
លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា វៀតណាម និងសហរដ្ឋអាមេរិកគឺជាខឿនសេដ្ឋកិច្ចពីរដែលមានគុណសម្បត្តិអាចបំពេញគ្នាទៅវិញទៅមក។ វៀតណាមមានធនធានមនុស្សច្រើនជាមួយបំណងប្រាថ្នាបានរួមវិភាគទាន ប្រឹងក្រោកឈរឡើង មានធនធានធម្មជាតិដ៏សំបូរបែប ហើយទន្ទឹមនឹងនោះ ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រភពទុន បច្ចេកវិទ្យា និងផលិតផលបច្ចេកវិទ្យាខ្ពស់ពីសហរដ្ឋអាមេរិក។
លោក Daniel Rosen បានចែករំលែកចំណាប់អារម្មណ៍របស់ខ្លួននៅពេលឃើញទេពកោសល្យ ស្មារតីចាប់ផ្តើមអាជីវកម្ម និងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅវៀតណាម បានបង្កើតលក្ខខណ្ឌអំណោយផល និងបើកឱកាសវិនិយោគ និងធ្វើអាជីវកម្មបន្ថែមទៀតសម្រាប់អង្គភាពអាជីវកម្មអាមេរិកនៅវៀតណាម។ លោក Daniel Rosen បានជម្រាបជូនអំពីផែនការវិនិយោគ ជាពិសេសគម្រោងសាងសង់សួនកម្សាន្តលំដាប់ពិភពលោកនៅវៀតណាម ដោយសន្យាថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការតភ្ជាប់អ្នកវិទ្យាសាស្ត្រវៀតណាមជាមួយអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កសាងគម្រោងសហប្រតិបត្តិការជាក់លាក់លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងអភិបាលកិច្ចឆ្លាតវៃ។
លោកអគ្គលេខាបក្ស ស្វាគមន៍សម្ព័ន្ធក្រុមហ៊ុន Rosen Partners ចាប់អារម្មណ៍វិនិយោគនៅវៀតណាម ដែលអះអាងថា វៀតណាមកំពុងខិតខំប្រឹងប្រែងបង្រួមក្បាលម៉ាស៊ីនដឹកនាំដើម្បីសម្រួលដល់ការអភិវឌ្ឍ និងការអនុវត្តគោលដៅរបស់ប្រទេសដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥។ លោកអគ្គលេខាបក្ស បានអះអាងថា វៀតណាមជំរុញការវិនិយោគលើការអភិវឌ្ឍវប្បធម៌ និងទេសចរណ៍ ជំរុញការផ្លាស់ប្តូរប្រជាជន និងស្វាគមន៍កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកអគ្គលេខាបក្សបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន ជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យដែលអាមេរិកមានឧត្តមភាព ហើយវៀតណាមមានតម្រូវការ រួមទាំងកសិកម្មគុណភាពខ្ពស់ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស។
លោក Daniel Rosen បានអះអាងពីការសន្យានឹងខិតខំប្រឹងប្រែងអនុវត្តគម្រោងវិនិយោគនៅវៀតណាម រួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងវៀតណាម-អាមេរិក។
បកប្រែដោយ Duy Hoan