លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរលោកស្រី Urawadee ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម ព្រមទាំងអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់ឯកអគ្គរដ្ឋទូត លើកកំពស់​តួនាទីតភ្ជាប់ដ៏សំខាន់របស់ខ្លួនក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងសង្កត់ធ្ងន់ថា មានបំណងចង់ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីថៃ ឆាប់មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនៅឆ្នាំ២០២៥។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាមទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម

អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីររក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី; ផ្តោតលើការអនុវត្តយុទ្ធសាស្ត្រ "ការតភ្ជាប់បី" ដោយឈរលើមូលដ្ឋាននៃការធានាផលប្រយោជន៍ និងផលប្រយោជន៍គ្នាទៅវិញទៅមក។ ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ; ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ​ និងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងអង្គការប្រតិកម្មនានា; ធានាថា មិនអនុញាតឲ្យបុគ្គល ឬ អង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។

លោកស្រីឯកអគ្គរដ្ឋទូត Urawadee អះអាងថានឹងជំរុញការអនុវត្តដំណើរទស្សនកិច្ចថ្នាក់ខ្ពស់រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ រួមទាំងដំណើរទស្សនកិច្ចនៅ​វៀតណាមរបស់នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាថៃ។ ទន្ទឹមនឹងនោះ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងមិត្តភាព  ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងអាណត្តិរបស់ខ្លួន។ លោកឯកអគ្គរដ្ឋទូតថៃក៏បានឯកភាពថា ភាគីទាំងពីរគួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជានៅក្នុងអង្គការក្នុងតំបន់ដែលភាគីទាំងពីរជាសមាជិក រួមទាំងកិច្ចសហប្រតិបត្តិការ ACMECS ផងដែរ។

* នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Kohdayar Marri ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅវៀតណាម ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតមកបំពេញអាណត្តិនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះឯកអគ្គរដ្ឋទូត Marri ដែលបានជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ប៉ាគីស្ថាន ជាពិសេសលើវិស័យវប្បធម៌ សិល្បៈ និងសាសនា រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Kohdayar Marri ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ធ្វើជាស្ពានតភ្ជាប់រវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចនៃភាគីទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងឆាប់តភ្ជាប់ឡើងវិញនូវយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ទាញយកពីសក្ដានុពល និងប្រៀបខ្លាំងនៃប្រទេសទាំងពីរ ហើយខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានជាង ១ ពាន់លានដុល្លារអាមេរិក; ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

លោកឯកអគ្គរដ្ឋទូត Marri បានសម្តែងនូវកិត្តិយសដែលបានមកបំពេញភារកិច្ចនៅវៀតណាម ហើយបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប៉ាគីស្ថានឱ្យកាន់តែស៊ីជម្រៅ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូតបន្ថែមថា អាជីវកម្មប៉ាគីស្ថានជាច្រើនបានចាប់អារម្មណ៍លើទីផ្សារវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងចង់ តភ្ជាប់រវាងមូលដ្ឋាននិងធុរកិច្ចនានានៃប្រទេសទាំងពីរ ផ្សព្វផ្សាយវប្បធម៌ ប្រទេស ប្រជាជន ទេសភាពនិងបេតិកភណ្ឌដ៏ល្បីល្បាញរបស់ប្រទេសមួយក្នុងប្រទេសមួយទៀត៕

បកប្រែដោយ Thanh Cong