យោងតាមលោកឯកអគ្គរដ្ឋទូត Dang Minh Khoi នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin នៅវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីក្នុងគោលបំណងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធរុស្ស៊ី និងត្រៀមរៀបចំសម្រាប់សកម្មភាពសំខាន់ៗនៃទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ ២០២៥ ដែលបានបង្ហាញតាមរយៈចំណុចដូចតទៅ៖

ទីមួយ ដំណើរទស្សនកិច្ចនេះបង្ហាញថា ប្រទេសទាំងពីរយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រុស្ស៊ីអះអាងថា វៀតណាមជាដៃគូគួរឲ្យទុកចិត្ដ ជាអាទិភាពសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ប្រទេសនេះ ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ នៅក្នុងឆ្នាំ ២០២៤ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានធ្វើទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិថ្មី។ រីឯខ្លួនវិញ  វៀតណាមតែងតែចាត់ទុករុស្ស៊ីជាអាទិភាពមួយក្នុងកិច្ចការបរទេសកំពូលរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស BRICS នៅទីក្រុង Kazan នាខែតុលា ឆ្នាំ២០២៤ ហើយលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីក្នុងខែកញ្ញា ឆ្នាំ២០២៤។

leftcenterrightdel
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ី (រូបថត៖ vnanet.vn)

ទីពីរ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅមុននឹងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងរុស្ស៊ី (៣០ មករា ១៩៥០ - ៣០ មករា ២០២៥)។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-រុស្ស៊ី។ ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក លោកប្រធានហូជីមិញបានទៅបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅសហភាពសូវៀត (រុស្ស៊ីសព្វថ្ងៃ) ហើយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើកដំបូង (ខែកក្កដា ឆ្នាំ ១៩៥៥)។ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកគឺជាដំណើរដ៏វែងឆ្ងាយជាមួយនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ប៉ុន្តែក៏មានសមិទ្ធិផលជាមោទនភាពជាច្រើនផងដែរ។

ទី៣ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ ២០២៥ ដើម្បីជំរុញការអនុវត្តទិសដៅសំខាន់ៗ និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសវៀតណាម (ខែមិថុនា ឆ្នាំ ២០២៤) ការសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ជាមួយលោកប្រធានាធិបតី ពូទីន (ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤)។

លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរក្នុងការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជួបពិភាក្សា ឯកភាពគ្នាលើបញ្ហាសំខាន់ៗ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ពេលអនាគត ព្រមទាំងកំណត់កាន់តែច្បាស់នូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការចាប់ពីសេដ្ឋកិច្ច រហូតដល់ពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អប់រំ វប្បធម៌ ការពារជាតិ និងសន្តិសុខ។

ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យឡើងវិញ ពិភាក្សា និងស្វែងរកដំណោះស្រាយសម្រាប់ឧបសគ្គក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរក្នុងវិស័យថាមពល ឧស្សាហកម្ម... លើកវិធានការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល បង្កើតកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងទ្វេភាគី។

អំពីការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរនាពេលកន្លងមក និងសារៈសំខាន់នៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់សម្រាប់ទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានគូសបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំនៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ដោយផ្តល់ឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីទិសដៅ និងគោលដៅយុទ្ធសាស្ត្រសំខាន់នៃទំនាក់ទំនងទ្វេភាគី និងដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងទំនាក់ទំនងទ្វេភាគី ដោយសារការប្តេជ្ញាចិត្តនយោបាយ និងការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតាមរយៈដំណើរទស្សនកិច្ច។

កិច្ចសហប្រតិបត្តិការវៀតណាម - សហព័ន្ធរុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបង្ហាញថា នេះកាន់តែមានអត្ថន័យ ជាពិសេសក្នុងបរិបទដែលពិភពលោក និងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ រួមចំណែកពង្រឹងទំនុកចិត្តនយោបាយ និងបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរជំនះពុះពារការលំបាកទាំងក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោកឯកអគ្គរដ្ឋទូតបានលើកច្បាស់ថែមទៀតថា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៤ ត្រូវបានជំរុញយ៉ាងខ្លាំងជាមួយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ពូទីន នៅវៀតណាម (ខែមិថុនា) ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស BRICS (ខែ តុលា) និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី (ខែកញ្ញា) និងការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ។ អាចនិយាយបានថា ជំនួបដោយផ្ទាល់ និងការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានដើរតួនាទីនាំមុខ និងតម្រង់ទិសក្នុងទំនាក់ទំនងទ្វេភាគី។

យោងតាមលោកឯកអគ្គរដ្ឋទូត Dang Minh Khoi ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mishustin ទៅកាន់វៀតណាមបានផ្ញើសារអំពីការបន្តនិន្នាការវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ជាមួយជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធរុស្ស៊ី បង្កើនកិច្ចសហប្រតិបត្តិការ និងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍន៍ក្នុងប្រទេសនីមួយៗ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ដំណើររយៈពេល ៧៥ ឆ្នាំ កន្លងមក បានបង្ហាញដំណាក់កាលអភិវឌ្ឍផ្សេងៗនៃទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី។ ឆ្នាំ ១៩៩៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើ “សន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហព័ន្ធរុស្ស៊ី” បង្កើតក្របខ័ណ្ឌច្បាប់ថ្មីសម្រាប់ទំនាក់ទំនងវៀតណាម - រុស្ស៊ី។

ឆ្នាំ ២០០១ វៀតណាម និងរុស្ស៊ី បានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ឆ្នាំ ២០១២ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សមិទ្ធិផលទាំងឡាយដែលសម្រេចបានក្នុងដំណាក់កាលនីមួយៗបានបង្កើតមូលដ្ឋានសម្រាប់ជំហានអភិវឌ្ឍន៍កាន់តែខ្ពស់នៅដំណាក់កាលបន្ទាប់។ ទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលទទួលបានពីកិច្ចសហប្រតិបត្តិការរយៈពេល ៧៥ ឆ្នាំ កន្លងមក គឺជាចំណងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តខាងនយោបាយខ្ពស់។ នេះនឹងជាដំណើរការសម្រាប់ប្រទេសទាំងពីរឈានចូលដំណាក់កាលថ្មី។

វៀតណាមកំពុងឈានចូលយុគសម័យថ្មី  យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ប្រទេសរុស្ស៊ីក៏បានឆ្លងកាត់ជិតមួយភាគបួននៃសតវត្សជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ឆ្លងកាត់បញ្ហាប្រឈមជាច្រើន និងសម្រេចបាននូវគោលដៅសំខាន់ៗ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍បន្តបន្ទាប់។ ចំពោះមុខព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានជ្រើសរើសបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពលើគ្រប់វិស័យ ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យសក្ដិសមជាមួយនឹងទំនាក់ទំនងនយោបាយ។ ប្រការនេះឆ្លើយតបនឹងសេចក្តីប្រាថ្នា និងផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។

យោងតាមលោកឯកអគ្គរដ្ឋទូត Dang Minh Khoi ទំនាក់ទំនងវៀតណាម - រុស្ស៊ីមានសក្ដានុពលពេញលេញ​​ និងឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា និងស៊ីជម្រៅ រួមទាំងយន្តការសហប្រតិបត្តិការទ្វេភាគីដូចជា គណៈកម្មាធិការអន្តរសភា និងគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ បច្ចេកទេស គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា និងគណៈកម្មការស្តីពីកិច្ចសហប្រតិបត្តិការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងដើរតួនាទីយ៉ាងសកម្ម។ ជាមួយនឹងឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រជាជននៃប្រទេសទាំងពីរនោះ ឆ្នាំ ២០២៥ នឹងចាប់ផ្ដើមដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

ឈានចូលឆ្នាំរំលឹកអនុស្សាវរីយ៍ដ៏មានអត្ថន័យនេះ ស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ីបាននិងកំពុងអនុវត្តសកម្មភាពជាច្រើន ដោយផ្តោតសំខាន់លើការរំលឹក អនុស្សាវរីយ៍ និងលើកតម្កើងលោកប្រធានហូជីមិញនៅសហព័ន្ធរុស្ស៊ី និងសហការជាមួយសម្ព័ន្ធអង្គការជនជាតិវៀតណាមប្រចាំនៅរុស្ស៊ី សមាគមមិត្តភាពរុស្ស៊ី-វៀតណាមរៀបចំសកម្មភាពមិត្តភាពជាច្រើនដើម្បីអប់រំយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងប្រទេសទាំងពីរ និងភាពចាំបាច់នៃការថែរក្សា និងរួមដៃគ្នាដើម្បីជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីឱ្យក្លាយទៅជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ។

លើសពីនេះ ស្ថានទូតវៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម និងរុស្ស៊ី ដើម្បីរៀបចំសកម្មភាពរំលឹកអនុស្សាវរីយ៍ ដូចជា ផ្ញើសារអបអរសាទររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រៀបចំពិធីរំលឹកអនុស្សាវរីយ៍ជាផ្លូវការ។ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន តាមរយៈការ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ និងចូលរួមរៀបចំកិច្ចប្រជុំធុរកិច្ច ព្រឹត្តិការណ៍វប្បធម៌ ពិព័រណ៍រូបថត សិក្ខាសាលា សន្និសីទវិទ្យាសាស្ត្រ ...

សកម្មភាពរំលឹកអនុស្សាវរីយ៍បានបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណី និងការជឿទុកចិត្តខាងនយោបាយដែលបានកសាងឡើងក្នុងប៉ុន្មានឆ្នាំដ៏លំបាកនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាម និងរុស្ស៊ី  ជំរុញកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលស្ថានភាពអន្តរជាតិកំពុងមានការរវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគ្រស្មាញ និងមិនអាចទាយទុកជាមុនបានដូចសព្វថ្ងៃនេះឡើយ៕

បកប្រែដោយ Pham Diep