ផ្សព្វផ្សាយអំពីរូបភាពនៃប្រទេសវៀតណាមមួយដែលកំពុងឈានទៅមុខ
កប.អនឡាញ - នាថ្ងៃទី ១៤ ខែមករា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំជំនួបប្រចាំឆ្នាំជាមួយទីភ្នាក់ងារសារព័ត៌មានដោយមានការចូលរួមពីថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនដែលទទួលបន្ទុកផ្ដល់ព័ត៌មានអំពីកិច្ចការបរទេស។
តាងនាមថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងការបរទេស លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មាននៅឆ្នាំ ២០២៤ ក្នុងការផ្សព្វផ្សាយអំពីរូបភាពវៀតណាម ចូលរួមចំណែកលើកកំពស់តួនាទី និងអំណាចទន់របស់ប្រទេស។ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៥ ព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសនឹងប្រព្រឹត្តទៅដូចជា ខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម ខួបលើកទី ១៣៥ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ និងខួបលើកទី ៨០ នៃការបង្កើតប្រទេស ខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ខួបលើកទី ៨០ នៃការបង្កើតផ្នែកការបរទេសវៀតណាម... នេះក៏ជាឆ្នាំមានសកម្មភាពកិច្ចការបរទេសទ្វេភាគី និងពហុភាគីសំខាន់ៗ ក្នុងនោះ វៀតណាមរៀបចំវេទិកាអនាគតអាស៊ានលើកទី២ កិច្ចប្រជុំកំពូលស្ដីពីភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)...
|
|
លោក Bui Thanh Son និងប្រតិភូដែលចូលរួមជំនួប ថតរូបជាមួយគ្នា |
លោក Bui Thanh Son បានថ្លែងថា កាលពីឆ្នាំមុន រួមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងក្រសួងការបរទេស ជាមួយស្ថាប័ន ក្រសួង មូលដ្ឋាន និងទីភ្នាក់ងារសារព័ត៌មាន វៀតណាមមានសន្ទុះដ៏ល្អឥតខ្ចោះ ដើម្បីឈានចូលសម័យថ្មី - សម័យឈានទៅមុខរបស់ប្រទេសជាតិ កសាងប្រទេសវៀតណាមសង្គមនិយមដោយជោគជ័យប្រជាជនសម្បូរធូធា ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ លោក Bui Thanh Son ជឿជាក់ថា យើងនឹងលើកកំពស់អំណាចទន់របស់ប្រជាជាតិវៀតណាមឲ្យកាន់តែប្រសើរឡើង ផ្សព្វផ្សាយរូបភាពនៃប្រទេសដែលកំពុងទៅឈានមុខ មិនត្រឹមតែកៀរគរធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់វៀតណាមជាមួយពិភពលោក ពូនជ្រំមិត្តភាពជាមួយបណ្ដាប្រជាជាតិ លើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិទៀតផង។
ក្នុងឱកាសនេះ លោក Bui Thanh Son បានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការបរទេស ដល់សមូហភាព និងបុគ្គលដែលបានរួមចំណែកជាវិជ្ជមាន និងសមិទ្ធិផលក្នុងការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសក្នុងឆ្នាំ២០២៤ រួមទាំងសមូហភាពមួយ និងបុគ្គលពីររូបនៃកាសែតកងទ័ពប្រជាជន៕
បកប្រែដោយ Thuy Anh