ជំរុញទំនាក់ទំនងរវាងវៀតណាមឈីលី និងប៉េរូ អះអាងការរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះ APEC
កប.អនឡាញ - ក្នុងឱកាស លោក Luong Cuong ប្រធានរដ្ឋវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា; បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលសប្តាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៤ នៅទីក្រុងលីម៉ា (ប៉េរូ) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ។
អ្នកយកព័ត៌មាន (PV)៖ សូមលោកស្រីអនុរដ្ឋមន្ត្រីប្រាប់ឲ្យដឹងអំពីគោលបំណង អត្ថន័យ និងសារៈសំខាន់ នៃដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម?
លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang៖ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ លោក Luong Cuong ប្រធានរដ្ឋវៀតណាម ក្នុងមុខតំណែងថ្មី ដោយមានអត្ថន័យពិសេស និងសារៈសំខាន់ទាំងទ្វេភាគី និងពហុភាគី។
សម្រប់ក្របខ័ណ្ឌទ្វេភាគី ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ ទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងវៀតណាមជាមួយប្រទេសទាំងពីរ ក៏ដូចជាជំរុញទំនាក់ទំនងវៀតណាមជាមួយតំបន់អាមេរិកឡាទីនផង។ ក្នុងពេលជាមួយគ្នានេះ ពង្រឹងការសម្របសម្រួលជាមួយប្រទេសដទៃទៀត ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។
|
|
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
សម្រាប់ប្រទេសឈីលី នេះគឺជាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមក្រោយរយៈពេល ១៥ ឆ្នាំ ត្រូវចំនឹងឱកាសរំលឹកខួបលើកទី ៥៥ នៃជំនួបជាប្រវត្តិសាស្ត្ររវាងលោកលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Salvador Allende ជាព្រឹត្តិការណ៍ដែលបានដាក់គ្រឹះសម្រាប់ប្រទេសឈីលីក្លាយទៅជា ប្រទេសទីមួយនៅអាមេរិកខាងត្បូង បង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ នៅលើមូលដ្ឋាននោះ ទំនាក់ទំនងវៀតណាម-ឈីលីបាននិងកំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមាន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលជាងមួយទស្សវត្សរ៍បានកើនឡើងបួនដង ដោយសម្រេចបាន ១.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ បច្ចុប្បន្ននេះ ឈីលីគឺជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាមនៅក្នុងតំបន់។ គឺជាប្រទេសអាមេរិកឡាទីនដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម (២០១៤)។ អាស្រ័យលើនេះ ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវ “ភាពរស់រវើកថ្មី” ដល់ទំនាក់ទំនងវៀតណាម-ឈីលី ជាពិសេសលើវិស័យដែលភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។
សម្រាប់ប្រទេសប៉េរូ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋវៀតណាម។ ប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនោះ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ រួមចំណែកក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសទាំងពីរ និងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល និងមានគោលបំណងនាំទំនាក់ទំនងទៅកម្រិតថ្មី។ បច្ចុប្បន្ន ប្រទេសប៉េរូគឺជាប្រទេសដែលមានដើមទុនវិនិយោគផ្ទាល់ច្រើនជាងគេពីវៀតណាមនៅអាមេរិកឡាទីន។ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់វៀតណាមនៅក្នុងតំបន់ ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប៉េរូក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ នឹងសម្រេចបានជិត ៥០០ លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ សម្រេចបានជិត ៣០០ លានដុល្លារ។
លើសពីនេះ ការចូលរួមក្នុងសប្តាហ៍កំពូលនៃវេទិកាកិច្ចប្រជុំកំពូល APEC គឺជាឱកាសមួយសម្រាប់លោកប្រធានរដ្ឋជួបប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំ APEC រួមទាំងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាមជាច្រើន រួមចំណែកធ្វើឲ្យទំនាក់ទំនងជាមួយសមាជិក APEC កាន់តែស៊ីជម្រៅថែមទៀត។
សម្រាប់ក្របខ័ណ្ឌពហុភាគី ការដែលលោកប្រធានរដ្ឋអញ្ជើញចូលរួមសប្តាហ៍កំពូលនៃវេទិការកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ ស្របពេលនឹងខួបលើកទី ៣៥ នៃការបង្កើតវេទិកានេះ ដោយបន្តអះអាងនូវការរួមចំណែកប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងសកលលោក ជាពិសេសជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បង្កើតសន្ទុះថ្មីសម្រាប់កំណើនក្នុងតំបន់ បន្តពង្រឹងតួនាទីរបស់ APEC ជាវេទិកាសេដ្ឋកិច្ចឈានមុខគេ ដែលប្រមូលផ្តុំ ៣/៥ ខឿនសេដ្ឋកិច្ចធំជាងគេលើពិភពលោកបាន ស្មើនឹង ៧៧% នៃពាណិជ្ជកម្ម និង ៨១% នៃការវិនិយោគផ្ទាល់ពីបរទេស និង ៨៥% នៃភ្ញៀវទេសចរណ៍មកវៀតណាម។ ក្នុងនាមជាម្ចាស់ផ្ទះនៃឆ្នាំ APEC ឆ្នាំ ២០២៧ នេះក៏ជាឱកាសសម្រាប់វៀតណាមជំរុញការអនុវត្តចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០ ដែលប្រទេសវៀតណាមបានផ្តួចផ្តើម និងចូលរួមកសាងជាមួយសមាជិកតាំងពីឆ្នាំ ២០១៧ មក។
អាចបញ្ជាក់បានថា ការអញ្ជើញចូលរួមសប្តាហ៍កំពូលនៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ និងដំណើរទស្សនកិច្ចជាផ្លូវការនៅ ឈីលី និងប៉េរូ គឺជាជំហានសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសប្រកបដោយស្ថិរភាព និងពហុភាគីភាវូបនីយកម្មរបស់វៀតណាម ជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ បង្កើតកម្លាំងជំរុញថ្មីដើម្បីនាំភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ស៊ីលី និងកិច្ចសហប្រតិបត្តិការពហុភាគីវៀតណាម - ប៉េរូ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីប្រកបដោយថាមពល ជាក់ស្តែង និងមានប្រសិទ្ធភាពជាង ហើយទន្ទឹមនឹងនោះ បានបញ្ជាក់អំពីតួនាទីរបស់វៀតណាមក្នុងអាស៊ី-ប៉ាស៊ីហ្វិក និងនៅលើពិភពលោក។
អ្នកយកព័ត៌មាន៖ សូមអរគុណ